បរទេស៖ ម្ទេសត្រូវបានគេចាត់ថា ជាបន្លែដ៏មានអត្ថប្រយោជន៍ សម្រាប់សុខភាព ព្រោះវាអាចជួយបំបាត់ និងបង្ការនូវលក្ខខណ្ឌ ជំងឺជាច្រើនប្រភេទ។ សមាសភាគដ៏សំខាន់ ក្នុងម្ទេស មានផ្ទុកនូវសារធាតុគីមី ម៉្យាង ហៅថា Capsaicin ដែលមានទំនួលដល់ ការបង្កើនកំដៅដ៏ខ្លាំងក្លាក្នុងអារម្មណ៍។
ក្រុមអ្នកស្រាវជ្រាវពី សកលវិទ្យាល័យ Tasmania របស់ប្រទេសអូស្ត្រាលី បានរកឃើញថា ការបរិភោគម្ទេស អាចផ្ដល់ផលវិជ្ជមាន ដល់សុខភាព ជាពិសេសចំពោះអ្នកលើសទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែម។ ការសិក្សាក៏ឲ្យដឹងថែមទៀត ដែរថា ជាធម្មតាការបរិភោគម្ទេស អាចជួយដល់ការគ្រប់គ្រងកម្រិតជាតិ អាំងស៊ុយលីក្នុងខ្លួន បានយ៉ាងមាន ប្រសិទ្ធភាព បន្ទាប់ពីការបរិភោគ អាហាររួច។
បើតាមទិន្នន័យពិតប្រាកដ ដែលពួកគេប្រមូល បានអាចបង្ហាញថា បន្ទាប់ពីការបរិភោគម្ទេសរួច គឺអាចធ្វើឲ្យបរិមាណ នៃជាតិអាំងស៊ុយលី ត្រូវបានកាត់បន្ថយដោយសារ កម្រិតជាតិស្ករក្នុងឈាម ថយចុះរហូតដល់ចំនួន ៦០ ភាគរយឯណ្ណោះ។ លើសពីនេះទៅទៀត ការបរិភោគម្ទេសជារៀងរាល់ថ្ងៃ ថែមទាំងជួយធ្វើឲ្យ ឈាមរត់បានស្រួល និងជួយបង្ការជំងឺ ដាច់សរសៃឈាមខួរក្បាលទៀតផង។
បន្ថែមពីនេះ សារជាតិ Capsaicin ក្នុងម្ទេសត្រូវបានគេដឹងថា មានផ្ទុកនូវជាតិ ប្រូតេអ៊ីន Neuropeptide ដែលអាចជួយបំបាត់ ភាពឈឺចាប់ និងកាត់បន្ថយការរលាក ថែមទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល