កូរ៉េខាងជើង ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយ
ដោយគេហទំព័រសារព័ត៌មានបរទេស CNN កាលពីវេលាល្ងាចម្សិលមិញនេះ បានគូស
បញ្ជាក់អោយដឹងថា កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ កូរ៉េខាងជើង បានធ្វើការសាកល្បង
បាញ់ម៉ីស៊ីល ក្នុងរយៈចម្ងាយខ្លី ជាលើកទី ៤ របស់ខ្លួន ចូលទៅក្នុងសមុទ្រជប៉ុន (Sea of
Japan) ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមផងដែរថា កាលពីថ្ងៃសៅរ៍
កន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងម៉ីស៊ីល ៣ ក្នុងរយៈចម្ងាយខ្លី ចូលទៅក្នុង
សមុទ្រភាគខាងកើត នៃឧបទ្វីបកូរ៉េ។
យ៉ាងណាមិញ បើយោងតាមសម្តីមន្ត្រីយោធា អោយដឹងថា ការបាញ់សាកល្បងម៉ីស៊ីល
ក្នុងរយៈចម្ងាយខ្លី ចូលទៅក្នុងសមុទ្រលើកនេះ គឺវាមានចម្ងាយសមល្មមពីដែនទឹករបស់
កូរ៉េខាងត្បូង។
ទន្ទឹមនឹងនេះ បើយោងតាមប្រភពសារព័ត៌មាន Yonhap បញ្ជាក់ថា កូរ៉េខាងត្បូងក៏កំពុង
ធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើសកម្មភាពមិនប្រក្រតីណាមួយរបស់កូរ៉េ
ខាងជើង ដោយមានការរក្សាបាននូវកម្រិតខ្ពស់ នៃការត្រៀមខ្លួនក្នុងការដោះស្រាយទៅ
នឹងស្ថានការណ៍ប្រឈមណាមួយ ដែលអាចកើតឡើងជាយថាហេតុ។
គួររំឭកផងដែរថា បើយោងតាមសមាគមត្រួតពិនិត្យសព្វាវុធសហរដ្ឋអាមេរិកArms Con-
trol Association ការបាញ់ម៉ីស៊ីលក្នុងរយៈចម្ងាយខ្លី ត្រូវបានចាត់ និងកំណត់ជាទូទៅថា
មានរយៈចម្ងាយតិចជាង ១០០០ គីឡូម៉ែត្រ។ គួរបញ្ជាក់ផងដែរថា ស្ថានការណ៍នៅឧប
ទ្វីបកូរ៉េ បានធូរស្រាលបន្តិច ក្នុងរយៈពេលមួយខែចុងក្រោយនេះបន្ទាប់ពីមានការគំរាម
គំហែងកាលពីពេលកន្លងទៅ ដែលអាចនឹងកើតមានឡើងនូវសង្រ្គាមក៏ថាបាន៕
ដោយ ៖ រិទ្ធី
ប្រភព ៖ cnn