ចិនបាននិយាយថា ខ្លួនមានភាពតក់ស្លត់ ក្រោយពីសហរដ្ឋអាមេរិក បានប្រកាសពន្ធគយថ្មី ដោយធ្វើឱ្យកំសួលសង្រ្គាមពាណិជ្ជកម្មនៃប្រទេសទាំងពីរ កាន់តែពុះកញ្រ្ជោលខ្លាំងឡើង។
សហរដ្ឋអាមេរិក បានកត់ត្រាទុកទំនិញចិនបន្ថែមទៀត ដែលមានតម្លៃ ២០០ ពាន់លានដុល្លារអាមេរិក ដែលខ្លួន មានបំណងនឹងយកពន្ធឱ្យបានឆាប់ ក្នុងខែកញ្ញា។
ចលនានេះ កើតឡើងត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីប្រទេសទាំងពីរ បានដាក់ពន្ធគយទៅលើទំនិញគ្នាទៅវិញទៅមក ក្នុងតម្លៃ ៣៤ ពាន់លានដុល្លារអាមេរិក។
ក្រុងប៉េកាំងបានចាត់ទុកថា ការគំរាមកំហែងចុងក្រោយរបស់ក្រុងវ៉ាស៊ីងតោន គឺជាទង្វើទទួលយកមិនបានទាល់តែសោះ ដោយនិយាយថា អាមេរិកនឹងធ្វើឱ្យប៉ះពាល់ដល់ពិភពលោក។
អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងរបាយការណ៍មួយថា៖”អាកប្បកិរិយារបស់អាមេរិក គឺបង្កការឈឺចាប់ដល់ចិន ពិភពលោក និងប្រទេសខ្លួនឯង”។ បញ្ជីនោះ បានកត់ត្រាឈ្មោះមុខទំនិញ ៦,០០០ មុខដោយរួមបញ្ចូលទាំងផលិតផលម្ហូបអាហារ សារធាតុរ៉ែ និងទំនិញប្រើប្រាស់ជាច្រើនមុខទៀតដូចជា កាបូបជាដើម។
សាធារណជន មានឱកាសសម្ដែងមតិលើបញ្ជីទំនិញនោះរហូតដល់ចុងខែ សីហា មុនពេលពន្ធគយថ្មី ១០% បន្ថែមទៀតចូលជាធរមាន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ ប៊ីប៊ីសុី