CamNews

តារា 

តារាសម្ដែងបារំាងនាង «Marion Cotillard» ទាត់ចោលពាក្យចោទ ថាខ្លួនជាដើមចមនៃការបែកបាក់ ក្រុមគ្រួសារ Angel

(អាមេរិក)៖ តារាសម្ដែងបារំាងមួយរូប នាង Marion Cotillard បានបដិសេធ ថានាងមិនមាន ជាប់ពាក់ព័ន្ធអ្វីឡើយ ជុំវិញការសម្រេចចិត្តចែកផ្លូវគ្នា​រវាងនាង Angelina Jolie និង លោក Brad Pitt ហើយនាងក៏សង្ឃឹមដែរថា អ្នកទំាងពីរនេះនឹងអាចស្វែងរកសន្តិភាពនឹងគ្នា ខណៈរូបនាងបានអះអាង ថាខ្លួនកំពុងមានផ្ទៃពោះ​ជាមួយនឹងគូស្នេហ៍។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។

ការចេញមុខបកស្រាយ របស់នាង Marion Cotillard ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅបន្ទាប់ពីតារាសម្ដែង ហូលីវូត នាង Angelina Jolie បានដាក់ពាក្យប្ដឹងសុំលែងលះ​ពីលោក Brad Pitt ក្រោមហេតុផល រស់នៅមិន ចុះសម្រុងនឹងគ្នា និង ដើម្បីជាការឆ្លើយតបទៅនឹង​ពាក្យចចាមអារ៉ាម ដែលថារូបនាង Marion Cotillard និង លោក Brad Pitt មានទំនាក់ទំនងស្នេហា​លួចលាក់នឹងគ្នា។

នាង Marion Cotillard មានអាយុ៤០ឆ្នាំ បាននិយាយ​នៅក្នុងសារមួយ ដែលត្រូវបានបង្ហោះនៅលើ Instagram ដោយសំដៅទៅលើតារាសម្ដែង​បារំាង លោក Guillaume Canet ថា «ពាក្យចចាមអារ៉ាម នៅក្នុងស្ថានភាពនេះ បានធ្វើឲ្យប៉ះពាល់ដល់​មនុស្សដែលខ្ញុំស្រឡាញ់ ហើយខ្ញុំត្រូវតែ និយាយ»។ នាង Marion បន្ថែមថា «កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបនឹងបុរសម្នាក់ នៅក្នុងជីវិតរបស់ខ្ញុំនោះគឺបុរសដែល ជាឪពុកកូនប្រុសរបស់យើង និង កូនដែលពួកយើងកំពុងទន្ទឹមរង់ចំា។ គាត់ជាបុរសតែម្នាក់ដែលខ្ញុំ ស្រឡាញ់ និងជាមិត្តដ៏ប្រសើរ​បំផុតសម្រាប់ខ្ញុំ ហើយក៏ជាមនុស្សប្រុសតែម្នាក់គត់​ដែលខ្ញុំត្រូវការ»។

គួរបញ្ជាក់ថា នាង Marion Cotillard និង លោក Brad Pitt នឹងត្រូវសម្ដែងរួមគ្នា​នៅក្នុងខ្សែភាពយន្ដមួយ មានចំណងជើងថា Allied ហើយក្រោយពីនោះមក ក៏មានពាក្យលេចឮ​ជាច្រើន ថាអ្នកទាំងពីរមាន លួចលាក់ស្នេហានឹងគ្នា ខណៈគូស្វាមីភរិយា Angelina Jolie កន្លងមកត្រូវបានគ្រប់គ្នាស្ញប់ស្ញែង​បំផុត ថា​រស់នៅដោយសុភមង្គល ដោយមានទាំង​ទ្រព្យសម្បត្តិ កិត្តិយស និង សុភមង្គល​ជាមួយកូនៗ៕

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង


Tags: Angelina Jolie