ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់
អោយដឹងថា មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត ខណៈច្រើននាក់ផ្សេងទៀតនៅតែបន្ត
បាត់ខ្លួន បន្ទាប់ពីមានគ្រោះថ្នាក់ដែនទឹក ក្នុងក្រុង Genoa ប្រទេសអ៊ីតាលី ខណៈកាប៉ាល់
ផ្ទុកទៅដោយកុងទ័រន័របុកជាមួយនឹងប៉មត្រួតបញ្ជាការ (Control Tower)នៅកំពង់ផែមួយ
នេះ។
គួរបញ្ជាក់ផងដែរថា ក្រុមមន្រ្តីជំនាញក៏កំពុងតែចេញប្រតិបត្តិ ការរុករកអ្នកដែលរស់រាន
មានជីវិត ដោយធ្វើការមុជរុករកក្រោមទឹក ផ្តុំកន្លែងកើតហេតុ ។ គេជឿថា មនុស្ស ១៣
នាក់ បានស្ថិតនៅក្នុងបរិវេណនៃកន្លែងកើតហេតុ បន្ទាប់ពី ៣ នាក់ ត្រូវបានសម្លាប់ និង
១០ នាក់ផ្សេងទៀត បានបន្តបាត់ខ្លួន។
យ៉ាងណាមិញ បើយោងតាមសម្តីបុគ្គលិកក្រុមហ៊ុន Messina Line company ដែលមាន
មូលដ្ឋាននៅកំពង់ផែក្រុង Genoa និងជាម្ចាស់នាវានេះ បានអោយដឹងថា សោកនាដកម្ម
នេះ បានកើតឡើងនៅពេលដែលនាវាចាកចេញពីកំពង់ផែ តែមិនដឹងជាមានមូលហេតុ
អ្វីច្បាស់នោះទេ ដែលបានបណ្តាលអោយកើតមានឡើងនូវរឿងដូច្នេះ។
លើសពីនេះ ក៏មានការបញ្ជាក់អះអាង ពីម្ចាស់នាវាផ្ទាល់ផងដែរ គឺលោក Stefano
Messina ដោយបានបញ្ជាក់ថា យើងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានទទួល
ព័ត៌មានថា បានកើតមានឡើងនូវសោកនាដកម្មមួយនេះ ដែលកាលពីពេលកន្លងមក
មិនដែលធ្លាប់ជួបប្រទះនោះទេ ហើយយើងពិតជាអស់សង្ឃឹមជាខ្លាំង។
ដោយឡែក បើនិយាយពីអ្នកបើកបរកាប៉ាល់រូបនេះវិញ ត្រូវបានចាប់ឃាត់ខ្លួន និងរងការ
សាកសួរព័ត៌មានលំអិតពីមន្រ្តីជំនាញ។ គួររំឭកផងដែរថា កាប៉ាល់មួយនោះមានប្រវែង
បណ្តោយដល់ទៅ ២០០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ និង មានទម្ងន់ធ្ងន់ដល់ទៅ ៤០,៥០០
តោនឯណោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ