ការស្វែងរកអាហារឆ្ងាញ់ៗ មកទទួលទាន គឺជារឿងត្រូវធ្វើ នៅពេលអ្នកបានដើរលេងកម្សាន្ដនៅប្រទេសកូរ៉េ។ ប្រទេសកូរ៉េ គឺជាកន្លែងមួយ ដែលសម្បូរដោយមុខម្ហូបឆ្ងាញ់ៗ និងមានតម្លៃសមរម្យ ដែលនឹងធ្វើឱ្យអ្នកចង់វេចវាមកផ្ទះទៀតផង។ សូមកត់ចំណាំទុកនូវមុខម្ហូបពិសេសៗខាងក្រោម មុនពេលអ្នកធ្វើដំណើរកម្សាន្ដទៅប្រទេសកូរ៉េ។
(Tteokbokk-i)
ចាប់តាំងពីបង្កើតឡើង ក្នុងឆ្នាំ ១៩៥០ មុខម្ហូប Tteokbokk-I នេះ បានក្លាយជាមុខម្ហូបតាមដងផ្លូវដ៏ពេញនិយមបំផុតរបស់កូរ៉េ។ វាគឺជាអាហារសម្រន់ ដែលមានរសជាតិឆ្ងាញ់ពិសា ដែលមាននំអង្ករស្រួលទំពារ ប្រហិតសាច់ត្រី និងពងទាស្ងោរ ផ្សំជាមួយនឹងទឹកម្ទេសគួរឱ្យចង់ទទួលទាន។ អ្នក អាចរកបាននូវមុខម្ហូបនេះ នៅបារលក់អាហារសម្រន់ តូបលក់អាហារតាមដងផ្លូវ ឬនៅក្នុងភោជនីយដ្ឋាន។
(Soondae)
មុខម្ហូប Soondae របស់កូរ៉េ គឺជាសាច់ក្រកលាយឈាមដ៏ប្លែកមួយមុខ ដែលធ្វើឡើងពីពោះវៀនចំហុយញាត់សាច់ និងគ្រឿង។ គ្រឿងផ្សំ ដែលញាត់ក្នុងពោះវៀននោះ មានដូចជា សាច់ចិញ្ច្រាំ អង្ករ និងបន្លែ។ លោកអ្នកអាចរក Soondae ញ៉ាំបាន នៅឯតូបលក់អាហារតាមដងផ្លូវ ហើយវាគឺជាអាហារដ៏ឆ្ងាញ់អស្ចារ្យ ក្នុងការទទួលទាន ប្រសិនបើអ្នកកំពុងចង់ភ្លក្សរសជាតិអាហារថ្មី។
(Kalguksu)
គុយទាវ ដែលអ្នកគួរសាកភ្លក្ស នៅក្នុងប្រទេសកូរ៉េ គឺគុយទាវ Kalguksu។ ការលាយបញ្ចូលគ្នានូវទឹកស៊ុប និងគុយទាវធ្វើពីអង្ករស្រូវសាឡី ធ្វើឱ្យអាហារមួយមុខនេះ មានលក្ខណៈពិសេសសម្រាប់ទទួលទានជាអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ ប្រសិនបើអ្នកចូលចិត្ដទទួលទានគុយទាវ Kalguksu គឺជាជម្រើសដ៏ប្រសើរ។
Samgyetang
Samgyetang គឺជាស៊ុបមាន់យិនស៊ិនមួយប្រភេទ ដែលមានមាន់ក្រមុំទាំងមូលមួយក្បាល លាយជាមួយខ្ទឹមស អង្ករ ផ្លែពុទ្រា យិនស៊ិន និងគ្រឿងទេសល្អៗជាច្រើនមុខទៀត។ ស៊ុបក្ដៅនេះ គេពេញនិយមទទួលទាន អំឡុងរដូវក្ដៅនៅប្រទេសកូរ៉េ និងត្រូវបានគេជឿថា មុខម្ហូបមួយមុខនេះ ជំនួយដល់សុខភាព នៅពេលទទួលទាន ក្នុងទិវា Sambok របស់កូរ៉េ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Allkpop