ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច នរោត្តមសីហមុនី ព្រះប្រទានសញ្ជាតិខ្មែរ ជូនដល់ លោក Scott Neeson ស្ថាបនិក និងមូលនិធីកុមារកម្ពុជា (Cambodian Children's Fund) បន្ទាប់ពីលោកបានខិតខំជួយកុមារក្រីក្ររនៅតំបន់ចាក់សំរាមស្ទឹងមានជ័យ អស់ជាច្រើនឆ្នាំមកហើយនោះ។
ថ្លែងប្រាប់ភ្នាក់ងារយកព័ត៌មានរបស់អង្គភាព FRESH NEWS ក្នុងឱកាសបើកសម្ពោធភោជនីយដ្ឋាន Black Bambu ដែលជាផ្នែកមួយនៃអង្គការ មូលនិធិកុមារកម្ពុជា លោក Scott Neeson បាននិយាយថា «ខ្ញុំទើបតែទទួលបានសញ្ជាតិខ្មែរ ពីព្រះមហាក្សត្រនៃកម្ពុជា កាលពីពេលថ្មីៗនេះ។ ខ្ញុំបានចំណាយពេលជាង១០ឆ្នាំ ទើបទទួលបានសញ្ជាតិខ្មែរនេះ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំង វា (កម្ពុជា) ប្រៀបបាននឹងផ្ទះរបស់ខ្ញុំដែរ។ ឆាប់ៗខាងមុខនេះ ខ្ញុំនឹងទទួលបានលិខិតឆ្លងដែន ដូចបងបង្អូនជនជាតិខ្មែរដែរ»។
បើតាមការបញ្ជាក់របស់ លោក Scott Neeson ជារៀងរាល់ឆ្នាំមូលនិធិកុមារកម្ពុជា ត្រូវចំណាយថវិកាប្រមាណ ១០លានដុល្លារ សម្រាប់ជូនដល់កុមារក្រីក្រនៅកម្ពុជា ហើយជំនួយទាំងនោះ បានពីការផ្តល់ជំនួនឯកជន (មិនមែនរដ្ឋភិបាល) មានដូចជា អ៉ីតាលី អឺរ៉ុប ហុងកុង អូស្ត្រាលី អាម៉េរិក ជាដើម។
ប្រវត្តិរូបសង្ខេប របស់ លោក Scott Neeson
Scott Neeson គឺជាផលិតករភាពយន្តជនជាតិស្កុតឡែន កាត់អូស្រ្តាលី បានប្រែក្លាយខ្លួនជាអ្នកស្រឡាញ់មនុស្សជាតិ ហើយជានាយកប្រតិបត្តិ នៃមូលនិធិកុមារកម្ពុជា (Cambodian Children's Fund) ផងដែរ។ លោក Scott Neeson កើតនៅរដ្ឋធានី Edinburgh ប្រទេសស្កុតឡែន នៅវ័យ៥ឆ្នាំ លោក និងក្រុមគ្រួសារ បានផ្លាស់ប្តូរមករស់នៅប្រទេសអូស្រ្តាលី។
ជីវិត និងការងារដំបូង
លោកបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនមួយ ក្នុងទីក្រុង Elizabeth ជាទីក្រុងឧស្សាហ៍កម្មមួយ ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសអូស្រ្តាលី ដោយមិនបានបញ្ចប់ការសិក្សាវិទ្យាល័យនោះទេ។ តួនាទីរបស់លោក គឺជាអ្នកដឹកជញ្ជូនប័ណ្ណភាពយន្ត សម្រាប់ក្រុមហ៊ុនមួយ ដោយនេះគឺជាអ្វីដែលធ្វើឲ្យលោក ជោគជ័យក្នុងឱកាសការងារ នៅក្នុងពាណិជ្ជកម្មភាពយន្តរបស់គាត់។លោកបានឡើងឋានៈយ៉ាងលឿន នៅក្នុងវិស័យឧស្សាហ៍កម្មភាពយន្ត នៅក្នុងប្រទេសអូស្ត្រាលី ហើយរហូតដល់ឆ្នាំ១៩៩៣ លោកបានទទួលតំណែង នៅក្នុងក្រុមហ៊ុនភាពយន្ត លំដាប់អន្តរជាតិ 20th Century Fox International នៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាម៉េរិក។
ការងារនៅក្នុងក្រុមហ៊ុន 20th Century Fox
លោក Neeson បានចំណាយពេលវេលា ១០ឆ្នាំ ដោយចុងក្រោយ លោកបានក្លាយជានាយកក្រុមហ៊ុនភាពយន្ត 20th Century Fox International ដោយបានដឹកនាំ និងចេញផ្សាយនូវ ខ្សែភាពយន្តល្បីៗ ជាច្រើនដូចជា ៖ Titanic, Braveheart, Independence Day, X-Men, the Star Wars និងខ្សែភាពយន្តដទៃទៀត ជាង១០០ផ្សេងទៀត។
ការងារនៅមូលនិធិកុមារកម្ពុជា (Cambodian Children's Fund)
នៅក្នុងឆ្នាំ២០០៣ លោក Neeson បានលាលែងតំណែងពីក្រុមហ៊ុន 20th Century Fox International ហើយបានចូលបម្រើការងារ នៅក្នុងក្រុមហ៊ុនភាពយន្ត Sony Pictures Entertainment ប៉ុន្តែមុនពេលលោកចូលមប្រើការងារ នៅក្រុមហ៊ុនថ្មីនេះ លោកបានឈប់សម្រាក ដើម្បីធ្វើការស្រាវជ្រាវខ្លីមួយ នៅទូទាំងតំបន់អាស៊ី។ Neeson បានរស់នៅក្នុងដំណើរជីវិត ដែលហៅថា ក្តីស្រមៃរបស់ប្រជាជនអាម៉េរិក ប៉ុន្តែលោកបានធ្វើដំណើរមក កាន់តំបន់ចាក់សំរាម នៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតពិតរបស់លោក។ ជីវិតរបស់លោក Neeson បានផ្លាស់ប្តូរនៅតំបន់ស្ទឹងមានជ័យ ជាកន្លែងចាក់សំរាម ពោរពេញដោយជាតិពុល នៅរាជធានីភ្នំពេញ។ ស្ទឹងមានជ័យ គឺជាទីក្រុងសំរាម ប៉ុន្តែវាជាផ្ទះសម្រាប់កុមារក្រីក្រ ជាច្រើនរាប់មិនអស់ ភាគច្រើនជាក្មេងកំព្រា រស់នៅដោយពឹងផ្អែក លើការរើសអេតចាយ។
ដោយសារមើលឃើញស្ថានភាពកុមារកំព្រា ក្រីក្រនៅតំបន់ស្ទឹងមានជ័យនេះ លោក Neeson បានចំណាយពេលដែលនៅសល់ ក្នុងឆ្នាំ២០០៣ នៃការឈប់សម្រាក នៅតំបន់អាស៊ីអាគ្នេយ៍ លោកបានសម្រេចបង្កើត មូលនិធិកុមារកម្ពុជា (CCF) នេះឡើង។ បន្ទាប់ពីបង្កើតមូលនិធិរួច លោកបានវិលត្រឡប់មកមាតុភូមិវិញ ដើម្បីចាប់ផ្តើមតួនាទីថ្មីរបស់ខ្លួន នៅក្នុងក្រុមហ៊ុនភាពយន្ត Sony Pictures Entertainment ប៉ុន្តែលោកបានធ្វើដំណើរជាប្រចាំខែ មកប្រទេសកម្ពុជា ដើម្បីបន្តកសាងនៅលើក្តីសុបិន្តនេះ។ ដោយឆ្នាំ ២០០៤ គាត់បានលាលែងពីការងារ នៅពិភពហូលីវូដ ដោយបានលក់ផ្ទះ, ទូក និងរថយន្ត ហើយបានជួលសមាជិកបុគ្គលិក ក្នុងស្រុកដំបូងរបស់គាត់ និងបានផ្លាស់ប្តូរមករស់នៅ ប្រទេសកម្ពុជា ដោយធ្វើជាស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិ CCF។
មូលនិធិ CCF ត្រូវបានបង្កើតឡើងដំបូង ក្នុងការផ្តល់ទីជម្រកសុវត្ថិភាព ដល់កុមារចំនួន៤៥នាក់ ដែលកំពុងត្រូវការតម្រូវការខ្លាំង។ អង្គការ CCF បានផ្តល់នូវការអប់រំ ការព្យាបាលវេជ្ជសាស្រ្ត និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់កុមារជាង ១,៥០០នាក់។ ជិតពីរភាគបីនៃកុមារទាំងនេះ នៅពេលដែលបានរស់នៅ និងបានធ្វើការលើគំនរសំរាម ស្ទឹងមានជ័យ មានស្ទើរតែ ៦៣ភាគរយ គឺជាស្រីវ័យក្មេង។ គំនរសំរាមនេះ ត្រូវបានផ្លាស់ប្តូរទីតាំងនៅឆ្នាំ២០០៩ ប៉ុន្តែក្រុមគ្រួសារទាំងនេះ នៅតែបន្តពឹងផ្អែកលើការប្រមាញ់សំរាម ជាមធ្យោបាយ នៃការរស់រានមានជីវិត។
រហូតមកដល់បច្ចុប្បន្ន លោក Neeson បាននឹងកំពុងបន្តធ្វើដំណើររៀងរាល់ល្ងាច ដើម្បីចុះសួរសុខទុក្ខប្រជាជន នៅជុំវិញតំបន់ស្ទឹងមានជ័យ ដើម្បីចង់ដឹងនូវអ្វីដែលពួកគេត្រូវការ និងបន្តតាមដានការសិក្សា របស់សិស្សនៅក្នុងតំបន់។ ចុះត្រួតពិនិត្យសាលា CCF និងជួយសម្រាលបន្ទុករបស់កុមារ ដែលបាននឹងបោះបង់ចោលការសិក្សា។
មូលនិធិ CCF មានសាលារណបចំនួន៣ និងមជ្ឈមណ្ឌលសហគមន៍ចំនួនមួយ បូកបន្ថែមនឹងមណ្ឌលវិជ្ជាជីវៈមួយ។ មជ្ឈមណ្ឌលសហគមន៍ CCF មានផ្តល់ថ្នាក់អប់រំ, ការមើលថែរក្សាសុខភាព, កម្មវិធីថែរក្សាសុខភាព ថ្នាក់មត្តេយ្យ, គ្លីនិកវេជ្ជសាស្ត្រឥតបង់ថ្លៃមួយ និងជម្រកសង្គ្រោះបន្ទាន់មួយ សម្រាប់ជនរងគ្រោះ ទទួលរងអំពើហិង្សាក្នុងតំបន់។
សម្រាប់ថ្នាក់សិក្សាវិជ្ជាជីវៈបន្ថែមទៀត មូលនិធិ CCF បានផ្តល់នូវការសិក្សាថ្នាក់សាកលវិទ្យាល័យ សម្រាប់សិស្សដែលមានសមត្ថភាព និងធ្វើការវិនិយោគ ក្នុងការអភិវឌ្ឍន៍ក្រុមមេដឹកនាំសម្រាប់ថ្ងៃស្អែក។ សិស្សវិទ្យាល័យ និងសាកលវិទ្យាល័យ របស់មូលនិធិ CCF បានបម្រើការជាជំនួយការ គ្រូបង្រៀនផងដែរ។
ពាន់រង្វាន់
នៅក្នុងឆ្នាំ២០០៧ លោក Quincy Jones បានប្រគល់ពាន់រង្វាន់ «Q Prize» ដល់លោក Neeson នៅក្នុងពិធីសម្ពោធសាលា Harvard School of Public Health ដោយទទួលស្គាល់ភាពដឹកនាំដ៏សាមញ្ញរបស់លោក ក្នុងការគាំទ្រ និងឧបត្តម្ភដល់កុមារ។ នៅក្នុងឆ្នាំដដែល CCF បានទទួលស្គាល់ពាន់រង្វាន់ Rex Foundation Bill Graham សម្រាប់ការបង្កើតទីជម្រកសម្រាប់កុមារកម្ពុជា ក្នុងការអភិវឌ្ឍន៍ខ្លួន និងការសិក្សា។ នៅក្នុងឆ្នាំ២០១៤ លោក Neeson ក្លាយជាបេក្ខប្រកួតផ្តាច់ព្រាត់ ពាន់រង្វាន់មនុស្សធម៌ Rotary International's The One ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល