Microsoft ចាញ់ក្ដីនៅតុលាការកំពូលប្រទេសអាមេរិក ជិត300លានដុល្លារ ពីបទរំលោភបំពានប្រកាសនីយប័ត្រតក្កកម្ម (ប័ណប៉ាតង់) របស់ក្រុមហ៊ុន i4i ដ៏តូចមួយនៅប្រទេសកាណាដា។
តាំងពីខែមិនា ឆ្នាំ2007ក្រុមហ៊ុន i4i បានប្ដឹងក្រុមហ៊ុន Microsoft ដោយសារតែក្រុមហ៊ុននេះ
បានអះអាងថា Microsoft ប្រើបច្ចេកវិទ្យាមួយរបស់ពួកគេក្នុងកម្មវិធី Microsoft's Word។
ហើយបច្ចេកវិទ្យានោះ គឺប្រើដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់កម្មវិធី Word2003
និងWord 2007។ តាំងពីមុន នៅតុលាការដំបូង Microsoft ក៏បានចាញ់ក្ដីម្ដងរួចមកហើយ។
តុលាការដំបូងបានតម្រូវឲ្យក្រុមហ៊ុននេះបង់ប្រាក់ពិន័យ និងត្រូវបញ្ឈប់ការប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅក្នុងកម្មវិធី Word តទៅទៀត។ ក៏ប៉ុន្តែ
Microsoft មិនបានយល់ព្រមទទួលយកសាលក្រម នេះទេដោយអះអាងថាតុលាការមិន
មាន ភស្ដុតាងគ្រប់គ្រាន់នោះទេ។ ខែសីហាឆ្នាំ2010 Microsoft បានសម្រេចចិត្តប្ដឹងទៅតុលាការបន្តទៅទៀត។ ប៉ុន្ដែនៅទីបំផុតតុលាការកំពូលក៏នៅតែតំកល់ទុកសាលក្រមរបស់តុលាការដំបូងដដែល ដោយបាននិយាយថា តុលាការដំបូងបានធ្វើបានច្បាស់លាស់
និងត្រឹមត្រូវតាមស្ដង់ដារហើយ។
ក្រោយពីចាញ់ក្ដីនៅតុលាការកំពូល ក្រុមហ៊ុន Microsoft បានចេញនូវសេចក្ដីថ្លែងការណ៍
ដែលបានលើកឡើងថា "ខណៈពេលដែលលទ្ធផលមិនដូចនឹងអ្វីដែលយើង (Microsoft)
រំពឹងទុក យើងនឹងនៅតែបន្តធ្វើការតស៊ូមតិបន្តទៅទៀត ដើម្បីផ្លាស់ប្ដូរនូវច្បាប់ដែលការ
ពារនូវការកេងប្រវ័ញ្ញក្នុង ប្រព័ន្ធប្រកាសនីយប័ត្រតក្កកម្ម"៕
ប្រភព៖ Daily Mail
ដោយ៖ ណាវី ។