បរទេស៖ ថ្ងៃសុក្រ ទី១៣ ដែលក្រុមបច្ចឹមប្រទេស ហៅថា ថ្ងៃស្លាប់ (Day of Death ) ឬក៏ថ្ងៃខ្មៅ ( Black Day) បាន មកដល់ទៀតហើយ គឺចំថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលថ្ងៃសុក្រ ទី១៣ នេះ ប៉ះ ៣ ដង ក្នុងឆ្នាំ២០១៥ នេះ ។
តាមប្រតិទិន បានបង្ហាញថា ឆ្នាំ២០១៥ មានថ្ងៃសុក្រ ទី១៣ ចំនួន ៣ដង គឺចំថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ថ្ងៃសុក្រ ទី១៣ ខែមីនា និងថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា នៅគ្រាដែលថ្ងៃសុក្រ ទី១៣ នេះ កម្រនឹងមានណាស់ ក្នុងមួយឆ្នាំៗ ពោលគឺអាចមាន តែពីរ ឬបីដងតែប៉ុណ្ណោះ ។ ក្រុមសាសនាគ្រឹស្ត មកពីបច្ចឹមប្រទេស តែងតែមានផ្នត់គំនិត មិនឲ្យតម្លៃចំពោះថ្ងៃសុក្រ ទី១៣ ព្រោះពួកគេមាន ជំនឿថា ជាថ្ងៃដែលព្រះយេស៊ូ ត្រូវគេយកទៅចងនឹងឈើឆ្កាង នាំសំណាងអាក្រក់ ដល់មនុស្សផងទាំងពួង ដែល ពួកគេ និយមហៅថា ថ្ងៃស៊យ ។
សម្រាប់ប្រទេសបារាំង នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ១៣០៧ ក្រុមប្រើកាំបិតជាច្រើនរយនាក់ ត្រូវបានចាប់ខ្លួន នៅប្រទេសបារាំង ដែលនាំឲ្យបារាំងមានជំនឿថា ថ្ងៃសុក្រ ទី១៣ ជាថ្ងៃស៊យ របស់ពួកគេ ។ សម្រាប់ប្រទេស អ៊ីតាលី វីរៈបុរស លោក Rossioni បានស្លាប់ចំ ថ្ងៃទីសុក្រ ទី១៣ ខែវិច្ឆិកា ដែលបានលាចាក លោកយ៉ាងអាលោះអាល័យ សម្រាប់ប្រជាជនអ៊ីតាលី បានកត់ត្រាទុកជាថ្ងៃអាក្រក់ សម្រាប់ពួកគេ ។ សម្រាប់ប្រទេសអេស្បាញវិញ ប្រជាជនអេស្បាញ ទាំងអស់ មិនចង់កើតបុត្រចំថ្ងៃសុក្រ ទី១៣ នោះទេ បើចំថ្ងៃនេះ ពួកគេនឹងមានវិធានការ វះកាត់យកកូនមុនថ្ងៃសុក្រ ទី១៣ នេះ ។
សម្រាប់ប្រទេសចិនវិញ ជាប្រទេសដែលពូកែ ខាងរកជំនួញនោះ គឺមិនសម្ពោធក្រុមហ៊ុន ឬអគារចំថ្ងៃសុក្រ ទី១៣ នោះទេ ហើយក៏មិនសាងសង់ជណ្តើរ ដែលមានកាំចំនួន ១៣ ផងដែរ ។
នេះគ្រាន់តែជំនឿតៗគ្នា សម្រាប់ប្រទេសមួយចំនួនប៉ុណ្ណោះ ហើយលើកមកបកស្រាយត្រួសៗ នៅមានព្រឹត្តិ ការណ៍ ជាច្រើនទៀត ដែលប្រទេសមួយចំនួន មានជំនឿខុសៗគ្នា ហើយចាត់ទុកថា ជាថ្ងៃស៊យរបស់ពួកគេ តែ យ៉ាងក៏ដោយ ក៏គ្មានភស្តុតាងបញ្ជាក់ថា ថ្ងៃសុក្រ ទី១៣ នេះ ថ្ងៃស៊យនោះដែរ ព្រោះមិនប្រាកដ ថ្ងៃសុក្រ ទី១៣ នាំស៊យនោះទេ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល