CamNews

បច្ចេកវិទ្យា 

អស្ចារ្យរបស់គេមែន! ក្រុមអ្នកបច្ចេកវិទ្យាប្រើកម្មវិធី AI របស់ Google ដើម្បីការពារព្រៃក្រាស់នៃកោះសូមាត

ក្រុមបច្ចេកវិទ្យាមិនស្វែងរកប្រាក់ចំណេញឈ្មោះថា Rainforest Connection បានប្រើកម្មវិធីឆ្លាតវៃ Artificial Intelligence ដើម្បីជួយត្រួតពិនិត្យព្រៃលិចក្រាស់(Rainforest) របស់កោះសូមាត្រាប៉ែកខាងលិច ។



ឧបករណ៍ មានឈ្មោះថា Guardian ប្រើបច្ចេកវិទ្យារបស់ Google ឈ្មោះថា TensorFlow ដែលអាចថតសម្លេងនៅក្នុងព្រៃ ហើយបញ្ជូនសម្លេងនោះទៅកាន់ទូរសព្ទស្មានហ្វូនរបស់អ្នកល្បាតព្រៃ តាមរយៈកម្មវិធីទូរសព្ទ Rainforest Connection។

ស្ថាបនិករបស់ Rainforest connection និងនាយកប្រតិបត្ដិលោក Topher White បានពន្យល់ថា ឧបករណ៍នេះ គឺមានលក្ខណៈសាមញ្ញខ្លាំងណាស់។  

លោក Topher បាននិយាយ នៅក្នុងរបាយការណ៍មួយថា៖”ជាមូលដ្ឋានគោល Guardian គឺជាប្រអប់មួយ ដែលមានថ្ម ទូរសព្ទដៃ ឧបករណ៍ថតសម្លេង និងផ្ទាំងផ្ដល់ថាមពលសូឡា(Solar Panel) ។ ដើម្បីបញ្ជាលើឧបករណ៍នេះបាន យើងត្រូវតំឡើងវា នៅលើចុងឈើ ដែលអាចឱ្យវាថតសម្លេង ដោយប្រើម៉ៃក្រូហ្វូនរបស់វា ហើយបញ្ជូនសម្លេងនោះដោយផ្ទាល់ទៅកាន់បណ្ដាញ Cloud ដោយប្រើបច្ចេកវិទ្យា TensorFlow របស់ Google”។  

ដោយរួមសហការជាមួយក្រុមអភិរក្សបរិស្ថាន គឺសហគមន៍អភិរក្សឥណ្ឌូនេស៊ី Warsi( Warsi Indonesian Conservation Community) ក្រុមបច្ចេកវិទ្យា Rainforest Connection បានតំឡើងឧបករណ៍ត្រួតពិនិត្យចំនួន ១២ គ្រឿង នៅក្នុងភូមិចំនួន ៤ ក្នុងកោះសូមាត្រាប៉ែកខាងលិចមានដូចជាភូមិ Sirukam, Pakan Rabaa Timur, Pakan Rabaa  និង Pasir Palang Timur។

ឧបករណ៍ត្រួតពិនិត្យចំនួន ៣ គ្រឿងត្រូវបានតំឡើង នៅក្នុងតំបន់ចំនួន ៣ ក្នុងភូមិនិមួយៗ។ ប្រធាននៃកម្មវិធី KKI Warsi លោក Rainal Daus បាននិយាយថា ឧបករណ៍ Guardian ជួយដល់អង្គការរបស់លោកយ៉ាងសម្បើម ក្នុងការពង្រឹងប្រព័ន្ធសន្ដិសុខព្រៃ ។

លោក Rainal បន្ថែមថា៖ តាមរយៈការប្រើប្រាស់ឧបករណ៍នេះ អ្នកល្បាតព្រៃរបស់យើង នឹងមានលទ្ធភាពត្រួតពិនិត្យ លក្ខខណ្ឌរបស់ព្រៃពិតប្រាកដ។ ប្រការនេះនឹងបង្កភាពងាយស្រួលបន្ថែមទៀតសម្រាប់ពួកគាត់ក្នុងការចាត់វិធានការភ្លាមៗ ក្នុងករណីមានសកម្មភាពកាប់ព្រៃឈើខុសច្បាប់កើតឡើង “ ៕


ប្រែសម្រួល៖ សារ៉ាត


ប្រភព៖ asiaone