(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន សម្រាប់អតីតតារាសម្ដែង សារាយ សក្ខណា បើទោះបីជាមានប្ដី មានកូន១ និងត្រូវចាកចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមគ្រួសារខាងប្ដីក៏ពិតមែន ប៉ុន្តែនាងជាតារាសម្ដែងម្នាក់ នៅតែត្រូវប៉ាន់ក្នុងទីផ្សារសិល្បៈរបស់បងប្អូន នៅក្នុងប្រទេសកម្ពុជា ដោយទស្សនិកជន នៅតែចងចាំកេរ្តិ៍ឈ្មោះ និងទេពកោសល្យសម្ដែង របស់នាងដដែល ។ ជាក់ស្ដែងគ្រាន់តែនាង ឆ្លៀតពេលមកលេងស្រុកកំណើត ជួបជុំគ្រួសារក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល ជិត១ខែនេះ ត្រូវបានអ្នកដឹកនាំាសម្ដែង ផលិតករនានា ទាក់ទងឲ្យថត និងសម្ដែងឲ្យរញ៉ី ប៉ុន្តែខ្លះក៏ទទួល ខ្លះក៏បដិសេធ ព្រោះតែគ្មានពេលវេលាគ្រប់គ្រាន់ ។ ប៉ុន្តែរយៈពេលដែល សារាយ សក្ខណា មកលេងស្រុកខ្មែរនេះ នាងដណ្ដើមបានឱកាសសម្ដែងជាតួឯក ក្នុងរឿងមួយមានចំណងជើងថា« សង្សាខ្ញុំក្រមុំកូន១» ។
តារាសម្ដែងនៅតែមានទីផ្សារខ្ពស់ អ្នកនាង សារាយ សក្ខណា បានប្រាប់គេហទំព័រ Khmertalking ឲ្យដឹងថា ជាការពិត នាងពិតជាត្រូវបានផលិតករទាក់ទង ឲ្យថតរឿងច្រើនមែន ពេលដែលពួកគាត់ដឹងថា នាងមកលេងស្រុកខ្មែរ ក្នុងរយៈពេលខ្លី ។ ប៉ុន្តែសំណើរនេះ នាងមិនបានបំពេញជូនតាមតម្រូវការ ទាំងអស់នោះទេ ព្រោះតែនាងចង់ទុកពេលវេលាខ្លះ ដើម្បីជួបជុំគ្រួសារ ដើរលេងកម្សាន្ត និងសម្រាកក្នុងផ្ទះ ឲ្យបានច្រើនបន្តិច។ យ៉ាងណាមិញ សារាយ សក្ខណា ក៏បានយល់ព្រមសម្ដែង ឲ្យផលិតកម្មមួយចំនួន ដែលបានលៃលកពេលវេលា ដ៏សមរម្យមួយសម្រាប់នាង ដើម្បីសម្ដែង ហើយមិនប៉ះពាល់ដល់ ពេលវេលាផ្ទាល់ខ្លួន។
សារាយ សក្ខណា និយាយថា« ច៎ាបង..! ខ្ញុំមកលេងស្រុកលើកហ្នឹង! មានអ្នកទាក់ទងច្រើន តែទទួលខ្លះ អត់ខ្លះ ព្រោះហត់ពេកបង..! និយាយទៅខ្ញុំបានថតរឿងមួយ ឲ្យផលិតកម្ម Red Picture គឺរឿង "សង្សារខ្ញុំក្រមុំកូន១" ដោយសារតែរឿងនេះ ខ្ញុំថតតែ១០ថ្ងៃប៉ុណ្ណោះ គឺចប់ហើយបង..! សល់ពេលពីនោះ ខ្ញុំបានដើរលេងលំហែរកាយ ជាមួយគ្រួសារ ។ ជាក់ស្ដែងឆ្នាំនេះ ខ្ញុំបានទៅដើរលេងនៅ ខេត្តសៀមរាប ក្នុងកម្មវិធីអង្គរសង្ក្រាន្ត ឃើញថា គេរៀបចំបានល្អ ហើយសប្បាយណាស់បង..!» ។
លោក ឌៀប សុវណ្ណដារ៉ា ចាងហ្វាងផលិតកម្ម Red Picture ក៏បានថ្លែងប្រាប់ Khmertalking ដែរថា ស្នាដៃទី៣របស់លោក បន្ទាប់ពីរឿង «ទង់ព្រលឹង» គឺរឿង «សង្សារខ្ញុំក្រមុំកូន១» ដែលមានតួឯកស្រី គឺអ្នកនាង សារាយ សក្ខណា និងតួឯកប្រុស គឺតារាកំប្លែងនាយ ពែកមី ជាប្រភេទរឿងកំប្លែង និងមនោសញ្ចេតនា ស្នេហា ។ ចំពោះមូលហេតុ ដែលលោកត្រូវជ្រើសរើស អ្នកនាងសារាយ សក្ខណា ជាតួឯក ព្រោះលោកយល់ថា ទីផ្សារនៃការគាំទ្រ របស់ទស្សនិកជន នៅក្នុងប្រទេសយើង ទៅលើអ្នកនាង សក្ខណា គឺនៅតែមានសន្ទុះខ្លាំងដដែល ហើយគាប់ជូនគាត់មកលេងស្រុកខ្មែរ នៅពេលនេះទៀត គឺឆ្លៀតពេលថតរឿងនេះឲ្យហើយតែម្ដង ពោលគឺថតតែគាត់មុនគេសិនប៉ុណ្ណោះ ចំណែកតួផ្សេងៗទៀត ចាំថតក្រោយក៏បាន។
យ៉ាងណាមិញ រឿងថ្មីនេះ លោក ឌៀប សុវណ្ណដារ៉ា ជឿជាក់ថា នឹងទទួលបានជោគជ័យបន្ថែមទៀត ព្រោះលោកផលិតឡើង តម្រូវតាមទីផ្សារភាពយន្ត ហើយស្នាដៃរបស់ផលិតកម្ម Red Picture នាពេលកន្លងមក ក៏ត្រូវបានគេទទួលស្គាល់ និងគាំទ្រច្រើន លើសពីការរំពឹងទុកផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង