បាងកក៖ គេហទំព័រព័ត៌មានបាងកកប៉ុស្តិ៍ របស់ថៃ បានចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍ ទី១៤
ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះថា លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់ បានថ្លែងនៅ
ក្នុងសភាថៃកាលពីថ្ងៃពុធ ម្សិលមិញនេះថា លោកស្រីមិនដែលបាន អះអាងថាទទួលយកនូវ
សេចក្តីសម្រេចរបស់ តុលាការយុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ ក្នុងការប្រគល់ដីក្បែរ ប្រាសាទ
ព្រះវិហារ ទៅឲ្យកម្ពុជានោះទេ។
លោកស្រីនាយករដ្ឋមន្ត្រីថៃរូបនេះ បានថ្លែងថាលោកស្រី គ្រាន់តែលើកឡើង អំពីការព្យាយាម
រក្សាឲ្យបាននូវសន្តិភាព និង ទំនាក់ទំនងស្និតស្នាល ជាលក្ខណៈអន្តរជាតិ បើទោះបីជាការ
សម្រេចក្តីនោះ ចេញមកបែបណាក៏ដោយ។
លោកស្រីយីងឡាក់ បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសភាថា “ខ្ញុំមិនដែលបាននិយាយ ថា
ខ្ញុំនឹងទទួលយក សេចក្តីសម្រេចរបស់ តុលាការនោះទេ។ អ្វីដែលខ្ញុំបាន និយាយនោះ គឺខ្ញុំ
នឹងរក្សាទំនាក់ទំនងទ្វេភាគី ព្រមទាំងអធិបតេយ្យភាពជាតិយើងឲ្យបាន។ គ្រប់ពាក្យពេជន៍
សុទ្ធតែប្រុងប្រយ័ត្ន និង សំខាន់នៅពេលដែល វាទាក់ទងនឹងផ្នែក ការទូតអន្តរជាតិនោះ។”
ក្រៅពីការបកស្រាយខាងលើនេះ លោកស្រីយីងឡាក់ ក៏បានសន្យាផង ដែរថានឹងស្វែងរក
ការយល់ព្រមពីសភា សម្រាប់កិច្ចចរចាណាមួយ ដែលពាក់ព័ន្ធទៅ នឹងមាត្រា ១៩០ នៃរដ្ឋ
ធម្មនុញ្ញ។ ការថ្លែងរបស់ នាយករដ្ឋមន្ត្រីថៃនៅពេលនេះ គឺជាការឆ្លើយតប មួយទៅនឹងសំនួរ
របស់មេដឹកនាំបក្សប្រឆាំង គឺលោក អាប់ភីស៊ិត វេចចាជីវ៉ា។
គួរបញ្ជាក់ថា កិច្ចប្រជុំសភា រួមគ្នាខាងលើនេះ បានធ្វើឡើងក្រោមមាត្រា ១៧៩ នៃរដ្ឋធម្មនុញ្ញ
ដើម្បីពិភាក្សាអំពីសេចក្តីសម្រេចរបស់ ICJ ដែលមតិមួយចំនួន បានលើកឡើងថា នឹងអាចនាំ
ឲ្យប្រទេសថៃ បាត់បង់ទឹកដីមួយ ចំនួនទៅឲ្យកម្ពុជានោះ។
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល