CamNews

បច្ចេកវិទ្យា 

មនុស្សយន្ដមានអារម្មណ៍ នឹងក្លាយជាជំនួយដ៏សំខាន់បំផុត ក្នុងវិស័យសុខាភិបាល

មនុស្សយន្ដ ដែលអាចបំពេញកិច្ចការផ្នែកតំហែទាំសុខភាពកម្រិតស្រាលៗ  ដើម្បីជំនួយដល់កិច្ចការរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា អាចជាមធ្យោបាយ​មួយ ក្នុងវិស័យវេជ្ជសាស្រ្ដនាពេលអនាគត ។ តើនរណាអាចដឹងបានទៅថា មនុស្សយន្ដវេជ្ជសាស្រ្ដ អាចនឹងចេញវេជ្ជបញ្ជាផ្ដល់ឱសថព្យាបាលដល់អ្នក ក្នុងពេលណាមួយ? នេះគឺជាគំនិតនៅពីក្រោយ មនុស្សយន្ដមានអារម្មណ៍ប្រើរចនាសម្ព័ន្ធ 3D ដែលកំពុងត្រូវបានអភិវឌ្ឍ និងធ្វើតេស្ដ នៅសាកលវិទ្យាល័យ Simon Fraser University ដោយលោក Woo Soo Kim សាស្រ្ដាចារ្យមហាវិទ្យាល័យវិស្វកម្មប្រព័ន្ធស្វ័យប្រវត្ដិកម្មជាន់ខ្ពស់(Mechatronic Systems Engineering) ។



 សាស្រ្ដាចារ្យ Kim ដែលបាននិពន្ធរបាយការណ៍ស្រាវជ្រាវចំនួនពីរលើប្រធានបទ ៖  (១)ទស្សនៈស្ដីពីបច្ចេកវិទ្យា និងការបង្ហាញពីអត្ថប្រយោជន៍របស់មនុស្សយន្ដក្នុងផ្នែកតំហែទាំសុខភាព ។ (២) វាមានឱកាសសម្រាប់មនុស្សយន្ដមានវិញ្ញាណដើម្បីវាស់ស្ទង់ព័ត៌មានស្ដីពីទំហែទាំសុខភាពសំខាន់ៗ ជំនួសឱ្យអ្នកជំនាញថែទាំសុខភាព នាពេលអនាគត បាននិយាយថា ៖” ការរាតត្បាតនូវជំងឺកូវីដ១៩ ធ្វើឱ្យលេចចេញនូវតម្រូវការ ក្នុងការកាត់បន្ថយអន្ដរកម្មមនុស្ស និងមនុស្ស រវាងបុគ្គលិកផ្នែកទំហែទាំសុខភាព និងអ្នកជំងឺ “

 ក្រុមអ្នកស្រាវជ្រាវរបស់លោក Kim បានបង្កើតកម្មវិធីមនុស្សយន្ដចំនួនពីរគឺ តួខ្លួនមនុស្សយន្ដ( humanoid figure) និងដៃមនុស្សយន្ដ(robotic arm) ដើម្បីវាស់ស្ទង់សញ្ញាសរីរសាស្រ្ដរបស់មនុស្ស ដោយអនុវត្ដការងារទាំងនេះពីបន្ទប់ពិសោធន៍របស់លោកគីម (Additive Manufacturing Lab) ដែលស្ថិតនៅអាគារវិស្វកម្មថ្មីរបស់សាកលវិទ្យាល័យ SFU ។ ដៃមនុស្សយន្ដបង្កើតឡើងដោយការប្រើគ្រោងក្រដាសបត់រាង 3D របស់លោក Kim ដែលមាន  អេឡិចត្រូតជីវវេជ្ជសាស្រ្ដ នៅលើចុងម្រាមដៃនីមួយៗ ។ នៅពេលដែលដៃមនុស្សយន្ដ ប៉ះមនុស្ស វាចាប់បាននូវសញ្ញាសរីរសាស្រ្ដ និងសញ្ញាចេញពីអគ្គិសនីលេខនៃបេះដូង(ដែលគ្រប់គ្រងចង្វាក់បេះដូង)   ចង្វាក់ដង្ហើម អេឡិចត្រូស្យូម (electromyogram) (ដែលគ្រប់គ្រងសញ្ញាអគ្គិសនីពីចលនាសាច់ដុំ) និងសីតុណ្ហភាពរាងកាយ ។



 មនុស្សយន្តប្រភេទនេះ ក៏អាចត្រួតពិនិត្យកម្រិតអុកស៊ីហ្សែនផងដែរ ដែលអាចត្រូវបានប្រើដើម្បីពិនិត្យអាការៈរបស់អ្នកជំងឺ ដែលវិវត្ដរ៍ធ្ងន់ធ្ងរនូវជំងឺកូវីដ ១៩ ។ ទិន្ន័យ អាចត្រូវបានបង្ហាញ ក្នុងពេលជាក់ស្ដែង នៅលើអេក្រង់របស់មនុស្សយន្ដ ឬបញ្ជូនដោយផ្ទាល់ទៅក្រុមអ្នកជំនាញវេជ្ជសាស្រ្ដ ។

 លោក Kim គ្រោងនឹងអភិវឌ្ឍ និងធ្វើតេស្ដកាន់តែល្អិតល្អន់ចំពោះមនុស្សនយន្ដ រួមជាមួយនឹងអ្នកសម្របសម្រួលផ្នែកតំហែទាំសុខភាព ។ នៅដំណាក់កាលនេះ មនុស្សយន្ដ មានសមត្ថភាព ប្រមូលព័ត៌មានអ្នកជំងឺ ។ ប៉ុន្ដែនៅក្នុងទសវត្សរ៍បន្ទាប់ លោកសាស្រ្ដាចារ្យ និយាយថា វាអាចយល់បានថា មនុស្សយន្ដផ្នែកតំហែទាំងសុខភាព ដែលប្រើផ្គួបនឹងបច្ចេកវិទ្យា AI អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើអន្ដរកម្មជាមួយអ្នកជំងឺ  ដំណើរការទិន្ន័យ ដែលវាប្រមូលបាន និងចេញវេជ្ជបញ្ជាឱសថ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ sciencedaily