CamNews

ព័ត៌មានអន្តរជាតិ 

ពូជសត្វដាយណូស័រ ធំជាងគេបង្អស់លើលោក ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត រកឃើញនៅប្រេស៊ីល

(ប្រេស៊ីល)៖ ក្រុមអ្នកវិទ្យាសាស្រ្ត របស់ប្រទេសប្រេស៊ីល បានធ្វើសេចក្តីប្រកាស នៅថ្ងៃព្រហស្បតិ៍នេះ អំពីរបកគំហើញនៃហ្វូស៊ីល របស់សត្វដាយណូស័រ ដែលធំជាងគេបង្អស់​លើលោក និងមិនដែលធ្លាប់ ត្រូវបានរកឃើញនៅក្នុងតំបន់ អាមេរិកឡាទីននេះ ពីមុនមកឡើយ។ នេះបើតាមការការផ្សាយ នៅ​មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។

យោងតាមអ្នកវិទ្យាសាស្រ្ត ដែលមកពីសារមន្ទីរវិទ្យាសាស្រ្ត​ពិភពលោក ក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រស៊ីល គ្រោងឆ្អឹងដាយណូស័រ ដែលមានប្រវែង​ដល់ទៅ ២៥ម៉ែត្រនេះ មានឈ្មោះថា «Austroposeidon Magnificus» ហើយស្ថិតនៅក្នុងអំបូរ​ដាយណូស័រយក្ស Titanosaurs ដែលស៊ីរុក្ខជាតិជាអាហារ និងមានកវែង ឆ្អឹង​ក្បាលតូច ប៉ុន្តែមានរាងកាយ​ដ៏មាំមួន។

ពពួកសត្វដាយណូស័រ​ខាងលើ ត្រូវគេជឿថាបានរស់​នៅក្នុងអំឡុង​យុគសម័យ Cretaceous Period ដែលមាន​រយៈពេលពី១៤៥ ដល់៦៦លានឆ្នាំមុន នៅ​តាមតំបន់ដែលជាផ្នែក នៃទ្វីបអាមេរិក​ខាងត្បូង ទ្វីបអាហ្វ្រិក ទ្វីបអង់តាក់ទិក និងទ្វីប​អូសេអានី (អូស្ត្រាលី) សព្វថ្ងៃនេះ។

គួរបញ្ជាក់ដែរថា ហ្វូស៊ីល​នៃសត្វដាយណូស័រ Austroposeidon Magnificus ត្រូវបានរកឃើញនៅក្នុង ឆ្នាំ១៩៥០ ដោយបាសាណិភូតវិទូ (អ្នកសិក្សាស្រាវជ្រាវ​ពីសំណល់ហ្វូស៊ីល) សញ្ជាតិប្រស៊ីល​លោក Llewellyn Ivor Price ដែលបានទទួលមរណភាព​កាលពីឆ្នាំ១៩៨០ ដោយគ្មានការទទួលស្គាល់សម្រាប់ របកគំហើញរបស់លោកនេះ​ឡើយ ហើយចាប់តាំងពីពេលនោះមក ហ្វូស៊ីលសត្វ​ដាយណូស័រយក្សនេះ ត្រូវបានគេបន្តសិក្សា​ស្រាវជ្រាវរហូតមក ទាល់តែរបកគំហើញនេះ ត្រូវបានប្រកាស​ជាសារធារណៈ នៅថ្ងៃព្រហស្បតិ៍នេះ ថាជាគ្រោងឆ្អឹងសត្វ​ដ៏ធំបំផុតលើផែនដី៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: international news