CamNews

តារា 

Idol របស់​សម្តេច​តេជោ ហ៊ុន សែន លោក ម៉ៅ ហាជី អាច​ប្រឈម​ផ្លូវ​ច្បាប់ ចំពោះ​ការលួច​ចុះ​កុង​ត្រា​ជាមួយ

ភ្នំពេញ៖ លោក មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយព័ត៌មានដ៏ល្បីមួយរូប បានថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ថា លោក ម៉ៅ ហាជី អាចប្រឈមនឹងផ្លូវច្បាប់ចំពោះការលួចចូលផលិតកម្មផ្សេង ព្រោះថាលោក ហាជី នៅជាប់កុងត្រាជាមួយក្រុមហ៊ុនហង្សមាសនៅឡើយនោះទេ មិនអាចទៅចុះកុងត្រាជាមួយផលិតកម្មណាផ្សេងឡើយ។

លោក មាស រិទ្ធី បានបញ្ជាក់អះអាថា លោក ម៉ៅ ហាជី គឺជាបេក្ខជនជាប់ក្នុងចំណោមបេក្ខជនទាំង១២ចុងក្រោយ ដូច្នេះជាស្វ័យប្រវត្តិតែម្តង គឺជាប់កុងត្រាជាមួយក្រុមហ៊ុនហង្សមាសរយៈពេល១ឆ្នាំ ពោលគឺជាប់កុងត្រាពីពេលជាប់ជាបេក្ខជនចុងក្រោយ១២រូប ក្នុងវគ្គ Live Show របស់កម្មវិធី Cambodian Idol ដែលបង្កើតឡើងដោយផលិតកម្មហង្សមាស ។ លោក រិទ្ធី បានបញ្ជាក់ថា លោក ម៉ៅ ហាជី ជាប់កុងត្រារហូតដល់ចុងឆ្នាំ២០១៦ឯណាទើបចប់, ពេលនោះលោក ហាជី អាចទៅចុះកុងត្រាជាមួយផលិតកម្មណាមួយក៏បាន។

-អាន ៖ ម៉ៅ ហាជី តារា​ចម្រៀង Idol របស់​សម្តេច​តេជោ ហ៊ុន សែន ចុះ​កិច្ច​សន្យា​ច្រៀង ក្នុង​ផលិត​កម្ម ថោន ៥ឆ្នាំ

អ្នកអត្ថាធិប្បាយព័ត៌មានដ៏ល្បីមួយនោះបានបន្តលើកឡើងថា សូមឲ្យលោក ហាជី ចូលមកដោះស្រាយជាមួយក្រុមហ៊ុនតាមសម្រួល ព្រោះក្រុមហ៊ុនបានគៀបសង្កត់ចំពោះបេក្ខជននោះទេ, ហើយសូមឲ្យលោក ហាជី បើកទូរស័ព្ទផង កុំបិទអី ព្រោះមានការទាក់ទងគ្នាដើម្បីដោះស្រាយ។

សូមជំរាបថា អតីតបេក្ខជនក្នុងកម្មវិធី «Cambodian Idol» លោក ម៉ៅ ហាជី ដែលជា Idol របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្មីៗនេះត្រូវបានផលិតកម្ម ថោន ប្រកាសជាសាធារណៈថា លោក ម៉ៅ ហាជី សម្រេចចិត្តចុះកិច្ចសន្យាចូលច្រៀង ក្នុងផលិតកម្មថោន ជាផ្លូវការហើយ ដែលកិច្ចសន្យានោះមានរយៈពេលរហូតដល់ទៅ៥ឆ្នាំ។

បណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការ របស់ផលិតកម្ម ថោន បានបញ្ជាក់ឲ្យដឹងថា «អតីតបេក្ខជន ក្នុងកម្មវិធី Cambodian Idol របស់ស្ថានីយទូរទស្សន៍ហង្សមាស លោក ម៉ៅ ហាជី បានក្លាយជាតារាចម្រៀង ពេញសិទ្ធិរបស់ ផលិតកម្ម ថោន ហើយនេះជាការ សម្រេចចិត្តជ្រើសរើស របស់គាត់ និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវ »។

ថ្លែងប្រាប់ Fresh News តាមទូរស័ព្ទ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក មាស សុខរតនៈ ដែលជាអ្នកគ្រប់គ្រង ទូទៅ របស់ផលិតកម្មថោន បានប្រាប់ដោយទទួលស្គាល់ថា លោក ម៉ៅ ហាជីពិតជា បានចូលច្រៀង និងចុះកិច្ចសន្យា ជាមួយផលិតកម្មថោន ពិតប្រាកដមែន ហើយនៅដើមឆ្នាំក្រោយនេះ ខាងផលិតកម្មនឹងមានត្រៀម ចេញបទចម្រៀងឲ្យ ម៉ៅ ហាជី ច្រៀងទៀតផង។

នៅពេលសួរថា ការជ្រើសរើស ម៉ៅ ហាជី ឲ្យចូលច្រៀងក្នុងផលិតកម្ម ថោននេះ ក៏ព្រោះតែ ម៉ៅ ហាជីជា Idol របស់សម្តេចតេជោ ឬយ៉ាងណា? លោក មាស សុខរតនៈ បានឆ្លើយថា «តាមពិតទៅការជ្រើសរើស ម៉ៅ ហាជី ចូលច្រៀងនេះ គឺខាងផលិតកម្មបាន សម្លឹងមើលឃើញសមត្ថភាពយូរហើយ ក៏បានទាក់ទងជ្រើស ឲ្យចូលច្រៀង បន្ទាប់ពីនោះ កាលពីពេលថ្មីៗនេះ លោកក៏បានទទួលព័ត៌មាន ដ៏ភ្ញាក់ផ្អើលមួយ ដោយសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ម៉ៅ ហាជី ក៏ជា Idol របស់សម្តេច គឺជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ផលិតកម្មថោន…»។

សូមជំរាបថា បេក្ខជនលោក ម៉ៅ ហាជី ដែលមកពីខេត្តបាត់ដំបង បានធ្លាក់ពីកម្មវិធី «Cambodian Idol» ដោយមិនបានលើកពាន និងទទួលប្រាក់រង្វាន់ក៏ពិតមែន តែសម្រាប់ទឹកដមសំនៀង និងសមត្ថភាពរបស់លោក បានធ្វើឲ្យថ្នាក់ដឹកនាំកំពូល របស់ប្រទេសកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន មានការពេញចិត្ត និងចាត់ទុកថា ជា Idol របស់សម្តេច មិនថាសម្តេចជាប់រវល់ការងារ អញ្ជើញទៅបំពេញបេសកកម្ម នៅក្រៅប្រទេសឬ ក្នុងប្រទេសទេ ពោលគឺសម្តេចតែងតែបោះឆ្នោត គាំទ្ររូបលោកផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Cambodian Idol HMHDTV Live Show Mao ha Chi