ព័ត៌មានអន្តរជាតិ ៖ អ្នកពន្លត់អគ្គីភ័យ 2នាក់បានបាត់ខ្លួន និង ៤នាក់ទៀតទទួលរងរបួស បន្ទាប់ ពីមាន ការផ្ទុះបង្កជាអគ្គីភ័យកើតឡើង នៅឯឃ្លាំងស្តុកទំនិញមួយកន្លែង ក្នុងទីក្រុងធានជីនភាគ ខាង ជើងប្រទេសចិន។ នេះ បើតាមព័ត៌មានដែលចាប់ផ្តើមផ្សាយ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០១៥នេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ក្រុមពន្លត់អគ្គីភ័យ មកពីក្រសួងសន្តិសុខ សាធារណ បានបញ្ជូនក្រុមពន្លត់អគ្គីភ័យចំនួន ១២ក្រុម ទៅកាន់ឃ្លាំងស្តុកទំនិញ ដ៏ធំក្នុងតំបន់ មួយ ឈ្មោះថា រុយហៃ ដែលបានឆេះតាំងពីពេលយប់មកនោះ។
ឃ្លាំងស្តុកទំនិញខាងលើនេះ ត្រូវបានគេអះអាងថាផ្ទុកសុទ្ធតែជាទំនិញដែលមានគ្រោះថ្នាក់ដល់ សុខភាព ដូចជាសារធាតុគីមីជាដើម។ អគ្គីភ័យបានចាប់ផ្តើមឆាបឆេះខ្លាំង ចាប់ពីម៉ោង ១១ និង ៣០នាទីយប់ថ្ងៃពុធ គឺក្រោយរយៈពេល ៤០នាទី ដែល ក្រុមពន្លត់អគ្គីភ័យ បាន ទទួលព័ត៌មាន ថា មានអគ្គីភ័យចាប់ផ្តើមឆាបឆេះនោះ។
រហូតមកដល់ព្រឹកថ្ងៃព្រហស្បតិ៍ នេះសេចក្តីរាយការណ៍ព័ត៌មានក្នុងតំបន់ឲ្យដឹងថា មនុស្ស ១៧ នាក់បានស្លាប់ និង ជាង ៤០០នាក់ទៀតរងរបួស។ ចំពោះមូលហេតុនៃការឆាបឆេះ នៅមិនទាន់ មានការបញ្ជាក់ពីអាជ្ញាធរចិននោះឡើយ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល