CamNews

យល់ដឹង 

ប្រទេសមានទំហំផ្ទៃដីតូចទាំង១០ ដែលប្រជាជន​រកចំណូល​ច្រើន​ជាងគេបំផុត ក្នុងពិភពលោក

(ពិភពលោក)៖ ប្រទេសដែលមានផ្ទៃដីតូចមួយចំនួន ត្រូវបានគេចាត់ទុកថា ជាប្រទេសអ្នកមាន ដោយក្នុងនោះរួមមានទាំងផ្នែកធនធានមនុស្ស និងធនធានធម្មជាតិ ហើយដើម្បីដឹងថា ប្រទេសនោះជាប្រទេសអ្នកមាន-ក្រ គេមើលទៅលើផលិតផលក្នុងស្រុកសរុប (Gross domestic product ឬ GDP) ដែលតម្លៃនេះ គេអាចរកឃើញទៅដល់ចំណូល របស់ប្រជាពលរដ្ឋម្នាក់ក្នុង១ឆ្នាំ (GDP per capita) ។ នៅថ្ងៃអាទិត្យសប្តាហ៍នេះ អង្គភាព Fresh News បង្ហាញជូននូវឈ្មោះប្រទេសតូចទាំង១០ ដែលប្រជាជនរកប្រាក់ចំណូល បានច្រើនជាងគេបំផុតក្នុងពិភពលោក ឬអាចនិយាយបានថា ជាប្រទេសដែលមានប្រជាជនមានជាងបំផុត៖

១.ប្រទេសកាតា
ជាប្រទេសដ៏សម្បូរប្រេងមួយ ស្ថិតនៅក្នុងតំបន់អាស៊ី ដែលមានផ្ទៃដីសរុបចំនួន១១.៥៧១ គីទ្បូម៉ែត្រការ៉េ និងមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ (GDP per capita) ១៣៣ ០៣៩,៦០ដុល្លារអាមេរិក។

២. ប្រទេស Luxembourg
ប្រទេសនេះ មានអត្រាអ្នកគ្មានការងារធ្វើកម្រិតទាប និងមានអតិផរណាទីផ្សារតិចតួច ដែលជាហេតុនាំមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ នៅបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប។ ប្រទេស Luxembourg មានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ ប្រមាណ ១០០ ៧៧៨,៥៣ដុល្លារអាមេរិក និងមានផ្ទៃដីសរុបចំនួន ២.៥៨៦,៤ គីទ្បូម៉ែត្រការ៉េ។

៣. ប្រទេសសិង្ហបុរី
ត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដ៏ទំនើប ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះមានផ្ទៃសរុបចំនួន ៧១៨,៣ គីទ្បូម៉ែត្រការ៉េ និងមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ ប្រមាណ ៨៤៩០០,៨០ដុល្លារអាមេរិក។

៤. ប្រទេសប៊្រុយណេ
ជាប្រទេសតូចមួយ មានទីតាំងស្ថិតនៅតំបន់ទ្វីបអាស៊ី (អាស៊ីអាគ្នេហ៍) ដែលផ្ទៃដីសរុបចំនួន ៥.៧៦៥ គីទ្បូម៉ែត្រការ៉េ និងមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ ប្រមាណជា ៧៨៤៥,៦៣ដុល្លារអាមេរិក។

៥. ប្រទេសគុយវ៉ែត
សេដ្ឋកិច្ចប្រទេសនេះ គឺពឹងផ្អែកទៅលើការនាំចេញប្រេង និងឧស្ម័នធម្មជាតិដ៏ធំបំផុត។ ប្រទេសគុយវ៉ែត មានផ្ទៃដីសរុបចំនួន ១៧.៨២០ គីទ្បូម៉ែត្រការ៉េ និងមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ ប្រមាណ ៧០២៥៨,៧១ ដុល្លារអាមេរិក។

៦. ប្រទេស ណរវេ
ណរវេ ជាប្រទេសស្ថិតក្នុងតំបន់អឺរ៉ុប ដែលមានក្រឡាផ្ទៃ ៣៨៥២៥២ គីឡូម៉ែត្រការ៉េ ។ ដោយឡែកសម្រាប់ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់របស់ប្រទេសនេះ ប្រមាណ ៦៧៦៧១,៣៥ ដុល្លារអាមេរិក។

៧. ប្រទេស អារ៉ាប់រួម (United Arab Emirates)
ជាប្រទេសដែលសំបូរទៅដោយធនធានប្រេងកាត ហើយទៅជាប់នឹងប្រទេសកាតាផងដែរ ហើយមានផ្ទៃក្រឡា ៦៧៣៤០ គីឡូម៉ែត្រការ៉េ។ ដោយឡែកសម្រាប់ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់របស់ប្រទេសនេះ ប្រមាណ ៦៦៩៩៦,៦៦ ដុល្លារអាមេរិក។

៨. ប្រទេស San Marino
មានផ្ទៃដីសរុបចំនួន ៦១,២ គីទ្បូម៉ែត្រការ៉េ និងមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ ប្រមាណ ៦២១១៩,៧៩ ដុល្លារអាមេរិក។ សម្រាប់ស្ថាប័នហិរញ្ញវត្ថុនៃប្រទេសនេះ ផ្តល់ជូននូវអត្រាបង់ពន្ធទាបបំផុត នៅក្នុងពិភពលោក។

៩. ប្រទេស​ ​Switzerland
ជាប្រទេសនៃតំបន់អឺរ៉ុប ដែលមានផ្ទៃក្រឡា៤១២៨៥ គីឡូម៉ែត្រការ៉េ ។ ដោយឡែកសម្រាប់ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់របស់ប្រទេសនេះ ប្រមាណ ៥៨ ៥៩៨,៣៣ ដុល្លារអាមេរិក។

១០. ហុងកុង
ជាតំបន់ស្វ័យយ័ត នៃផ្នែកមួយរបស់ប្រទេសចិន ។ ហុងកុង មានផ្ទៃក្រឡា ១១០៤គីឡូម៉ែត្រការ៉េ ។ ដោយឡែកសម្រាប់ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់របស់ប្រទេសនេះ ប្រមាណ ៥៦៦៨៩,១៤ ដុល្លារអាមេរិក។

គួរបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ៗ នៃប្រទេសទាំងនោះ ត្រូវបានដកស្រង់ចេញពីទិន្នន័យរបស់ មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh