CamNews

កីឡាអន្តរជាតិ 

Sturridge ចូល​ហ្វឹក​ហាត់​វិញ ដើម្បី​ត្រៀម​ជួយ​អង់​គ្លេស​នៅ Euro 2016

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Daniel Sturridge បានចូលជំរុំហ្វឹកហាត់វិញហើយ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី របួស​ហើម​កូន​កណ្តុរ​បន្តិច​បន្ទួចមក ដើម្បីត្រៀមជួយក្រុមជម្រើសជាតិអង់គ្លេស ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង ខែក្រោយនេះ ។

តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា បានវិលមកកាន់ជំរុំហ្វឹកហាត់កាលពីរាត្រីថ្ងៃចន្ទម្សិលមិញ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​ជុំ​គ្នាជា​មួយ​​នឹង​​មិត្តរួមក្រុម ក្រោមការដឹកនាំរបស់គ្រូបង្វឹក Roy Hodgson ក្នុង​ការ​ប្រជែង​យក​កៅអី​មួយ​ក្នុង ចំណោម​កីឡាករ​ទាំង​២៣​រូប​ទៅ​លេង​ក្នុង Euro 2016 ក្រោយពីបញ្ចប់ប្រកួតមិត្តភាពអន្តរជាតិចុងក្រោយប៉ះព័រទុយហ្គាល់ ថ្ងៃទី២ មិថុនាខាងមុខ។

ខ្សែប្រយុទ្ធមកពីក្លឹបហង្សក្រហម Liverpool, Daniel Sturridge បានទទួលរងរបួសហើមកូនកណ្តុរតិចតួច នៅ​អំឡុង​ពេល​ដែល​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​ពាន Europa League ចាញ់ក្រុមមកពីអេស្ប៉ាញ Sevilla ៣-១ នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២០ ខែឧសភា ដែលធ្វើរូបគេ​បានអវត្តមានពេលអង់គ្លេស ប្រកួតឈ្នះក្រុមភ្ញៀវអូស្រ្តាលី ២-១ ក្នុងមិត្តភាព អន្តរជាតិផងដែរ ។

Sturridge ជាកីឡាករល្អមួយរូបរបស់អង់គ្លេស ដែលអាចស៊ុតបញ្ចូលទីបាន៥គ្រាប់ ពីការចូលលេងទើបតែបាន​១៧​ប្រកួត​ប៉ុណ្ណោះ ៕

កីឡាករខ្សែប្រយុទ្ធ Daniel Sturridge

គ្រូបង្វឹកអង់គ្លេសលោក Roy Hodgson (ស្តាំ)

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016