(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធលេខ១ លំដាប់ពិភពលោក Lionel Messi រកបាន២គ្រាប់យប់មិញនេះ ជួយឲ្យ ក្រុមម្ចាស់ផ្ទះអ្នកមានបុណ្យ FC Barcelona ឈ្នះក្រុមភ្ញៀវ Leganes ២-១ ក្នុងសប្តាហ៍ទី២៣ នៃក្របខណ្ឌកំពូល អេស្ប៉ាញ La Liga។
ចាប់ផ្តើមប្រកួតបាន ៤នាទីនៅពហុកីឡដ្ឋាន Camp Nou កីឡាករប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Messi រកបាន គ្រាប់បំបែកពងមាន់ Leganes មុនពេលដែល Lopez បានស៊ុតគ្រាប់តាមស្មើ ១-១ ឲ្យ Leganes នៅនាទីទី៧១ តែអ្វីៗត្រូវបានផ្លាស់ប្តូរ នៅពេលខ្សែការពារ Leganes បានធ្វើឲ្យមានកំហុសក្នុងប្រអប់គ្រោះថ្នាក់ និងប៉េណាល់ទីបាន សម្រេច១គ្រាប់ចុងក្រោយដោយ Messi ក្នុងនាទីទី៩០នោះ។
៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមការពារតំណែងជើងឯក Barcelona បន្តតាមពីក្រោយក្រុមកំពូលតារាង Real Madrid ត្រឹមតែ១ពិន្ទុប៉ុណ្ណោះដោយមាន ៥១ពិន្ទុសរុប គ្រាដែល Real Madrid ក៏បានយកឈ្នះ Espanyol ២-០ ផងដែរកាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង