សភាពធាត់ហួស គឺជាបរិមាណជាតិខ្លាញ់ច្រើនហួសប្រមាណ នៅក្នុងរាងកាយរបស់មនុស្ស ។ សភាពធាត់ដុះក្បាលពោះ នេះ ធ្វើឱ្យកោសិការីកធំ និងកើនឡើងនូវចំនួនកោសិកា ។
កាឡូរី ដែល បណ្ដាលឱ្យមានសភាពធាត់ខ្លាំងនេះ អាចត្រូវបានដុតកម្ទេច ដោយការធ្វើចលនារាងកាយ បើមិនដូច្នោះទេ កាល់ឡូរីមិនល្អ នឹងកពូន នៅក្នុងរាងកាយ ក្លាយទៅជាខ្លាញ់មិនខាន ។ ការទទួលទានអាហារមិនច្រើនជាង តម្រូវការរបស់រាងកាយ និងការហាត់ប្រាណជាប្រចាំ គឺជាដំណោះស្រាយតែមួយគត់ ក្នុងការដោះស្រាយ នូវសភាពធាត់ជ្រុលនេះ ។ ខាងក្រោមនេះ គឺជាវិធីជំនួយតាមបែបធម្មជាតិ ៧ យ៉ាង មានប្រសិទ្ធភាពក្នុងកាត់បន្ថយសភាពធាត់ជ្រុល៖
១. បុរសស្រ្ដី មានរាងកាយធាតុជ្រុល អាចទទួលបានអត្ថប្រយោជន៍ពីការស្រកទម្ងន់ ដោយសារការទទួលទានទឹកក្ដៅឧណ្ហៗ លាយជាមួយក្រូចឆ្មា ។ សូមលោកអ្នកដែលមានរាងកាយធាត់ជ្រុល លើសពីសេចក្ដីត្រូវការ ទទួលទានទឹកក្ដៅឧណ្ហៗ មួយកែវ លាយជាមួយក្រូចឆ្មារមួយចំហៀង ដោយដាក់បន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ហើយសូម លោកអ្នកទទួលទានវាមុន អាហារពេលព្រឹក ។
២. ប្រសិទ្ធភាពក្នុងការសម្រកទម្ងន់មួយទៀត គឺការទទួលទាន ទឹកក្រូចឆ្មារ លាយជាមួយម្សៅម្រេច និងទឹកឃ្មុំ ។ ជាដំបូង សូមលោកអ្នកយកទឹកក្រូចឆ្មារប្រមាណជា ៣ ស្លាបព្រាកាហ្វេ លាយជាមួយម្សៅម្រេច ១/២ ស្លាបព្រាកាហ្វេដោយដាក់បន្ថែមទឹកឃ្មុំបន្ដិច ។ សូមលោកអ្នក ទទួលទានវាឱ្យបានមួយពែង ក្នុងមួយថ្ងៃ និងទទួលទានឱ្យបានរយៈពេល ៣ ទៅ ៤ខែ លោកអ្នកនឹងបានស្រកទម្ងន់សមតាមប្រាថ្នា ជាមិនខាន។
៣. ទឹកតែ គឺជាភេសជ្ជៈ ដ៏ឈ្ងុយឆ្ងាញ់ ត្រូវបានមនុស្សជុំវិញពិភពនិយមទទួលទាន ។ វាមិនត្រឹមតែ ផ្ដល់នូវជាតិទឹកដល់ រាងកាយរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងផ្ដល់នូវ គុណប្រយោជន៍ក្នុងការកម្ចាត់ជាតិខ្លាញ់ ដែលជំនួយដល់ការសម្រកទម្ងន់ទៀតផង។ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវធ្វើឡើង នៅឯសាកលវិទ្យាល័យ Kobe ប្រទេសជប៉ុន បានរកឃើញថា
មនុស្សទទួលទានទឹកតែជាប្រចាំ ទទួលបានអត្ថប្រយោជន៍ដ៏ល្អ ក្នុងការទប់ស្កាត់ការប្រែប្រួលមិនល្អ នៅក្នុងឈាម
ដោយសារអាហារសម្បូរជាតិខ្លាញ់ ដែលអាចបណ្ដាលឱ្យមនុស្សប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ ។
នៅក្នុងការសិក្សាស្រាវជ្រាវនោះ ក្រុមអ្នកវិទ្យាសាស្រ្ដ បានធ្វើការដកពិសោធន៍ ចំពោះសត្វកណ្ដុរ ដោយបែងចែកសត្វ
កណ្ដុរទាំងនោះជាពីរក្រុម។ សត្វកណ្ដុរមួយក្រុមត្រូវបានផ្ដល់ឱ្យរបបអាហារសម្បូរដោយជាតិខ្លាញ់ច្រើន ហើយសត្វ
កណ្ដុរមួយក្រុមទៀតត្រូវបានផ្ដល់ឱ្យរបបអាហារ ធម្មតា។ ក្នុងនោះ សត្វកណ្ដុរមួយក្រុមៗ ត្រូវបានបំបែក ជាក្រុមតូចៗ
ហើយផ្ដល់ឱ្យក្រុមសត្វកណ្ដុរនិមួយៗនូវទឹក ទឹកតែខ្មៅ និងតែបៃតង ក្នុងរយៈពេល ១៤សប្ដាហ៍។
ទឹកតែទាំងពីរប្រភេទនេះជួយទប់ស្កាត់ការឡើងទម្ងន់រាងកាយ និងការកពូនជាតិខ្លាញ់ត្រង់បរិវេណក្បាលពោះ ដែល
បណ្ដាលមកពី របបអាហារមានជាតិខ្លាញ់ច្រើន។
ប៉ុន្ដែទឹកតែខ្មៅក៏មានប្រសិទ្ធភាពក្នុងការប្រឆាំង ចំពោះភាពប៉ះពាល់មិនល្អដល់ឈាមរបស់មនុស្ស ដែលភាគច្រើន
បណ្ដាលមកពីរបបអាហារមានជាតិខ្លាញ់ខ្ពស់។
៤. ធញ្ញជាតិ ៖ oatmeal និងអង្ករសម្រូបមានផ្ទុកននូវជាតិសរសៃ Fiber ខ្ពស់ ដែលមានប្រសិទ្ធភាពកិនកម្ទេចកាល់ឡូរី
ទ្វេដងបើធៀបទៅនឹងប្រភេទអាហារច្នៃ។
៥. ប្រភេទសាច់សត្វមិនផ្ទុកជាតិខ្លាញ់ ៖ សារធាតុប្រូតេអ៊ីននៅក្នុងសាច់សត្វមានផ្ទុកប្រសិទ្ធភាពក្ដៅខ្ពស់ ក្នុងការដុតកម្ទេច
កាល់ឡូរី។ វាអាចដុតកម្ទេចបានប្រហែល ៣០% នៃអាហារដែលមានក្នុងអំឡុងពេលកិនកម្ទេច។
៦. ផលិតផលទឹកដោះផ្ទុកជាតិខ្លាញ់ទាប៖ ប្រភេទផលិតផលទឹកដោះទាំងអស់នេះសម្បូរទៅដោយសារធាតុកាល់ស្យូម
និងជីវជាតិ D ខ្ពស់ ដែលជួយរក្សា និងពង្រឹងម៉ាស់សាច់ដុំ ពោលគឺមានសារៈសំខាន់ ក្នុងការរក្សាការដុតរំលាយអាហារ
ក្នុងរាងកាយឱ្យខ្លាំងក្លា។
៧. ម្ទេស៖ ការសិក្សាស្រាវជ្រាវវេជ្ជសាស្រ្ដបានឱ្យដឹងថា សារធាតុ Capsaicin នៅក្នុងម្ទេសមានប្រសិទ្ធភាពបង្កើនកម្ដៅ
ក្នុងរាងកាយ ដែលជួយឱ្យអ្នកដុតកម្ទេចកាល់ឡូរីបន្ថែម៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ steptohealth