បរទេស៖ ប្រេង ជាប្រភពធនធានថាមពលធម្មជាតិដ៏សំខាន់បំផុតក្នុង ពិភពលោកនាពេលបច្ចុប្បន្ននេះ ។ ជាទូទៅគេសង្កេតឃើញថា ប្រទេសសម្បូរធនធានធម្មជាតិប្រេង គឺជាប្រទេសអ្នកមាន និងមហាអំណាច ។ ជាក់ស្ដែងខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលនាំចេញប្រេងច្រើនជាងគេបំផុត ក្នុងពិភពលោក ឆ្នាំ២០១៥៖
១. ប្រទេសអារ៉ាប៊ីសាអូឌីត
ប្រមាណជា ៩០ភាគរយ នៃប្រាក់ចំណូលប្រទេសនេះ បានមកពីការនាំចេញប្រេង ។ អារ៉ាប៊ីសាអូឌីតជាប្រទេសទី១ នាំចេញប្រេងច្រើនជាងគេបំផុត ក្នុងពិភពលោក ដែលក្នុងមួយថ្ងៃប្រទេសនេះ នាំចេញប្រេងបានចំនួន ៦.៨៨០.០០០ ធុង ។
២. ប្រទេសរុស្ស៊ី
សម្បូរទៅដោយធនធានប្រេង និងឧស្ម័នធម្មជាតិ ហើយប្រាក់ចំណូលចំនួន ៨០ភាគរយនៃប្រទេសនេះ បានមកពីការនាំចេញប្រេង ឧស្ម័នធម្មជាតិ លោហៈ និងឈើ ។ ក្នុងមួយថ្ងៃប្រទេសរុស្ស៊ី នាំចេញប្រេងបានចំនួន ៤.៧២០.០០០ ធុង ។
៣. ប្រទេសអ៊ីរ៉ង់
ជាង ៤០ភាគរយនៃថវិការបស់រដ្ឋាភិបាលប្រទេសនេះ បានមកពីប្រាក់ចំណូលប្រេង និងឧស្ម័នធម្មជាតិ ។ ប្រទេសអ៊ីរ៉ង់ នាំចេញប្រេងក្នុងមួយថ្ងៃបានចំនួន ២.៤៤៥.០០០ ធុង ។
៤. ប្រទេសអ៊ីរ៉ាក់
សេដ្ឋកិច្ចរបស់ប្រទេសនេះ គឺផ្អែកទៅលើវិស័យឧស្សាហកម្មប្រេង ហើយក្នុងមួយថ្ងៃប្រទេសអ៊ីរ៉ាក់ នាំចេញប្រេងបានចំនួន ២.៣៩០.០០០ ធុង ។
៥. ប្រទេសនីហ្សេរីយ៉ា
ធនធានប្រេងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយធ្វើឲ្យប្រទេសនីហ្សេរីយ៉ាមានភាពរីកចម្រើន ។ ប្រទេសនេះ ក្នុងមួយថ្ងៃនាំចេញប្រេងបានចំនួន ២.៣៤១.០០០ ធុង ។
៦. ប្រទេសអារ៉ាប់រួម
១/៣ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអារ៉ាប់រួម បានមកពីប្រាក់ចំណូលប្រេង ។ ក្នុងមួយថ្ងៃប្រទេសនេះ នាំចេញប្រេងបានចំនួន ២.១៤២.០០០ ធុង ។
៧. ប្រទេសអង់ហ្គោឡា
ប្រេងជាប្រភពធនធានធម្មជាតិដ៏សំខាន់ សម្រាប់សេដ្ឋកិច្ច ដែលប្រមាណជា ៦០ភាគរយ នៃប្រាក់ចំណូលរបស់ប្រទេសនេះ បានមកពីការនាំចេញប្រេង និងត្បូងពេជ្រ ។ ប្រទេសអង់ហ្គោឡា ក្នុងមួយថ្ងៃនាំចេញប្រេងបានចំនួន ១.៩២៨.០០០ ធុង ។
៨. ប្រទេសវេណេហ្ស៊ុយអេឡា
ស្ថិតក្នុងចំណោមប្រទេសមួយ មានការនាំចេញប្រេងច្រើនជាងគេបំផុត ក្នុងពិភពលោក ដែលក្នុងមួយថ្ងៃប្រទេសនេះ នាំចេញប្រេងបានចំនួន ១.៦៤៥.០០០ ធុង ។
៩. ប្រទេសន័រវេស
ត្រូវបានគេស្គាល់ថា ជាប្រទេសមួយនាំចេញប្រេង និងឧស្ម័នធម្មជាតិដ៏ច្រើន ក្នុងពិភពលោក ហើយក្នុងមួយថ្ងៃប្រទេសនេះ នាំចេញប្រេងបានចំនួន ១.៦០២.០០០ ធុង ។
១០. ប្រទេសកាណាដា
ការនាំចេញប្រេងរបស់ប្រទេសនេះ គឺត្រូវបានគេប៉ាន់ប្រមាណថា ស្មើនឹងចំនួន ១៣ ភាគរយនៃការនាំចេញប្រេងជាសកល ។ ក្នុងមួយថ្ងៃប្រទេសកាណាដា នាំចេញប្រេងបានចំនួន ១.៥៧៦.០០០ ធុង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល