បញ្ចុះទម្ងន់គឺជាសកម្មភាពមួយត្រូវការពេលច្រើន និងមានការលំបាក ទាមទារឱ្យមានការអត់ធ្មត់ ក្នុងការហាត់ប្រាណបែបបញ្ចុះទម្ងន់ និងការហូបចុក ដោយប្រើប្រាស់បញ្ជីមុខម្ហូបតាមបែបវិទ្យាសាស្ដ្រ។ អ្នកមិនត្រូវប្រញាប់ពេកនោះទេ ព្រោះនឹងអាចប៉ះពាល់ដល់សុខភាព ព្រមទាំងមិនមានប្រសិទ្ធិភាពខ្ពស់។ ការហាត់ប្រាណបែបវិទ្យាសាស្ដ្រ គឺវិធីបញ្ចុះទម្ងន់លឿនបំផុត ប៉ុន្ដែមិនមានផលអាក្រក់ដល់សុខភាព និងរបបអាហារបំប៉នសម្រាប់រាងកាយ។
នៅពេលមានផ្ទៃពោះ និងមានកូន អ្នកមិនត្រឹមតែត្រូវផ្លាស់ប្ដូរជីវភាពរស់នៅប្រចាំថ្ងៃនោះទេ តែរាងកាយ និងអារម្មណ៍របស់អ្នកក៏មានការប្ដូរផ្លាស់ច្រើន។ ការមានកូនមួយ ឬពីរក្នុងគ្រួសារ វានឹងធ្វើឱ្យមានក្ដីសប្បាយរីករាយ ប៉ុន្ដែអ្នកក៏ត្រូវប្រឈមនឹងការឡើងទម្ងន់ហួសកម្រិត ដែលជាបញ្ហាមួយត្រូវបានស្ដ្រីជាច្រើនមានការព្រួយបារម្ភ។
ក្រោយពេលឆ្លងទន្លេ វិធីបញ្ចុះទម្ងន់បន្ដិចម្ដងៗ ប្រកបដោយប្រសិទ្ធិភាព និងដាច់ខាតមិនមានផលប៉ះពាល់ដល់សុខភាពម្ដាយ និងកូន គឺជាប្រការដែលគួរយកចិត្តទុកដាក់។ ខាងក្រោមនេះគឺជាវិធី ៣យ៉ាង ជួយឱ្យអ្នកបញ្ចុះទម្ងន់បានយ៉ាងឆាប់រហ័ស ក្រោយពីឆ្លងទន្លេ។
១/ បំបៅកូនដោយទឹកដោះម្ដាយ
នៅក្នុងសម័យទំនើបបច្ចុប្បន្ន ស្ដ្រីជាច្រើនយល់ថា ការបំបៅកូនដោយទឹកដោះម្ដាយ គឺប៉ះពាល់ដល់សម្រស់របស់ខ្លួន ប៉ុន្ដែនេះគឺជាការយល់ខុសមួយដែលគួរចៀសវាង ព្រោះវាក៏ប៉ះពាល់ដល់សុខភាពទារក។ ការមិនបំបៅកូនដោយទឹកដោះម្ដាយ នឹងធ្វើឱ្យទារកមិនបានរីកចម្រើនល្អ ដោយសារមិនអាចទទួលបានសារជាតិបំប៉នចាំបាច់គ្រប់គ្រាន់។
ការចិញ្ចឹមកូនដោយទឹកដោះម្ដាយ ក៏ជួយរួមចំណែកក្នុងការបញ្ចុះទម្ងន់ផងដែរ ដោយសារតែវាជួយស្រូបយកកាឡូរីពីរាងកាយ និងធ្វើឱ្យជាតិខ្លាញ់ដែលប្រមូលផ្ដុំក្នុងរាងកាយ ថយចុះ។ ក្រុមអ្នកវិទ្យាសាស្ដ្របានធ្វើការពិសោធបញ្ជាក់ថា នៅពេលស្ដ្រីបំបៅកូនដោយទឹកដោះម្ដាយក្នុងកម្រិតមធ្យម នឹងជួយដុតកម្ទេចកាឡូរី ប្រហែល ៥០០ ក្នុងការបំបៅម្ដងៗ ដូច្នេះនឹងជួយកាត់បន្ថយជាតិខ្លាញ់សល់នៅក្នុងរាងកាយរបស់អ្នកម្ដាយ ធ្វើឱ្យទម្ងន់ត្រូវធ្លាក់ចុះ។
ទន្ទឹមនឹងផលប្រយោជន៍ជួយបញ្ចុះទម្ងន់របស់អ្នកម្ដាយ បន្ទាប់ពីឆ្លងទន្លេ សុខភាពរបស់ទារក ក៏ត្រូវបានធានា ដោយសារទទួលបានជាតិបំប៉នគ្រប់គ្រាន់ពីទឹកដោះម្ដាយ ក្នុងរយៈពេលប៉ុន្មានខែដំបូង។
២/ មិនត្រូវហូបតម
ការតមអាហារគឺជាប្រការដែលមិនគួរឱ្យកើតឡើង បន្ទាប់ពីឆ្លងទន្លេ ព្រោះថា អ្នកនឹងត្រូវការជីវជាតិជាច្រើន ដើម្បីផ្គត់ផ្គង់ដល់រាងកាយ និងកូនរបស់អ្នក។ ការតមអាហារនឹងបង្កឱ្យមានកង្វះថាមពល និងជាតិបំប៉នសម្រាប់រាងកាយ។ មិនត្រឹមតែធ្វើឱ្យរាងកាយរបស់អ្នកម្ដាយ និងទារករីកចម្រើនក្នុងល្បឿនយឺតៗ បណ្ដាលឱ្យអ្នកអស់កម្លាំង ប៉ុណ្ណោះទេ វាថែមទាំងនាំឱ្យអ្នកត្រូវឡើងទម្ងន់ ដោយសារសម្ពាធនៃការចង់ហូបអាហារ។
ពិសេស ប្រសិនអ្នកកំពុងស្ថិតក្នុងដំណាក់កាលបំបៅកូន នោះការតមអាហារនឹងធ្វើឱ្យបាត់បង់ទឹកដោះ។ ជំនួសឱ្យការតមអាហារ ចូរបង្កើតរបបអាហារ និងភេសជ្ជៈសមស្រប មានតុល្យភាពរវាងប្រភេទអាហារ ប្រការនេះនឹងជួយឱ្យទម្ងន់របស់រាងកាយ ធ្លាក់ចុះបន្ដិចម្ដងៗ ទៅតាមពេលវេលា។ អ្នកគួរមានផ្លែឈើស្រស់ត្រៀមក្នុងទូរទឹកកក ដើម្បីហូបនៅពេលឃ្លាន ដោយមិនបាច់បារម្ភពីការឡើងទម្ងន់។
៣/ ហាត់ប្រាណសមស្រប
ការហាត់ប្រាណដើម្បីបញ្ចុះទម្ងន់ គឺជាប្រការសំខាន់ ប្រសិនអ្នកមានបំណងចង់មានរូបរាងស្រឡូន និងសុខភាពល្អ។ ចំពោះអ្នកម្ដាយដែលទើបឆ្លងទន្លេ ការហាត់ប្រាណសមស្របនឹងជួយឱ្យឈាមដើរបានល្អ ក្រោយពីមួយរយៈពេលគេងរង់ចាំឆ្លងទន្លេ និងចិញ្ចឹមកូន។
យ៉ាងនេះក្ដី នៅពេលហាត់ប្រាណ អ្នកត្រូវយកចិត្តទុកដាក់ទៅលើកម្រិតនៃការហាត់របស់ខ្លួន។ មិនត្រូវហាត់ដោយប្រើកម្លាំងខ្លាំងពេកនោះទេ ព្រោះវានឹងប៉ះពាល់ដល់ឆ្អឹងសន្លាក់ និងរាងកាយ។ អ្នកត្រូវហាត់ប្រាណដោយប្រើប្រាស់ក្បាច់ហាត់សាមញ្ញ និងស្រាលៗ ហើយបង្កើនកម្រិតបន្ដិចម្ដងៗ ដែលប្រកបដោយភាពអត់ធ្មត់ និងមានរបៀប។
ដោយ ៖ តារា
ប្រភព ៖ Eva/Ve