យានយន្ដ៖ ក្រុមហ៊ុនរថយន្ដប្រណិត Audi បានធ្វើការបង្ហាញពីស្នាដៃកំណែទម្រង់ ថ្មីមួយទៀតហើយ ជាមួយ ម៉ូដែល Audi Q7 E-Tron 2.0 TFSI ស៊េរីឆ្នាំ ២០១៦ ដែល ម៉ូដែលមួយនេះក្រុមហ៊ុនសូមឧទ្ទេសនាមថា មានតែនៅក្នុងទឹកដីអាស៊ីតែប៉ុណ្ណោះ ។
គ្រាន់តែជាការបង្ហាញពីរូបរាងលើកដំបូងប៉ុណ្ណោះ ក៏មានការចាប់អារម្មណ៍ ព្រមទាំងការងឿងឆ្ងល់ជាច្រើន ជាមួយម៉ូដែលមួយនេះ ដោយហេតុ សមាសភាពរូបរាងខាងក្រៅ នៃម៉ូដែល Audi Q7 E-Tron 2.0 TFSI នេះ ដូចគ្នាទាំងស្រុងទៅនឹង ម៉ូដែល Audi Q7 e-tron 3.0 TDI ដែលជាម៉ូដែល កំពុងតែពេញនិយមបំផុត ក្នុងទឹកដីអឺរ៉ុប ។ មិនត្រឹមតែប៉ុណ្ណោះទម្រង់នៃការបំពាក់ប្រព័ន្ធគ្រប់គ្រង ក៏ស្ទើរតែដូចគ្នាទាំងផងដែរ ។
យោងតាមការបកស្រាយរបស់ គេហទំព័រពាណិជ្ជកម្មអន្ដរជាតិមួយ បានបន្ដឲ្យដឹងថា Audi Q7 E-Tron 2.0 TFSI គឺជាគម្រោងស្នាដៃ ឆ្នៃចេញពីម៉ូដែល Audi Q7 e-tron 3.0 TDI នេះទេ ខណៈដែលគម្រោងផលិតផល មួយនេះ មានភាពខុសប្លែកគ្នាតែបន្ដិចប៉ុណ្ណោះត្រង់លក្ខខណ្ឌកម្លាំងម៉ាស៊ីន ដែលផលិតទៅតាម ទីផ្សារប្រទេសផ្សេងគ្នា ដូចជា Audi Q7 E-Tron 2.0 TFSI សម្រាប់ ប្រទេសទឹកដីអាស៊ី ហើយ Audi Q7 e-tron 3.0 TDI សម្រាប់ប្រទេសទឹកដីអឺរ៉ុប ពីព្រោះនៅទីនោះ ទីផ្សាររថយន្ដទំនើប គឺមិនចូលចិត្ដ រថយន្ដដែលបំពាក់ជាមួយ កម្លាំងម៉ាស៊ីនប្រើម៉ាស៊ូតនោះទេ ។
Audi Q7 E-Tron 2.0 TFSI គឺជាគម្រោងស្នាដៃថ្មីប្រើបច្ចេកវិទ្យាទំនើប ច្រើន ជាពិសេសប្រព័ន្ធគ្រប់គ្រងបញ្ជា ដែលពេញនិយមដោយ ថាច់ស្គ្រីន (Touch Screen) ចំណែកសមត្ថភាពកម្លាំងគឺ ៤ ម៉ាស៊ីន ត្រូវខ្នាតរង្វាស់ ២.០ liter ប្រើប្រអប់លេខ tiptronic ស្មើរនឹង ៨ លេខ ។ រីឯប្រព័ន្ធហាយប្រ៊ីត វិញ ក៏មានការកែប្រែគុណភាពឲ្យខុសគ្នាពីម៉ូដែល Audi Q7 e-tron 3.0 TDI ។ លក្ខណៈរបស់ Q7 E-Tron 2.0 TFSI ក៏មានលក្ខណៈពិសេស ត្រង់ផ្ដល់ឲ្យអតិជន ២ ជម្រើស មួយម៉ាស៊ីនប្រើសាំង ហើយ មួយទៀតប្រើម៉ាស៊ូត ។ ចំណែកតម្លៃវិញគឺ ៧៥០០០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed