CamNews

យល់ដឹង 

ជំនឿប្រពៃណី នៃជនជាតិខ្មែរ ក្នុងពិធីបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ភ្នំពេញ៖ បិណ្ឌ មានន័យថា ជាការប្រមូល ឬពូតឲ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺអាហារ ដែលប្រមូលផ្តុំដាក់ក្នុងបា ត្រ។ ឯពាក្យភ្ជុំ គឺធ្វើឲ្យប្រជុំគ្នា ឬធ្វើឲ្យជួបជុំគ្នា។ ប្រជារាស្ត្រខ្មែរបានឲ្យតម្លៃ និងសារៈសំខាន់ទៅលើបុណ្យធំៗ ពីរ  គឺបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះ និងពិធីបុណ្យចូលឆ្នាំថ្មី។ គេតែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងទីវត្ត អារាម ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ក្នុងអំឡុង ១៥ថ្ងៃនេះ គេតាំងចិត្ត ដាច់ខាតត្រូវតែទៅវត្តឲ្យបានម្តងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ ទោះជាមានការមមាញឹក ឬ ក្រីក្រ លំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ ១៥រោច ជាថ្ងៃបង្ហើយគេហៅថា «ភ្ជុំបិណ្ឌ»។

រឿងហេតុទាំងអស់នោះ ក៏ដោយសារគេមានជំនឿយ៉ាងមុតមាំតាមសណ្តាប់ចាស់ៗ ដែលពោលណែនាំ និងធ្វើតៗ គ្នា ដោយអនុវត្តជារៀងរាល់ឆ្នាំជាយូរមកហើយ។ ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចេតនានឹកគិត និង អាណិត ចំពោះញាតិសណ្តាន ដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ដែលដល់រដូវអាច បានមកទទួលយកភោគផល។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាន នរក ប្រេត កើតក្នុងអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបាន ឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យនេះ គេបានដោះ លែងឲ្យមកទទួលយកផល្លានិសង្ស ដែលញាតិសាច់សាលោហិត ធ្វើបុណ្យឧទ្ទិសឲ្យ។ ម៉្យាងទៀតគេខ្លាចអ្នកទាំង អស់នោះ ដាក់ប្រទេចបណ្តាសាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់ ៧វត្តហើយ មិនឃើញសាច់ញាតិធ្វើ បុណ្យបញ្ជូនកុសលឲ្យទេនោះ។ ជាមួយគ្នានេះដែរ ដែលគេមានក្តីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមាន សទ្ធាបានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឲ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួលវិញដែរនូវសេចក្តីសុខ  និងសេចក្តីចម្រើន។

ប្រវត្តិបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ទាក់ទងព្រះពុទ្ធសាសនា

ដើមកំណើតបុណ្យនេះ មិនមានឯកសារណាមួយបានបរិយាយថា ចាប់ធ្វើពីសម័យណាទេ។ ប៉ុន្តែក្នុងគម្ពីរតិរោកុឌ្ឌ  សូត្របានបរិយាយថា ព្រះបាទពិម្ពិសារមានពួកញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ធ គឺស៊ីបាយមុនលោក  លុះចាកលោក (ស្លាប់) ទៅកាន់លោកខាងមុខ ក៏កើតទៅជាប្រេត។ លុះដល់ព្រះសម្ពុទ្ធព្រះនាម កុក្កសន្ធោ បាន ត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះទៅសួរព្រះអង្គថា «ចុះយើងខ្ញុំកាលណា បានអាហារបរិភោគ?» ព្រះ ពុទ្ធត្រាស់ថា «ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថាគត អ្នកទាំងឡាយមិនត្រូវបានអាហារបរិភោគទេ»។  លុះដល់ព្រះពុទ្ធព្រះនាម នាគមនោ បានត្រាស់ដឹង ពួកប្រេតទាំងនោះនាំគ្នាទៅសួរទៀត។ ព្រះពុទ្ធព្រះនាម នាគ មនោ ក៏ត្រាស់ប្រាប់ដូចព្រះពុទ្ធមុនទៀត។ ពេលព្រះពុទ្ធ ព្រះនាម កស្សបោ បានត្រាស់ដឹង ក៏មានហេតុដូចគ្នា។  ទើបមកដល់ព្រះសម្ពុទ្ធ ព្រះនាម សមណគោត្តម យើងនេះ ព្រះអង្គទ្រង់ត្រាស់ថា «ចាំមើលព្រះបាទ ពិម្ពិសារជា ញាតិ របស់អ្នកទាំងឡាយទ្រង់ឲ្យទានដល់ តថាគត នោះនឹងញាំងអាហារឲ្យសម្រេចដល់អ្នកទាំងឡាយ»។

លុះព្រះបាទ ពិម្ពិសារ បានថ្វាយទានជាដំបូង ហើយមិនផ្សាយទៅឲ្យពួកញាតិ ក៏ស្រាប់តែពួកប្រេតជាញាតិទាំង  ឡាយនោះ យំស្រែកទ្រហឹងក្នុងពេលរាត្រីនោះ។ ព្រះបាទ ពិម្ពិសារ ស្តេចយាងទៅកាន់វត្តវេឡុវ័ន ហើយទូលសួរ ព្រះពុទ្ធ ព្រះអង្គត្រាស់ថា «ពួកប្រេតជាញាតិ របស់ព្រះអង្គនាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះ ត្រូវបានអា  ហារបរិភោគក្នុងសាសនា តថាគត»។ ប៉ុន្តែព្រះអង្គ បានធ្វើបុណ្យហើយមិនបានផ្សាយផលទៅឲ្យ។ ពេលព្រះអង្គ បានជ្រាបហើយ ក៏ចាត់ចែងធ្វើបុណ្យបញ្ជូនទៅឲ្យ។ ពួកប្រេតទាំងនោះ ក៏បានទទួលផល ក្នុងពេលនោះហើយ។

កម្មវិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ

ពេលរសៀលថ្ងៃ ១៥កើត ខែភទ្របទ ពុទ្ធបរិស័ទ បានមកជួបជុំគ្នានៅសាលាឆាន់ក្នុងវត្ត។ អ្នក ដែលបានព្រម ទទួលបន្ទុកចំណាយប្រាក់កាសក្នុងការទិញម្ហូបអាហារ ភេសជ្ជៈ ឬរណ្តាប់រៀបចំពិធីសម្រាប់ថ្ងៃទី១ គឺថ្ងៃ ១រោច  ខែភទ្របទ ដែលគេនិយមហៅថា កាន់បិណ្ឌ ហើយថា បិណ្ឌ១ គេត្រូវមកកាន់ទីវត្ត ដើម្បីដំណើរការពិធីដូចតទៅ៖

១- អ្នកកាន់វេន និងពុទ្ធបរិស័ទទាំងអស់ នាំគ្នារៀបចំបាយបិណ្ឌ។ បាយបិណ្ឌ គឺជាបាយ ដែលគេដាំពីអង្ករដំណើប  ហើយពួតលាយជាមួយគ្នា គេត្រូវរៀបចំពានបិណ្ឌ ឬ ហៅជើងបិណ្ឌ នោះជាពីរចំណែក ទុកប្រគេនព្រះសង្ឃមួយ ចំណែក សម្រាប់ឧទ្ធិសដល់អ្នក ដែលចែកឋានទៅ និងជូនអាចារ្យមួយចំណែកនៅថ្ងៃកាន់បិណ្ឌរបស់គេ ដើម្បីជា ការដឹងគុណ ដែលលោកហត់នឿយជួយចាត់ចែងពិធី។ ការរៀបជើងបិណ្ឌ មានដាក់ផ្លែឈើគ្រប់មុខ នំ អង្ករ ប្រាក់ កាសខ្លះតាមសទ្ធា និងចំណូលចិត្តរបស់អ្នកកាន់បិណ្ឌ ឬអ្នកដទៃផ្សេងទៀត ដែលគេបានយកមកដាក់ចូលរួមជា  មួយដែរ។ គេពួតបាយធ្វើជាផ្កាបិណ្ឌទៀត កំណត់រាប់តាមចំនួន វេនបិណ្ឌ។ ឧទាហរណ៍ ថ្ងៃបិណ្ឌ៥ គេធ្វើ៥ ថ្ងៃ បិណ្ឌ១០ គេធ្វើ ១០ដែរ។ ផ្កាបិណ្ឌនេះ គេធ្វើដោយសន្លឹកចេកកេវជាកន្ទោងរួចកាត់ចេកទុំមួយចំណិតញាត់ត្រង់ កំពូលស្រួច ហើយញាត់បាយ ដំណើបរហូតដល់ពេញ រួចបានផ្កាប់បញ្ឈរចេញជារាងសាជី គេដោតទង់តូចៗ និង ផ្កាចំរុះ គ្រប់ពណ៌ពីលើជាលំអ សម្រាប់ឧទ្ធិសថ្វាយដល់ព្រះចូឡាមណីចេតិយ។

២- នៅពេលព្រលប់ លោកអាចារ្យ អ្នកកាន់វេន និងពុទ្ធបរិស័ទទាំងអស់ប្រារឰធ្វើពិធីថ្វាយបង្គំព្រះ និងឧទ្ទិសហៅ ដួងព្រលឹង អ្នកដែលបានចែកឋានទៅ អញ្ជើញមកទទួលកុសល និងសូត្រប្រតិស្ថានបាយបិណ្ឌ។

៣- ព្រះសង្ឃ និមន្តចូលក្នុងសាលាឆាន់ ដើម្បីសូត្រធម៌ចំរើនព្រះបរិត្ត និងឧទ្ទិសកុសលបាចទឹកមន្ត គឺពិធីក្រុងពលី បាយបិណ្ឌ។

៤- ព្រះសង្ឃទេសនាច្រើនទេសន៍ពីអានិសង្សនៃកុសលដែលបានឧទ្ទិសដល់អ្នកចែកឋាន ឬ ពីកុសលផ្សេងៗ  ដែលពាក់ព័ន្ធដល់ពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។

៥- ព្រះសង្ឃ (ប្រធានសង្ឃ) ប្រទានឱវាទខ្លះៗសម្រាប់កម្មវិធីបុណ្យនាវេលាទៀបភ្លឺ។ ថ្ងៃស្អែក ពេលជិតភ្លឺវេលា ប្រហែលម៉ោង៤ ព្រះសង្ឃទូងស្គរជាសញ្ញាដាស់ឲ្យភ្ញាក់ពីដំណេកដើម្បីដំណើរការពិធីបន្តដូចតទៅ៖

- ព្រះសង្ឃ ចូលក្នុងព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះ។ រីឯពុទ្ធបរិស័ទ និងអ្នកកាន់វេនបិណ្ឌ នាំគ្នាចូលទៅសាលា ឆាន់ អុជទៀន ធូប រៀបចំបាយបិណ្ឌ និងថ្វាយបង្គំព្រះ។

- ព្រះសង្ឃ និមន្តពីព្រះវិហារចូលមកកាន់សាលាឆាន់ ដើម្បី សូត្របរាភវសូត្រ  ដែលគេនិយមហៅកាត់ថា «សូត្រ បរា»។ បរាភវសូត្រនេះ គឺជាធម៌ដែលចែងពីរឿងវិនាស ១២ប្រការ មាន អំពើផិតក្បត់, ការលេងល្បែង៣ប្រការ  ស្រី ស្រា ល្បែង, ការមិនត្រេកអរក្នុងធម៌, អ្នកមាន ទ្រព្យសម្បត្តិមិនចិញ្ចឹមមាតាបិតា, ការសេពគប់បុគ្គលពាល  ៘

- សូត្របរាចប់ ព្រះសង្ឃបង្សុកូល និងឧទ្ទិសបាយបិណ្ឌដល់ប្រេតនរក។ ក្រោយពេលព្រះសង្ឃសូត្រចប់ អាចារ្យ វាយគងហើយភ្លេងពិណពាទ្យចាប់កំដរពិធី។

- ភ្លេងប្រគុំកំដរជាហូរហែ ព្រមគ្នាជាមួយព្រះសង្ឃសូត្រធម៌ឧទ្ធិសជាបន្តបន្ទាប់នោះ ពួកពុទ្ធបរិស័ទទាំងអស់ កាន់ ចានបាយបិណ្ឌរៀងៗខ្លួនដើរតម្រង់ទៅព្រះវិហារដើម្បីប្រទក្សិណ៣ជុំព្រះវិហារ ដែលគេហៅថា «បោះបាយបិណ្ឌ» ។ ពេលដើរជុំវិញព្រះវិហារនោះ គេត្រូវដុតធូបប្រាំសរសៃនៅលើចានបាយបិណ្ឌ។ ឱកាសដើរព័ទ្ធបានមួយជុំ អាចា រ្យប្រកាសថា អនុមោទនា លោកអើយ! ទាំងអស់គ្នាស្រែកទទួលថា សាធុ ! រួចគេចាប់យកបាយមួយដុំដាក់ទៅលើ ដី ឬបោះគ្រវែងទៅកាន់ទីឆ្ងាយហើយដោតធូបមួយសរសៃ ដោតផ្កាឈូក ឬផ្កាផ្សេងៗមួយទង នៅលើដីដែរ។ គេ ធ្វើបែបនេះគំរប់៣ដង។ រីឯបាយបិណ្ឌ និងធូបនៅសល់ គេនាំយកតាមអាចារ្យដែលអញ្ជើញចេញទៅក្រៅវត្តទៅ កាន់ទីដែលនៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើធំៗ ហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះទៅលើដីដើម្បី ឲ្យខ្មោចដែលគ្មានបងប្អូន ធ្វើបុណ្យបញ្ជូនឲ្យ។ អាចារ្យបានហាមមិនឲ្យលាងចាន និងលាងដៃនៅទីនោះឡើយ  ព្រោះហាក់ដូចជាអសីលធម៌ដល់ខ្មោចដែលកំពុងទទួល។ បន្ទាប់ពីចាក់បាយបិណ្ឌទៅលើដីអស់គ្រប់គ្នាហើយ អា ចារ្យធ្វើពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឲ្យប្រេតទាំងនោះ ដែលមកចាំទទួលដែរតែគ្មានញាតិសន្តា នឧទ្ទិសឲ្យ។

- បន្ទាប់ពីចប់កិច្ចក្រៅវត្ត ពុទ្ធបរិស័ទទាំងអស់បានចូលមកកាន់សាលាឆាន់វិញ ដើម្បីរៀបចំ ប្រគេនព្រះសង្ឃឆាន់ ពេលព្រឹក។

- ព្រះសង្ឃ បានរៀបចំពិធីបង្សុកូល ដើម្បីឲ្យពុទ្ធបរិស័ទរាប់បាត្រ។

- ចាប់ពីម៉ោង ៨ព្រឹកទៅ គេសង្កេតឃើញថា មានអ្នកស្រុក អ្នកភូមិបានយកបាយ ម្ហូប នំចំណី ផ្លែឈើគ្រប់មុខជា បន្តបន្ទាប់ ដើម្បីប្រគេនព្រះសង្ឃឆាន់ត្រង់ និងរាប់បាត្រជាបណ្តើរៗ រហូតដល់ម៉ោង១១។

- ម៉ោង១១ អាចារ្យទូងស្គរម្តងទៀត ដើម្បីប្រជុំព្រះសង្ឃឆាន់ថ្ងៃត្រង់។

- ពុទ្ធបរិស័ទប្រជុំគ្នាថ្វាយបង្គំព្រះ និងសមាទានសីលចប់ ព្រះសង្ឃធ្វើពិធីដារឆ្លង ដើម្បីជាកិច្ចបញ្ចប់បុណ្យនៃវេននីមួយៗ។

កម្មវិធីដែលដំណើរការបានកន្លងមកហើយនោះ បានអនុវត្តជាបន្តបន្ទាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ គឺវេនទី១ ឬបិណ្ឌ១  រហូតដល់វេនទី១៤ ឬបិណ្ឌ១៤។ ចំណែកថ្ងៃទី១៥រោច ខែភទ្របទ គឺជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ” ព្រោះគឺជា ការប្រជុំអ្នកកាន់វេន ព្រមទាំងពុទ្ធបរិស័ទដើម្បីឆ្លងបញ្ចប់បុណ្យ។ ឯកិច្ចឆ្លងកុសលនេះ គេរៀបចំដូចវេននីមួយៗ ដែរ គ្រាន់តែថ្ងៃទី១៥ អ្នកកាន់វេនមកចូលរួមគ្រប់គ្នា ចំណែកពុទ្ធបរិស័ទ ក៏បានមកចូលរួមច្រើនកុះករលើសថ្ងៃមុន  ៗ។

ចំណែកតាមគេហដ្ឋាន នៅពេលក្របីចូលក្រោល ប្រជារាស្ត្រខ្មែរបានរៀបចំសែនដូនតា ដោយមានរៀបកំរាលសពី លើខ្នើយប្រវែងប្រហែលពីរម៉ែត្រ ដាក់សំលៀកបំពាក់ឆ្វេងស្តាំ ។ រណ្តាប់ហូបចុកមាន ម្លូស្លាបារី បង្អែម ចំអាប ផ្លែ ឈើ ភេសជ្ជៈ និងទឹកមួយផ្តិលបង់ផ្កាម្លិះផង ។ នៅលើចានម្ហូបអាហារ ផ្លែឈើសុទ្ធតែបានអុជធូបមួយសរសៃ  ដើម្បីឲ្យបានជ្រាប ហើយអុជទៀនបំភ្លឺព្រោងព្រាតផង។

នៅពេលល្ងាចនោះដែរ គេបានយកស្រទបចេក ឬដើមចេក មករចនាធ្វើជាទូក ឬសំពៅទុក សម្រាប់ព្រឹកស្អែក  ពេលព្រះអាទិត្យជិតរះច្បាស់ ដើម្បីជូនដូនតាជិះត្រឡប់វិលទៅទីស្នាក់អាស្រ័យវិញ។ នៅលើទូក ឬ សំពៅនោះ ដែរ គេដាក់ថង់តូចៗដែលមានដាក់ស្រូវ អង្ករ អំបិល ពោត សណ្តែក ល្ងឆៅ…សម្រាប់ទុកជូនដូនតាហូបចុកបន្ត ទៀត៕ (ដកស្រង់ចេញពីឯកសារមួយចំនួនរបស់ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh