មនុស្សច្រើនតែងតែព្យាយាមគេងឲ្យបានលក់ស្កប់ស្កល់។ ប៉ុន្តែមានមនុស្សមួយចំនួនតែងតែមានអាការៈ មិនសូវស្រូល នៅពេលដែលគេក្រោកពីគេង ទោះបីជាគេគេងបានលក់ស្កប់ស្កល់ហើយក៏ដោយ។ អ្នកសិក្សាមួយចំនួនតែងតែត្អូញត្អែរថា បន្ទាប់ពីក្រោកពីគេង គេមិនបានចាំមេរៀនដែលបានទន្ទេញពីយប់សោះ។ ដូច្នេះតើអ្នកគួរមានវិធានការបែបណាចំពោះបញ្ហាទាំងអស់នេះ?
ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន ដើម្បីជួយលោកអ្នកក្នុងការទទួលទានដំណេកបានលក់ស្កប់ស្កល់៖
១- ទាក់ទងទៅនឹងខ្នើយរបស់លោកអ្នក។ ខ្នើយដែលចាស់ ហើយមានកម្ពស់មិនត្រូវនឹងកម្ពស់របស់លោកអ្នក ហើយជាខ្នើយដែលរឹងអាចធ្វើឲ្យលោកអ្នកឈឺខ្នង ឬកញ្ជឹងក ជាមូលហេតុដែលធ្វើឲ្យលោកអ្នកគេងមិនបានស្រួល។
២- ទាក់ទងទៅនឹងលោកអ្នកដែលឧស្សាហ៍ទទួលទានកាហ្វេ ឬអ្នកពិសាបារី។ ជាតិនៃកាហ្វេ ឬថ្នាំជក់ នឹងធ្វើឲ្យខួរក្បាលលោកអ្នកនៅតែបន្តគិត ឬនៅតែបន្តធ្វើការ បើទោះបីជាលោកអ្នកបានគេងលក់ហើយក៏ដោយ។
៣- ទាក់ទងទៅនឹងខ្យល់អាកាសក្នុងបន្ទប់ ដែលលោកអ្នកគេង។ លោកអ្នកគួរតែបើកបង្អួច ឬរៀបចំបន្ទប់ឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានខ្យល់បរិសុទ្ធ ពិសេសគឺអុកស៊ីសែនដែលនឹងជួយឲ្យលោកអ្នកមានកម្លាំង បន្ទាប់ពីលោកអ្នកក្រោកពីគេង។
៤- ញ៉ាំអាហារដែលសម្បូរជាតិវីតាមីន D ដូចជា ត្រី ស៊ុត សណ្តែក ផ្សិតជាដើម។
៥- ការហាត់កីឡា គឺជាកត្តាដែលសំខាន់ណាស់សម្រាប់លោកអ្នកដែលធ្វើការនៅការិយាល័យជាប្រចាំ។
៦- ហាមខាត់ដាច់ខាតមិនឲ្យលោកអ្នកមើលទូរទស្សន៍ដល់យប់ជ្រៅ។ នេះជាកត្តាដែលធ្វើឲ្យខួរក្បាលលោកអ្នកងាយនឹងបាត់បង់ការចងចាំ ព្រោះពេញ១យប់នោះ ខួរក្បាលលោកអ្នកនៅតែបន្តធ្វើការ មិនបានសម្រាក៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង