បញ្ហាសក់ស្ដើង អាចកើតឡើងខ្ពស់អាស្រ័យទៅនឹងអាយុរបស់មនុស្សម្នាក់ៗ។ មូលហេតុដ៏សាមញ្ញ ដែលធ្វើឱ្យសក់ស្ដើង អាចរួមទាំងកត្ដាមួយចំនួនទៀតដូចជា អតុល្យភាពអ័កម៉ូន កង្វះជាតិប្រូតេអ៊ីន និងកត្ដាផ្សេងៗទៀត។ មនុស្សម្នាក់អាចបង្កើនការទទួលទានអាហារសម្បូរជាតិប្រូតេអ៊ីន ដើម្បីទទួលបាននូវសក់មានសុខភាពល្អ និងរឹងមាំ។ បញ្ហាសក់ស្ដើងគួរតែត្រូវបានព្យាបាលឱ្យត្រូវពេលដើម្បីបញ្ចៀសបញ្ហាទំពែក។ វិធីព្យាបាលបែបធម្មជាតិដ៏សាមញ្ញខាងក្រោមអាចត្រូវបានប្រើដើម្បីព្យាបាលបញ្ហាសក់ស្ដើង។
១. ប្រេងដូង៖ អ្នកអាចប្រើប្រាស់សមាសធាតុផ្សំនៃប្រេងដូង( ៤ស្លាបព្រាបាយ) និងទឹកក្រូចឆ្មារ(២ស្លាបព្រាកាហ្វេ) ដើម្បីព្យាបាលបញ្ហាសក់ស្ដើង។ អ្នកជំនាញណែនាំឱ្យអ្នកធ្វើការម៉ាស្សាស្បែកក្បាលជាមួយនឹងសមាសធាតុផ្សំនេះឱ្យបាន ១០ ទៅ១៥នាទី។ លើសពីនេះទៀត សមាសធាតុផ្សំនេះគួរតែត្រូវបានលាងជម្រះ ក្រោយរយៈពេល ៦០ ទៅ ៧៥នាទី ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការប្រើវិធីសាស្រ្ដបែបធម្មជាតិនេះអាចជួយអ្នក ក្នុងការរក្សាសក់របស់អ្នកឱ្យនៅស្អាត។
២. ប្រទាលកន្ទុយក្រពើ៖ ការលុញជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើស្រស់ និងប្រេងអាល់ម៉ិនពីរ ឬបីដំណក់នៅលើស្បែកក្បាល អាចជួយអ្នកក្នុងការព្យាបាលបញ្ហាសក់ស្ដើង។ ការពិសាទឹកប្រទាលកន្ទុយក្រពើអាចលើកកម្ពស់ការលូតលាស់របស់សក់។ វាជារឿងគួរឱ្យចាប់អារម្មណ៍ក្នុងការកត់សម្គាល់ថា ជាតិអន្ធិលប្រទាលកន្ទុយក្រពើស្រស់ អាចត្រូវបានប្រើប្រាស់ជាថ្នាំអប់សក់ដើម្បីឱ្យសក់រក្សានូវភាពរលើបរលោង។
៣. ប្រេងអូលាវ៖ ការម៉ាស្សាស្បែកក្បាលជាមួយប្រេងអូលាវ អាចព្យាបាលបញ្ហាសក់ស្ដើង។ អ្នកជំនាញណែនាំឱ្យអ្នក ធ្វើការលាងសម្អាតប្រេងអូលាវនេះក្រោយរយៈពេល ៦ ទៅ ៨ម៉ោងដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការលាបប្រេងអូលាវលើស្បែកក្បាលអាចជួយជម្រះចោលនូវភាពកខ្វក់ពីសក់។ លើសពីនេះទៀត វាអាចជួយលើកកម្ពស់សក់ឱ្យមានភាពស្រស់ស្អាត។
៤. ទឹកផ្លែឈើ៖ ការពិសាទឹកការ៉ុត គឺជាវិធីព្យាបាលបែបធម្មជាតិដ៏មានប្រសិទ្ធភាពមួយប្រភេទ ដើម្បីព្យាបាលសក់ស្ដើង។ ម្យ៉ាងទៀត អ្នកក៏អាចពិសាទឹកផ្ទីស្រស់ផងដែរ ដើម្បីព្យាបាលបញ្ហាសក់ស្ដើងនេះ។
៥. ទឹកខ្មេះ៖ ការដុសលាងស្បែកក្បាលដោយទឹកខ្មេះ ក្រោយការកក់សាប៊ូរអាចព្យាបាលបញ្ហាសក់ស្ដើងបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចប្រើការលាយបញ្ចូលគ្នារវាង ទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម(កន្លេះពែង) ទឹកក្ដៅឧណ្ហៗ(១ពែង) សម្រាប់សម្អាតសក់ ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការពិសាទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម(កន្លេះស្លាបព្រាកាហ្វេ)លាយជាមួយទឹកមួយកែវ ចំនួន ៣ ទៅ ៤ដងក្នុងមួយសប្ដាហ៍អាចលើកកម្ពស់ការលូតលាស់សក់បានល្អ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Top10remedies