ឥណ្ឌា កាលពីថ្ងៃទី ២៣សីហា ឱ្យដឹងថា យានអវកាស Mars Orbiter Mission របស់ប្រទេសនេះ
បច្ចុប្បន្ននៅឆ្ងាយពីភពព្រះអង្គារ ត្រឹមតែជិត ៩លានគីឡូម៉ែត្រតែប៉ុណ្ណោះ ហើយតាមគម្រោង
យាននេះនឹងទៅដល់ភពក្រហម ក្នុងរយៈពេល ៣៣ថ្ងៃទៀត។
យានអវកាស Mars Orbiter Mission (MOM) បច្ចុប្បន្ន បានហោះចេញឆ្ងាយពីផែនដី ប្រមាណជា
១៨៩លានគីឡូម៉ែត្រ និងនៅសល់តែ ៩លានគីឡូម៉ែត្រទៀតតែប៉ុណ្ណោះ នឹងទៅដល់ភពព្រះ
អង្គារ។ ទីភ្នាក់ងារអវកាសឥណ្ឌា (ISRO) បានឱ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា ៣៣ ថ្ងៃទៀត
យានអវកាស MOM នេះ នឹងទៅដល់ភពអង្គារ។
គួរបញ្ជាក់ថា MOM ស្ថិតនៅក្នុងគម្រោងអវកាសរបស់ឥណ្ឌា ដែលមានតម្លៃ ៤,៥ពាន់លាន
Rupee (៧៥លានដុល្លារអាមេរិក)។ យានអវកាសនេះ ត្រូវបានបាញ់បង្ហោះ កាលពីខែវិច្ឆិកា ឆ្នាំ
២០១៣ ចេញពីមជ្ឈមណ្ឌល Sriharikota ក្នុងរដ្ឋ Andhra Pradesh (ភាគខាងត្បូងឥណ្ឌា) ដោយ
មានបេសកកម្មស្រាវជ្រាវបរិយាកាស ទឹក និងស្វែងរករ៉ែ នៅលើភពអង្គារ។
គោលដៅរបស់ MOM គឺឆ្ពោះទៅកាន់បរិយាកាសរបស់ភពអង្គារ នៅថ្ងៃទី ២៤កញ្ញាខាងមុខ
ប្រការនេះ នឹងជួយឱ្យឥណ្ឌា ក្លាយជាប្រទេសដំបូងគេ ដែលទទួលបានជោគជ័យ ក្នុងការទៅ
ដល់ភពនេះ ក្នុងបេសកកម្មដំបូងបង្អស់របស់ខ្លួន។
យោងតាមទំព័រ Times of India ឱ្យដឹងថា មុននេះ អាមេរិកត្រូវចំណាយពេល បាញ់បង្ហោះដល់
ទៅ ៦លើក ទើបអាចបញ្ជូនយានអវកាសរបស់ខ្លួន ចូលទៅដល់បរិយាកាសភពព្រះអង្គារ
ចំណែកឯប្រទេសរុស្ស៊ីវិញ ក៏ត្រូវចំណាយដល់ទៅ ១០លើក ទើបសម្រេចបានជោគជ័យ។
គួរបញ្ជាក់ថា បច្ចុប្បន្ន មានតែអាមេរិក រុស្ស៊ី និងសហភាពអឺរ៉ុបប៉ុណ្ណោះ ដែលទទួលបានជោគ
ជ័យ ក្នុងការបញ្ជូនយានអវកាសទៅស្រាវជ្រាវភាពអង្គារ ហើយក្នុងនោះ ក៏មានតែអាមេរិក តែ
មួយគត់ ដែលបានបញ្ជូនយានស្រាវជ្រាវ ចុះដល់ភពអង្គារ នោះគឺយាន Curiosity៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ universetoday