CamNews

បច្ចេកវិទ្យា 

កាន់តែពិសេស! ទូរសព្ទស្មាតហ្វូនម៉ាកថ្មីនេះ ផ្ដល់ការធានា រយៈពេល ២ ឆ្នាំ

នាយកប្រតិបត្ដិលោក Pete Lau  បានប្រកាសជាសាធារណៈថា ទូរសព្ទស្មាតហ្វូនស៊េរី OnePlus 9 នឹងចេញលក់ ជាមួយនឹងការធានាការប្រើប្រាស់រយៈពេល ២ ឆ្នាំ ដែលផ្ទុយពីរយៈពេលធានា ១ ឆ្នាំតាមមាត្រដ្ឋានសហគ្រាស ។ តំបន់មួយចំនួន(ដូចជា សហភាពអឺរ៉ុប) មានផ្ដល់ការធានារយៈពេល ២ ឆ្នាំរួចទៅហើយ ទៅលើគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ប៉ុន្ដែប្រទេសភាគច្រើន នៅទូទាំងពិភពលោក មិនទាន់ផ្ដល់ការធានាយូរបែបនេះ នោះទេ ។  



ក្រុមហ៊ុនខាងលើ បានពិនិត្យមើល របាយការណ៍ស្ទង់មតិ និងរកឃើញថា អ្នកទិញទូរសព្ទម៉ូដែលនេះ ទុកទូរសព្ទនេះប្រើរយៈពេលជិត ២ ឆ្នាំ មុនពេលដូរស៊េរី ។ ការផ្ដល់ជូនរយៈពេលធានាថ្មីនេះ នឹងផ្ដល់ឱ្យអ្នកទិញនូវអារម្មណ៍មួយថា ការខូច Hardware ណាមួយ នឹងត្រូវជួសជុលជូនដោយមិនគិតថ្លៃបន្ថែម ។

ចំណែកផ្នែក Software ក៏ដូចគ្នា កាលពីពីរបីឆ្នាំកន្លងទៅ ក្រុមហ៊ុន OnePlus ប្ដេជ្ញាធ្វើទំនើបកម្ម(updates) លើប្រព័ន្ធប្រតិបត្ដិការរយៈពេល ២ ឆ្នាំម្ដង និងបន្ដរបាំងសុវត្ថិភាព(security patches) រយៈពេល ១ ឆ្នាំបន្ថែមទៀត ។ ចំណុចនេះ មានន័យថា ទូរសព្ទស្មាតហ្វូន ស៊េរី OnePlus 9 នឹងមានការគាំពារផ្នែក Hardware និង Software រហូតដល់ឆ្នាំ ២០២៣ ។



ទូរសព្ទស៊េរី OnePlus 9 នឹងចេញលក់នៅថ្ងៃទី ២៣ ខែមីនា ហើយទូរសព្ទម៉ូដែលនេះ នឹងនាំមកជាមួយនូវឆ្នាំងសាក Warp(Fast Charging) នៅក្នុងប្រអប់ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA