ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុល និយម ISIS បានកម្ទេចប្រាសាទបុរាណ Baalshamin នាទីក្រុង Palmyra ប្រទេសស៊ីរី នេះបើ យោង តាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំ ណាក់ មន្រ្តី និងក្រុមសកម្មជនស៊ីរី ។
ប្រធានវត្ថុបុរាណ ប្រទេសស៊ីរី ត្រូវបានសារព័ត៌មាន ដកស្រង់ សម្តី ដោយបានលើកឡើងអោយ ដឹងថា ប្រាសាទបុរាណខាងលើ ពិតជារងនូវការ វាយ ប្រហារ កំទេច ពីសំណាក់ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ពិតប្រាកដមែន អំឡុងថ្ងៃអាទិត្យកន្លង ទៅនេះ ។ អង្គការឃ្លាំមើលសិទ្ធមនុស្ស ស៊ីរី មានមូលដ្ឋាន នៅអង់គ្លេសនោះ ធ្វើសេចក្តីរាយការណ៍ អោយដឹងថា ការវាយប្រហារ កម្ទេច ប្រាសាទបុរាណខាងលើនេះ បានកើតឡើង តាំងពី១ខែមុនមកម្ល៉េះ ។
គួរបញ្ជាក់ថា ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម IS បាន ដណ្តើម គ្រប់គ្រងបានក្រុង Palmyra អំឡុងខែ ឧសភា កន្លងទៅ ញ៉ាំងមកនូវភាពភ័យខ្លាច ថាអាច នឹង មានផលអវិជ្ជមាន ដល់សម្បត្តិបេតិកភ ណ្ឌពិភពលោក ដែលចាត់ចូលទៅក្នុងបញ្ជី អង្គការ យូណេស្កូ ។
គួររំឮកថា ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម បានបំផ្លាញរួចទៅហើយ បណ្តាទីតាំងបុរាណជាច្រើននៅ ក្នុងប្រទេស អ៊ីរ៉ាក់។ លោក Maamoun Abdulkarim ប្រធានវត្ថុបុរាណ ពីប្រទេសស៊ីរីគូសបញ្ជាក់ ដល់សារព័ត៌មាន AFP អោយដឹងថា ៖ នៅថ្ងៃអាទិត្យនេះ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានដាក់បង្កៃ សារជាតិផ្ទុះជាច្រើន នៅក្នុងប្រាសាទ រួចធ្វើការបំផ្ទុះ ដែលនាំអោយប្រាសាទរងនូវ ការខូចខាតជាខ្លាំង ពោល ប្រាសាទរងនូវការបំផ្លាញផ្នែកខាងក្នុង និង បណ្ដាល ឲ្យសរសរទ្រូងធំៗជុំវិញនោះរលំបាក់ ។ ប្រាសាទនេះត្រូវគេសាងសង់ឡើងនៅក្នុងសតវត្សរ៍ទី ១៧ ហើយត្រូវគេពង្រីកនៅក្រោមការគ្រប់គ្រងរបស់អធិរាជរ៉ូម៉ង់ Hadrian ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី