(ភ្នំពេញ)៖ បន្ទាប់ពីតារាចម្រៀង សំឡេងស្រួយស្រែះ ដូចសារិកា អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញសារព្រមានដល់តារាសិចស៊ី ដេននី ខ្វាន់ កុំឲ្យយកសិល្បៈធ្វើជាឈ្នាន់ សាងភាពល្បីឈ្មោះ និងធ្វើខ្លួនជាមនុស្សសិចស៊ី លេចលើលេចក្រោម ខូចឈ្មោះដល់អ្នកសិល្បៈដទៃ រួចមក ស្រាប់តែប៉ុន្មានម៉ោងក្រោយមក តារាសិចស៊ី ដេននី ខ្វាន់ បានសរសេរសារ បង្ហាញក្នុងបណ្ដាញសង្គម របស់ខ្លួន ក្នុងន័យសម្ដៅដល់ អ្នកនាង ម៉េង កែវពេជ្ជតា វិញ ដោយបានប្រើពាក្យស្ដីធ្ងន់ៗ វាយបករហូតដល់ថ្នាក់ ប្រើពាក្យថា អាចនឹងមានបញ្ហា ខាងខួរក្បាល ព្រោះពីមុនត្រូវប្តីវៃទាត់ធាក់ ឡើងប្រសៃប្រសាទ ទៀតផង។
សារក្នុង Facebook របស់ ដេននី ខ្វាន់ បានបង្ហោះចេញ នៅប៉ុន្មាននាទីមុខនេះ នាងបានបញ្ជាក់ថា« ឆ្ងល់ណាស់មិចក៏មករមាស់ តែរឿងខ្ញុំចឹង? ខ្ញុំជាឃាតករ ឬក៏ដើរលួច ឆក់ប្លន់គេ បានជាម្នាក់ៗប្រឹងបើកបំពង់ក ស្រែកម៉្លេះ? ដូចជាមីងម្នាក់ចឹង តាំងខ្លួនឯងត្រឹមត្រូវ និងថ្លៃថ្នូរណាស់ ទាំងដែលខ្លួនឯងរលួយខ្វល់មិនគិតផង...ខ្ញុំសិចស៊ិ ក៏សិចស៊ីតែកាយ មិនដូចអ្នកសុភាព នឹងលើអង្គើរក្រោមនោះទេ។ មីងអែងនិយាយថា ឲ្យខ្ញុំបានល្អណាស់ តែខ្ញុំក៏ចង់ប្រាប់ទៅមីងវិញដែរ...មីងថាខ្ញុំថោក ហើយខ្លួនមីងថ្លៃណាស់ គឺថ្លៃពេកហើយ ថ្លៃដល់ថ្នាក់ប្តីលែងក្បាល នឹងហែកកេរ្តិ៍ពេញប្រទេសថា ខ្លួនមានសាហាយនឹងហើយឬ អ្នកថ្លៃថ្នូរ?»។
ដេននី ខ្វាន់ បានសរសេរបន្ថែមទៀតថា «តាមខ្ញុំដឹងខ្លួនមីង ធ្លាប់ស្លៀកពាក់សុភាព ជិតលើជិតក្រោមដែរ តែក៏ត្រូវគេរិះគន់ពេញប្រទេស មិចមិនគិតផង...ខ្ញុំមិនខឹងទេ ព្រោះមីងចាស់ហើយ អាចនឹងមានបញ្ហា ខាងខួរក្បាល ព្រោះពីមុនត្រូវប្តីវៃទាត់ធាក់ ឡើងប្រសៃប្រសាទហើយ ជូនពរឆាប់ជាពី ជំងឺប្រសៃប្រសាទណា (ផ្ញើរជូនអ្នកមីងផ្កាវល្លិ៍ផោម) »។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ នៅក្នុងបណ្ដាញសង្គម Facebook គេសង្កេតឃើញថា មានតារាសម្ដែង តារាចម្រៀងមួយចំនួន បានបញ្ចេញមតិរិះគន់គ្នាទៅវិញទៅមក ជុំវិញការស្លៀកពាក់សិចស៊ី ជាពិសេស គឺតារាសម្ដែងទើបចូលថ្មី កញ្ញា ដេននី ខ្វាន់ ព្រោះតែនាងបានបង្ហាញខ្លួន ក្នុងស្ថានភាពសិចស៊ី ខ្លាំង ដែលអ្នកសិល្បៈរស់ ក្នុងដំបូលតែមួយ គិតថា ហួសហេតុ មិនអាចទទួលយកបាន។
ប៉ុន្តែជាមួយគ្នានេះ ដេននី ខ្វាន់ ក៏បានបកស្រាយថា នាងសិចស៊ីបែបនេះ មិនមែនជាលក្ខណៈសាធារណៈ ឬឡើងប៉ុស្ដិ៍ទូរទស្សន៍ ឲ្យមហាជនឃើញ ពេញផ្ទៃប្រទេសឃើញឡើយ ពោលគឺនាងសិចស៊ី តែក្នុងកម្មវិធីលក្ខណៈឯកជន ឬគ្រួសារ នាងក៏ជានារីខ្មែរ មានបេះដូង មានឈាមឈ័រជាខ្មែរ ចេះស្រឡាញ់ប្រពៃណីដែរ ។ ការរិះគន់បែបនេះ បានធ្វើឲ្យនាង កើតទុក្ខមិនសុខចិត្តឡើយ នាងត្រូវតែចេញមុខតបតវិញ ៕
-អាន ៖ ម៉េង កែវពេជ្ជតា ព្រលះ ដេននី ខ្វាន់ យ៉ាងចាស់ដៃ ចំពោះសម្ដីដ៏ព្រហើនរបស់នាង
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង