CamNews

ព័ត៌មានអន្តរជាតិ 

ចិនយល់ព្រមប្រគល់នាវាមុជទឹក ឱ្យសហរដ្ឋអាមេ​រិកវិញ តែលោក ដូណាល់ ត្រាំ ថាអត់ចង់បាននាវាដែលចិន លួចទៅនោះទេ

(វ៉ាស៊ីនតោន)៖ ​រដ្ឋាភិបាលចិន នឹងប្រគល់កូននាវាមុជទឹកគ្មានមនុស្សបើក ដែលខ្លួនបានរឹបអូសទៅឱ្យសហរដ្ឋអាមេ​រិក វិញ ក៏ប៉ុន្តែព្រមពេលជាមួយទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថាបាននិយាយ បំផ្លើសពីឧប្បទ្ទវហេតុដែលបានកើតឡើង ខណៈលោកដូណាល់ ត្រាំផ្ទាល់ បានប្រាប់ចិនឱ្យរក្សាទុកនាវានេះចុះ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦។



កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នាវាល្បាតចិន បានរឹបអូសកូននាវាមុជទឹកគ្មានមនុស្សបើកឈ្មោះ UUV របស់សហរដ្ឋ អាមេរិក នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ស្ថិតនៅចម្ងាយប្រហែលជា៩០គីឡូម៉ែត្រពីឈូងសមុទ្រស៊ូប៊ិក (Subic Bay) នៃប្រទេសហ្វីលីពីន។ ជុំវិញបញ្ហានេះដែរ​ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានធ្វើសង្រ្គាមពាក្យសម្ដីជាមួយចិនសារជាថ្មី ដោយសរសេរនៅលើ Twitter​ ថា «ចិនបានលួចនាវាមុជទឹកស្រាវជ្រាវ អាមេរិក នៅក្នុងតំបន់ដែនទឹកអន្តរជាតិ ហើយយើងគួរតែប្រាប់ទៅចិនថា យើងមិនត្រូវការនាវាមុជទឹកដែលពួកគេបាន លួចត្រឡប់មកវិញនោះទេ ពោលគឺទុកឱ្យពួកគេរក្សាទុកនាវាមុជទឹកនេះចុះ»។ ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្លែងនៅក្នុង សេចក្ដីប្រកាសព័ត៌មានអ្នកនាំពាក្យមន្ទីបញ្ចុកោណ លោក ភីតធឺ ខុគ (Peter Cook) បានឱ្យដឹងថាចិននឹងប្រគល់ នាវាមុជទឹកដែលខ្លួនរឹបអូសមកវិញ។ «ផ្អែកលើ ការសន្យាដោយផ្ទាល់ជាមួយភាគីចិន សហរដ្ឋអាមេរិកនឹងទទួលបាន នាវាមុជទឹក UUV ​ត្រឡប់មកវិញ»។ នេះបើតាម លោក ភីតធឺ ខុគ។

គួរបញ្ជាក់ថា ការរឹបអូសនាវាមុជទឹកអាមេរិក ធ្វើឡើងនៅចំពេលដែលទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកំពុង មានភាពតានតឹងគ្នា បន្ទាប់ពីលោក ដូណាល់ ត្រាំ ព្រមានមិនគោរពគោលនយោបាយចិនតែមួយចំពោះកោះតៃវ៉ាន់៕

 

ប្រភព ៖ CNA


Tags: US China Hong Kong Pentagon Int news Hot news