ភ្នំពេញ៖ ខណៈពេល ប្រទេសកម្ពុជាកំពុង ប្រារព្វពិធីអបអរសាទរបុណ្យ ឯករាជ្យជាតិ របស់ខ្លួនក្រុមហ៊ុន Google ដ៏ធំនិងល្បីល្បាញ ទូទាំងពិភពលោក របស់អាម៉េរិក បានបង្ហាញនូវការ ចូលរួមអបអរសាទរ ចំពោះបុណ្យ ឯករាជ្យ ជាតិកម្ពុជា ខួបឆ្នាំទី៦២ នាថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៥ ជាមួយនឹងការដាក់ទង់ជាតិ កម្ពុជា អមដោយទិដ្ឋភាព ទេសភាពដ៏ស្រស់ត្រកាល នៃរាជាណាចក្រអច្ឆរិយៈ ក្នុងតំបន់អាស៊ីប៉ែកអាគ្នេយ៍។
ការបង្ហាញនូវបតិសោមនស្សរីករាយនិងអបអរសាទរចំពោះប្រជាពលរដ្ឋកម្ពុជានេះ គឺសម្រាប់តែអ្នកប្រើប្រាស់ ប្រព័ន្ធអ៊ីនធឺណែត ដែលមានsubdomain kh តែប៉ុណ្ណោះ ពោលគឺអ្នកប្រើប្រាស់Google.com.khនៅក្នុងប្រទេស កម្ពុជា ដែលគេប្រទះគេឃើញនៅhomepage របស់Google នៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៥នេះតែម្តង។
សម្រាប់ លោក ពល ខេមរិន្ទ និស្សិតឆ្នាំទី៤ ផែ្នកទេសចរណ៍នៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានថ្លែង នូវអារម្មណ៍រីករាយចំពោះការចូលរួមអបអរសាទរជាសាកល ដែលត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុនGoogle ក្នុង ឱកាសដែលប្រជាពលរដ្ឋកម្ពុជា ចូលរួមអបអរសាទរខួបឆ្នាំទី៦២នៃបុណ្យឯករាជ្យជាតិ។
លោក ចាត់ទុកការចូលរួមអបអរសាទររបស់Googleនាគ្រានេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ចំពោះ ជាតិ សាសន៍នីមួយៗលើសាកលលោក មិនថាកម្ពុជារឺប្រទេសណានោះទេហើយបើទោះបីកម្ពុជា មានប្រជាជាតិតែ ១៥លានយ៉ាងណាក្តី ប៉ុន្តែgoogle មិនដែលមើលរំលងនូវកាលានុវត្តភាពរបស់កម្ពុជា ចំពោះការប្រើប្រាស់សេវា របស់ខ្លួននោះទេ។
ក្រៅពីក្រុមហ៊ុនដ៏ល្បីរបស់អាម៉េរិកនេះ លោកប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា កាលពីពេលថ្មីៗនេះ ក៏បាន ផ្ញើសារ ចូលរួមអបអរសាទរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បួង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសបុណ្យជាតិនេះផងដែរ។
ប្រទេសកម្ពុជា ធ្លាប់ស្ថិតនៅក្រោមនឹមត្រួតត្រាអាណានិគមរបស់បារំាងរយៈពេល៩០ឆ្នាំ (១៨៦៣-១៩៥៣) និងបាន ទាមទារឯករាជ្យរបស់ខ្លួនមក ដោយព្រះបូជនីយកិច្ចរបស់សម្តេចព្រះបរមរតនកោដ្ឋិ សម្តេច ព្រះនរោត្តម សីហនុ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល