ជារឿងមួយ ដែលគេបានដឹងគ្រប់គ្នាថា កម្រិតអ័រម៉ូន និងការប្រែប្រួលរបស់រាងកាយក្រោយពេលឆ្លងទន្លេរួចនោះ ច្រើនតែហុចផលធ្វើឲ្យស្បែក ដែលធ្លាប់តែស្រស់ថ្លាភ្លឺរលោងរបស់អ្នកម្តាយទៅជាស្ងួតគ្រើម ឡើងពណ៌ស្រគាំនៅតាមចំណុចផ្សេងៗ ដូចជា ប្រឡោះក្លៀក គន្លាក់អាចម៍ ក្បាលសុដនជាដើម។ ទោះជាស្បែកនឹងល្អស្អាតឡើងវិញជាបណ្តើរៗនៅពេលក្រោយមែន តែអាចត្រូវប្រើពេលវេលាយូរក្នុងការស្តារសភាពស្បែកឡើងវិញ ការលាបឡេថែបំប៉នស្បែក អាចជួយឲ្យស្បែកត្រឡប់មកស្អាតភ្លឺរលោង មានសុខភាពល្អបានកាន់តែលឿនឡើង ។
រឿងដែលសំខាន់នោះគឺការជ្រើសរើសប្រើឡេថែបំប៉នស្បែកឲ្យសក្តិសមនឹងសភាពស្បែក និងការលាបយ៉ាងត្រឹមត្រូវតាមវិធី នឹងជួយបង្កើនប្រសិទ្ធភាពរបស់សាច់ឡេឲ្យកាន់តែបានផលខ្លាំងឡើងទៀត ។
ប្រភេទសាច់ឡេនីមួយៗ៖
០១) សាច់ឡេឃ្រីម ( Cream )៖ សាច់ឡេខាប់ និងមានសភាពធ្ងន់ជាងប្រភេទឡូស៊ឹន ឬជេល ព្រោះមានចំណែកផ្សំរបស់ប្រេងច្រើនជាង សក្តិសមនឹងអ្នកម្តាយដែលមានស្បែកស្ងួត ត្រូវការសំណើមច្រើនជាពិសេស ។
០២) សាច់ឡេឡូស៊ឹន ( Lotion )៖ ឡូស៊ឹនមានលក្ខណៈសាច់ស្តើងស្រាល ជ្រាបចូលទៅក្នុងស្បែកបានលឿនជាងសាច់ឃ្រីម មានឈ្មោះហៅមួយបែបទៀតថា ហ្វ្លីដ ( Fluid ) ល្អសំរាប់អ្នកម្តាយដែលមានស្បែកធម្មតា ។ ចំណែកអ្នកម្តាយដែលស្បែកមានឡើងប្រេង គួរជ្រើសរើសប្រើឡូស៊ឹនប្រភេទដែលគ្មានចំណែកផ្សំរបស់ប្រេង ( Oil-free ) ព្រោះវានឹងមិនធ្វើឲ្យស្បែកមុខឡើងប្រេងច្រើននៅក្នុងចន្លោះ ពេលថ្ងៃ ។
០៣) សាច់ជេល (Gel )៖ សាច់ជេលមានចំណែកផ្សំរបស់ទឹកជាគោល និងមានជាតិប្រេងតិច ទើបធ្វើឲ្យជ្រាបចូលទៅក្នុងស្បែកបានងាយស្រួល និងរហ័សជាងសាច់ឡេឃ្រីម ឬឡូស៊ឹន ។ សក្តិសមសំរាប់អ្នកម្តាយដែលមានស្បែកស្តើង និងងាយមានប្រត្តិកម្ម។
០៤) សាច់ឡេ អ៊ីម៉ាល់ស៊ឹន ( Emulsion )៖ ស្ថិតក្នុងរូបភាពជាវត្ថុរាវ សាច់ឡេមានសភាពធ្ងន់ជាងឡេឡូស៊ឹន ស្រដៀងទឹកដោះ តែស្រាលជាងសាច់ឃ្រីមល្អសំរាប់អ្នកម្តាយស្បែកធម្មតា ឬស្បែកស្ងួត ។
០៥) សាច់សេរ៉ូម ( Serum )៖ ស្ថិតក្នុងរូបភាពជាវត្ថុរាវ ដែលមានទាំងប្រភេទ ទឹក ប្រេង ឬ ជេលថ្លា ឬអាចហៅថា ជាអាហាររបស់ស្បែកដែលមានភាពខាប់ខ្ពស់ សក្តិសមនឹងអ្នកម្តាយដែលមានស្បែកក្រាស់គ្រើមត្រូវការស្តារសភាពស្បែកឡើងវិញជាបន្ទាន់ ។
០៦) ប្រេងពីធម្មជាតិ ( Natural oils )៖ ការធ្វើម៉ាស្សាដោយប្រេងដូង ប្រេងល្ង ឬប្រេងម្កាក់ ដើម្បីឲ្យស្បែកធន់នឹងការសំរួលសភាពដែលត្រូវយឺតយារ ឬរួញរឹបក្រោយពេលឆ្លងទន្លេ ។ អាចប្រើបានគ្រប់សភាពស្បែក និងមិនបាច់កង្វល់ពីរឿងសារធាតុគីមីដែលនៅសេសសល់លើស្បែកឡើយ ។
ការលាបឡេយ៉ាងត្រឹមត្រូវ៖
បំពង់ក៖ ចាប់ផ្តើមលាបពីបរិវេណដែលធំទូលាយបំផុតរបស់បំពង់កជាមុន គឺ ម្តុំគល់ក ហើយប្រើចុងម្រាមដៃទាំងអស់លាបអង្អែលសន្សឹមៗឡើងទៅលើ មិនគួរលាបចុះទេព្រោះអាចនឹងធ្វើឲ្យស្បែកបរិវេណបំពង់កយឺតយារធ្លាក់នៅពេលក្រោយបាន ។
ដើមទ្រូង៖ អាចប្រើសាច់ឡេដែលនៅសល់ពីបំពង់កលាបបែបអង្អែលៗនៅម្តុំបរិវេណដើមទ្រូងជាបន្តបាន ដោយការប្រើចុងម្រាមដៃលាបថ្នមៗនិងវឹលទៅមកឲ្យសព្វពេញដើមទ្រូង ដើម្បីឲ្យសាច់ឡេជ្រាបចូលទៅក្នុងស្បែក រួចសឹមលាបដេញទៅរកក្បាលពោះ និងផ្នែកខ្នង ។
ដៃ៖ ចាប់ផ្តើមពីដើមដៃផ្នែកខាងមុខជាមុន ហើយលាបវឹលឡើងទៅផ្នែកខាងក្រោយ ដោយការប្រើចុងម្រាមដៃលាបអង្អែលស្រាលៗ ដើម្បីឲ្យសាច់ឡេជ្រាបចូលទៅក្នុងស្បែក ។
ជើង៖ ចាប់ផ្តើមពីគល់ភ្លៅជាមុន ហើយលាបលុញជារាងរង្វង់មូលចុះទៅខាងចុងជើង ដោយការប្រើចុងម្រាមដៃលាបអង្អែលស្រាលៗ ដើម្បីឲ្យសាច់ឡេជ្រាបចូលទៅក្រោមស្បែក និងគួរសង្កត់ធ្ងន់លើបរិវេណស្មងជើងទាំងសងខាងឲ្យបានច្រើន ព្រោះនៅត្រង់កន្លែងហ្នឹង ស្បែកងាយស្ងួតខ្លាំងណាស់ ចំណែកឯបរិវេណប្រអប់ជើងវិញ គួរលាបទាំងលើខ្នងជើង និងបាតជើង ព្រមទាំងធ្វើការម៉ាស្សាឲ្យសព្វពេញប្រអប់ជើងផង ដើម្បីឲ្យបានធូរស្រាលអារម្មណ៏ និងបង្កើនលំហូរវឹលរបស់លោហឹត ។
គន្លឹះ និងសេចក្ដីណែនាំ៖
ចៀសវាងការងូតទឹកដែលក្តៅឧណ្ហៗខ្លាំងពេក ព្រោះនឹងធ្វើឲ្យស្រទាប់លើរបស់ស្បែកបាត់បង់សំណើមនិងងាយកើតភាពក្រហាយផ្សា ចូរលាបឡេក្រោយពេលងូតទឹករួចរៀងរាល់លើក ឬនៅពេលដែលមានអារម្មណ៍ថារមាស់នៅលើស្បែក ។ ពេលងូតទឹករួច ចូរជូតសំអាតខ្លួនដោយមិនបាច់ឲ្យស្ងួតពេកទេ ហើយប្រញាប់លាបឡេថែបំប៉នស្បែកឲ្យសព្វពេញខ្លួន ព្រោះនៅពេលហ្នឹងស្បែកអាចរក្សាសំណើមបានច្រើនបំផុត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង