ព័ត៌មានអន្តរជាតិ ៖ បងប្អូន ក្រុមគ្រួសារ ក៏ដូចជាសាច់ញ្ញាតិ្ត ក្រុមអ្នកធ្វើដំណើរបាត់ខ្លួនជាង ៤០០ នាក់ក្រោយពីជន់លិចនាវា Cruise Ship នៅឯទន្លេ Yangtze នោះ បាននាំគ្នាធ្វើបាតុកម្មនៅជិតនឹង កន្លែងនាវាជន់លិច ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមមនុស្សតវ៉ា បាននាំគ្នាវាយកម្ទេចរបាំងការពារប៉ូលីស នៅម្តុំទន្លេ នៃទីតាំងកន្លែងកើតហេតុនាវាលិច ក្នុងខេត្ត Hubei ប្រទេសចិន ដោយ ទាមទារព័ត៌មាន លម្អិតបន្ថែមទៀត ស្តីពីជោគវាសនាអ្នកបាត់ខ្លួន ។ សារព័ត៌មានរដ្ឋចិន អោយ ដឹងថា មនុស្ស ៦៥ នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត បន្ទាប់ ពីនាវា Eastern Star ក្រឡាប់លិច បន្ទាប់ពី ជួបគ្រោះអាក្រក់ ព្យុះភ្លៀង នៅរាត្រី ថ្ងៃច័ន្ទ ។
គួរបញ្ជាក់ថា ក្រុមការងារជួយសង្គ្រោះ កំពុងតែមានបញ្ហាប្រឈមខ្លាំង ជាមួយនឹងភ្លៀងធ្លាក់ដោយ ក្នុងនោះ តម្រូវអោយកាត់តួនាវាលិច ដូច្នេះ ក្រុមអ្នកជួយសង្គ្រោះ ជាអ្នកមុជទឹកនោះអាចចូលលុក លុយនៅក្នុងតួនាវាស្វែងរកជនរងគ្រោះ ក៏ដូចជា អ្នកដែលមានឱកាស រស់រាន មានជីវិត ទោះជា យ៉ាងណាក៏ដោយចុះ ពុំមានបេក្ខភាពណាម្នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីនាវាលិច ទាំងនៅរស់ នោះនៅឡើយទេ ។
ត្រឹមតែ ១៤ នាក់តែប៉ុណ្ណោះ នៃក្រុមអ្នកដំណើរសរុប ៤៥៦ នាក់ បានរួច ផុត ពីសេចក្តីស្លាប់ ។ តួរ លេខអ្នកស្លាប់កើនឡើងយ៉ាងគំហុក នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីក្រុមអ្នកមុជទឹក ស្រង់បាន មកវិញ នូវសាកសព ៣៩ នាក់ ពេញមួយយប់ថ្ងៃពុធ ទោះជាយ៉ាងណាក៏ដោយចុះ មន្រ្តីផ្លូវការគូស បញ្ជាក់អោយដឹងថា ពួកគេមិនបោះបង់ចោលក្តីសង្ឃឹមនោះទេ។ សាស្រ្តាចារ្យ Li Qixiu នៃសាកល វិទ្យាល័យវិស្វកម្មជើងទឹក ប្រទេសចិន អោយដឹងថា ៖ នាវាលិចភ្លាមៗ ក្នុងរយៈពេលខ្លី ដូច្នេះ អាច និយាយបានថា មានមនុស្សអាចមានឱកាសជាប់នៅក្នុងតួនាវា ជាមួយ នឹង ទីតាំងលំហណាមួយ នេះបើពិតជាមានអព្ភូតហេតុពិតប្រាកដមែននោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី