CamNews

ព័ត៌មានបច្ចេកវិទ្យា 

រកឃើញពពកទឹក ក្រៅប្រព័ន្ធព្រះអាទិត្យ ៖ កត្តាសំខាន់ ជួយឱ្យមនុស្សរកឃើញសត្វនៅភពក្រៅ

កាលពីថ្ងៃទី ២៦សីហា ក្រុមអ្នកវិទ្យាសាស្ដ្របានប្រកាសថា ពួកគេបានរកឃើញជាលើកដំបូង
នូវបណ្ដាពពកទឹក ខាងក្រៅប្រព័ន្ធព្រះអាទិត្យ។ បណ្ដាពពកទឹកទាំងនេះ ត្រូវបានរកឃើញនៅ
លើ WISE J0855-0714 (ជាភពដ៏ធំមួយ ប៉ុន្ដែ វាមិនក្លាយជាតារានោះទេ) ដែលមានចម្ងាយពី
ផែនដី ត្រឹមតែ ៧,៣ឆ្នាំពន្លឺប៉ុណ្ណោះ (១ ឆ្នាំ​ពន្លឺ ស្មើ​នឹង ៩.៤៦០.៧៣០.៤៧២.៥៨០ គីឡូ​ម៉ែត្រ)។

ក្រុមអ្នកវិទ្យាសាស្ដ្រអះអាងថា WISE J0855-0714 ធំជាងភពព្រហស្បតិ៍ (Jupiter) ដល់ទៅ ១០
ដង ហើយវាគឺជាផ្កាយប្រភេទ dwarf star ដែលត្រជាក់បំផុត មិនធ្លាប់រកឃើញពីមុនមក ដោយ
មានសីតុណ្ហភាព -៤៨ ទៅ -១៣អង្សាសេ គឺត្រជាក់ជាងផែនដី ប៉ុន្ដែ ក្ដៅជាងភពព្រហស្បតិ៍។

Daily Mail ឱ្យដឹងថា ប្រសិនការរកឃើញនេះ ជាការពិត វានឹងជាជំហានដ៏សំខាន់មួយ ក្នុងការ
ស្វែងរក បណ្ដាភពដែលមានជីវិតដូចទៅនឹងផែនដី នាពេលអនាគត។

ការរកឃើញខាងលើ ត្រូវបានប្រកាសជាសាធារណៈ ដោយក្រុមអ្នកស្រាវជ្រាវ របស់លោក
ស្រីបណ្ឌិត Jacqueline Faherty នៃមន្ទីរវិទ្យាសាស្ដ្រ Carnegie នៅ Washington DC អាមេរិក។
លោក​ស្រី Jacqueline Faherty ថ្លែងថា ក្រុមរបស់ខ្លួន ប្រើប្រាស់កែវយឹតតារាសាស្ដ្រ 6,5m
Magellan Baade ដែលដាក់នៅប្រទេស Chile ហើយថតបានរូបភាពប្រភេទ infrared ចំនួន
១៥១​សន្លឹក ក្រោយមក បានភ្ជាប់រូបភាពទាំងនេះជាមួយ ដើម្បីពិសោធ និងរកឃើញប្រការខាង
លើ។

គួររំលឹកថា មុននេះ អ្នកវិទ្យាសាស្ដ្រក៏ធ្លាប់បានរកឃើញចំហាយទឹក នៅលើបណ្ដាភពដែលនៅ
ខាងក្រៅប្រព័ន្ធព្រះអាទិត្យ ប៉ុន្ដែនេះគឺជាលើកដំបូងដែលគេរកឃើញពពកទឹក។ នៅក្នុងប្រព័ន្ធ
ព្រះអាទិត្យ គឺមានតែភពចំនួនពីរប៉ុណ្ណោះ ដែលមានពពកទឹក នោះគឺភពផែនដី និងភពព្រះអង្គារ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail