ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៥ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ រាប់រយនាក់ផ្សេង ៗទៀតនៅបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីនាវាផ្ទុកមនុស្ស សរុប ៤៥0 នាក់ក្រឡាប់លិចនៅឯទន្លេ Yangtze ខេត្ត Hubei ប្រទេសចិន ។
របាយការណ៍ បញ្ជាក់អោយដឹងថា នាវាកំពុងតែ ក្រឡាប់លិចកាត់ទទឹងផ្ទៃទន្លេខណៈសារព័ត៌មាន ក្នុងស្រុក ក៏ដូចជាក្រុមអ្នកជួយសង្គ្រោះ បានលាន់ឮសម្លេង ដង្ហោយរកជំនួយពីខាងក្នុងនាវា ។ គួរ បញ្ជាក់ថា នាវា the Eastern Star ពុំបានផ្ញើសញ្ញាណអាសន្ន ឬប្រកាសអាសន្នអ្វីមួយនោះទេ មុន ពេលកើតហេតុ ។ តែផ្ទុយទៅវិញ គ្រោះថ្នាក់មួយនេះ បានបង្កជាភាពភ្ញាក់ផ្អើល រហូត ជ្រាបជាព័ត៌ មានដល់មន្រ្តីប៉ូលីសទៅបាន ក្រោយពីជនរងគ្រោះ ហែល មកដល់ដីគោក ។ ប្រភពបន្តអោយដឹង ថា ភាគច្រើននៃក្រុមអ្នកដំណើរ ធ្វើដំណើរនៅលើនាវាខាងលើ គឺជាភ្ញៀវទេសចរ មានវ័យចន្លោះពី ៥០ ទៅ ៨០ ឆ្នាំ ធ្វើដំណើរពី ភាគខាងកើតក្រុង Nanjing ទៅកាន់ភាគខាងត្បូងឆៀងខាងលិចក្រុង Chongqing ជាមួយនឹងរយៈចម្ងាយឆ្ងាយ ប្រមាណ ១៥០០ គ.ម តាមរយៈ នាវា Cruise Ship លិច ខាងលើមានឈ្មោះថា Eastern Star ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី