សុខភាព ៖ ក្រូចឆ្មារគឺជាផ្លែឈើជូរ ដែលមានក្លិនឈ្ងុយប្រហើរគួរជាទីជាប់ចិត្ដ។ វាមិនត្រឹមតែអាចយកទៅប្របាច់ចូលទៅក្នុងអាហារ ឬភេសជ្ជៈផ្សេងៗឱ្យមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងមានគុណប្រយោជន៍ច្រើនដល់សុខភាពទៀតផង។ ខាងក្រោមនេះគឺជាគុណប្រយោជន៍មួយចំនួននៃទឹកក្រូចឆ្មារ ដែលល្អប្រសើរសម្រាប់សុខភាពរបស់អ្នក៖
១. ក្រូចឆ្មារល្អប្រសើរសម្រាប់សុខភាពស្រ្ដី៖ ផ្លែឈើជូរប្រភេទនេះមានផ្ទុកនូវកាល់ស្យូម និងអាស៊ីដ Folic ជាសារធាតុចិញ្ចឹម ២ យ៉ាង ដែលមានសារៈសំខាន់សម្រាប់ស្រ្ដីក្រោយអស់រដូវ និងស្រ្ដីដែលដល់វ័យអាចមានកូនបាន។ ក្រូចឆ្មារស្រស់មួយផ្លែមានផ្ទុកកាល់ស្យូម ២២មីលីក្រាម និងអាស៊ីដ Folic ជាង ៥ មីក្រូក្រាម។
២. សម្បកក្រូចឆ្មារអាចប្រឆាំងនឹងស្បែកចាស់។ សម្បកនៃផ្លែឈើជូរមានផ្ទុកសារធាតុទប់ស្កាត់ការផលិតចេញនូវមេឡានីន។ ដោយសារវ័យចាស់ និងការប៉ះនឹងកាំរស្មី UV ជាតិមេឡានីន ដែលផ្ដល់ពណ៌សម្បុរដល់ស្បែករបស់អ្នកអាចកពូនឡើង និងផ្ញើខ្លួនជាចំណុចខ្មៅនៅលើស្បែករបស់អ្នក។ ការព្យាបាលស្បែកដោយបិទម៉ាស់ធ្វើពីសម្បកក្រូចឆ្មារអាចកាត់បន្ថយនូវស្នាមអុជខ្មៅនេះ។
៣. ក្រូចឆ្មារជាឱសថធម្មជាតិប្រឆាំងនឹងជំងឺមហារីក។ សមាសធាតុ Limonoid នៅក្នុងក្រូចឆ្មារមានប្រសិទ្ធភាពប្រឆាំងនឹងកោសិកាបង្កជំងឺមហារីកពោះវៀនធំ មហារីកក្រពះ និងមហារីកគ្រាប់ឈាម។ ក្រុមអ្នកវិទ្យាសាស្រ្ដបានអង្កេតឃើញថា សារធាតុប្រឆាំងនឹងអុកស៊ីដកម្មឈ្មោះ limonoidនេះ ក៏អាសម្លាប់កោសិកាមហារីកបានផងដែរ។ ជាតិ limonoids នៅក្នុងក្រូចឆ្មាររស់នៅយ៉ាងសកម្មនៅក្នុងចរន្ដឈាមរបស់អ្នក កម្ទេចនូវរ៉ាឌីកាល់សេរីមានប្រសិទ្ធភាពជាង តែបៃតង និងសូកូឡាខ្មៅ។
៤. ទឹកក្រូចឆ្មារអាចជួយបង្ការការកកើតឡើង នៃជំងឺគ្រួសក្នុងតម្រងនោម។ ទឹកក្រូចឆ្មារស្រស់មានផ្ទុកនូវអាស៊ីដនីទ្រីកច្រើនជាងក្រូចពោសាត់។ អាស៊ីតនីទ្រីក គឺជាភ្នាក់ងារទប់ស្កាត់បែបធម្មជាតិ នៃគ្រួសក្នុងតម្រងនោម ដែលកើតឡើងដោយសារកាល់ស្យូមគ្រីស្ដាល់។ សូមពិសាទឹកក្រូចឆ្មារស្រស់ ដែលច្របាច់ចូលទៅក្នុងទឹក ជំនួសឱ្យការពិសាទឹកក្រូចឆ្មារកំប៉ុង ឬដប ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
៥. ទឹកក្រូចឆ្មារ អាចបន្ថយជាតិកូឡេស្ដេរ៉ូល។ សារធាតុ Flavonoid ដែលគេរកឃើញដំបូងនៅក្នុងទឹកក្រូចឆ្មារ មានប្រសិទ្ធភាពកាត់បន្ថយជាតិកូឡេស្ដេរ៉ូល និងកម្រិត triglyceride នៅក្នុងខ្លូនសត្វ ដែលចិញ្ចឹមដោយអាហារផ្ទុកដោយកូឡេស្ដេរ៉ូលខ្ពស់៕
ប្រែសម្រួល ៖ ដេវីដ
ប្រភព ៖ chatelaine