CamNews

សុខភាព 

ចំណុចដែលបុរស និងស្ត្រីគ្រប់រូបមិនគួរមើលរំលងអំពីជំងឺរលាកផ្លូវទឹកម៉ូត្រ

សុខភាព ៖ ប្រព័ន្ធទឺកម៉ូត្រ គឺជាប្រព័ន្ធសម្រាប់បង្ហូរទឹកម៉ូត្រពីតម្រង់នោមមកខាងក្រៅសារពាង្គកាយ។ វាត្រូវបានបែងចែកជា២ផ្នែក គឺផ្នែកខាងលើ(តម្រង់នោម​ និងបំពង់ទឺកនោម) និងផ្នែកខាងក្រោម(ប្លោកនោម និងបង្ហួរនោម)។ ប្រព័ន្ធទឺកម៉ូត្រ ងាយស្រួលនឹងទទួលរងការបង្កររោគពីវីរុស​ និងបាក់តេរីផ្សេងៗបានយ៉ាងងាយ។ ដូចនេះយើងសូមណែនាំមិត្តអ្នកអានទាំងអស់ឲ្យបានស្គាល់នូវរោគសញ្ញាសំខាន់ៗមួយចំនួនដើម្បីធ្វើការប្រុងប្រយ័ត្ន​ ក៏ដូចជារួសរាន់ទៅជួបគ្រូពេទ្យឲ្យទាន់ពេលវេលា។


ចំពោះផ្នែកខាងក្រោមអាចមានបញ្ហា២គឺ ជំងឺផ្លូវបង្ហួរនោម និងជំងឺរលាកប្លោកនោម។ ជំងឺនេះ គឺពុំសូវបង្ករឲ្យមានបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ ប៉ុន្តែប្រសិនបើលោកអ្នកមិនព្រមទទួលការព្យាបាលវាក៏អាចបង្ករឲ្យមានបញ្ហាធ្ងន់ធ្ងរទៅលើប្រព័ន្ធទឹកម៉ូត្រផ្នែកខាងលើជាពិសេសជំងឺរលាកតម្រង់នោមស្រួចស្រាលផងដែរ។

រោគសញ្ញារបស់ជំងឺរលាកប្រព័ន្ធទឹកម៉ូត្រផ្នែកខាងក្រោម

  • មានអារម្មណ៍ឈឺចាប់ ឬក្រហាយពេលដែលបត់ជើងតូច
  • មានអារម្មណ៍ចង់បត់ជើងតូចញឹកញាប់
  • ទឹកម៉ូត្រមានក្លិនអាក្រក់ មានពពុះ ឬមានលាយឈាម
  • មានអារម្មណ៍ឈឺចាប់នៅពោះផ្នែកខាងក្រោម
  • ចេះតែមានអារម្មណ៍ថាបញ្ចេញទឹកម៉ូត្រមិនអស់ពីប្លោកនោម
  • មានអារម្មណ៍ល្ហិតល្ហៃ ឬមិនសូវស្រណុកនៅក្នុងខ្លួន

រោគសញ្ញារបស់ជំងឺរលាកប្រព័ន្ធទឹកម៉ូត្រផ្នែកខាងលើ

  • ក្តៅខ្លួន ៣៨អង្សារសេ ឬលើសពីនេះ
  • មានអារម្មណ៍រងញាក់
  • មានអារម្មណ៍ឈឺនៅផ្នែកខាងក្រោម ឬចំហៀង
  • វង្វេង
  • មានអារម្មណ៍ល្ហិតល្ហៃជាខ្លាំង
  • ក្អួត និងចង្អោរ

តើពេលណាដែលលោកអ្នកគួរតែទៅជួបគ្រូពេទ្យ?

ប្រសិនបើលោកអ្នកមានរោគសញ្ញារបស់ជំងឺរលាកប្រព័ន្ធទឹកម៉ូត្រផ្នែកខាងក្រោមចាប់ពី២ថ្ងៃឡើងទៅ ឬមានលេចចេញនូវរោគសញ្ញារបស់ជំងឺរលាកប្រព័ន្ធទឹកម៉ូត្រផ្នែកខាងលើ លោកអ្នកគប្បីគួរតែប្រញាប់រួសរាន់ទៅជួបគ្រូពេទ្យឲ្យបានទាន់ពេលវេលាដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។

ក្នុងករណីដែលលោកអ្នកកំពុងមានផ្ទៃពោះ ត្រូវតែទៅជួបគ្រូពេទ្យបើទោះបីជាមានរោគសញ្ញាតិចតួចក៏ដោយ។  កំឡុងពេលមានផ្ទៃពោះ អ័រម៉ូនប្រូសេស្តេរ៉ូនបានធ្វើឲ្យមានការប្រែប្រួលជាខ្លាំងទៅលើប្រព័ន្ធទឹកម៉ូត្រដោយការបំរែបំរួលនេះ ជាមូលហេតុជំរុញឲ្យពពួកភ្នាក់ងារបង្កររោគចូលទៅតាមរយៈបង្ហួរនោមបានយ៉ាងងាយ។ ម្យ៉ាងវិញទៀត ការលូតលាស់របស់ទារកក្នុងផ្ទៃក៏បានធ្វើឲ្យម្តាយបញ្ចេញទឹកនោមមិនអស់ផងដែរ។ ដូច្នេះ ស្រ្តីមានផ្ទៃពោះទាំងអស់គួរតែទៅពិនិត្យតាមដានជំងឺរលាកប្រព័ន្ធទឹកម៉ូត្រឲ្យបានទៀងទាត់ដើម្បីជៀសវាងនូវផលវិបាកដែលមិនគួរឲ្យកើតមានដូចជា ការបង្កររោគទៅលើទារកទើបនឹងកើត និងកូនកើតមិនគ្រប់ខែជាដើម ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព ៖ curejoy


Tags: Health news