CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយរឿងអាស្រូវ! អតីតប្រធានាធិបតីបារាំង លោក នីកូឡាស សាកូស៊ី ធ្លាប់ទទួលប្រាក់សុទ្ធបីកាបូបធំពីលោក

(លីប៊ី)៖ អ្នកជំនួញជនជាតិលីប៊ីសញ្ជាតិបារាំងលោក ហ្សៃអាត តាគីឌីន (​Ziad Takieddine) បានអះអាង ថាលោកគឺជាអ្នកប្រគល់ប្រាក់បីកាបូបធំស្នើនឹងជាង ៥លានអឺរ៉ូ​ផ្ដល់ដោយអតីតមេដឹនាំលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី ឱ្យទៅអតីតប្រធានាធិបតីបារំាងលោក នីកូឡាស សាកូស៊ី ដើម្បីយកទៅប្រើប្រាស់នៅក្នុង​យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។


ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​បារំាង​ Mediapart លោក ហ្សៃអាត តាគីឌីន បានសារភាព​ថា លោកបានប្រគ​ល់ប្រាក់សុទ្ធ ៥លានអឺរ៉ូរៀបចំដោយរដ្ឋាភិបាល លោក ហ្គាដាហ្វី ឱ្យទៅរដ្ឋមន្រ្តីមហាផ្ទៃ​របស់លោក សាកូស៊ី គឺលោក ក្លូត ហ្គេអង់ (Claude Guéant) នៅអំឡុងចុងឆ្នាំ២០០៦ និងដើមឆ្នាំ​២០០៧។

លោក ហ្សៃអាត បានបញ្ជាក់ទៀតថាការផ្ដល់ប្រាក់សុទ្ធទាំងបីកាបូបធំនេះបានធ្វើឡើងតាម​រយៈ​ដំណើរទស្សនកិច្ចបីលើក របស់លោកពីទីក្រុងទ្រីប៉ូលី របស់លីប៊ីទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង​តាមជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ Afriqiyah ពោលគឺក្នុងមួយលើកៗ លោកបាននាំយកប្រាក់​ពេញមួយកាបូបធំប្រគល់ដល់លោក ហ្គេអង់ រហូតដល់កាបូបទី៣ ទើបលោកអាចប្រគល់ឱ្យលោក​សាកូស៊ី ដោយផ្ទាល់ដៃនៅក្នុងផ្ទះឯកជន​មួយកន្លែងរបស់អតីតប្រធានាធិបតីបារំាងរូបនេះ​ ហើយដែលលោកបានដឹងយ៉ាងច្បាស់ថា នៅក្នុងកាបូបនោះមានលុយសុទ្ធ។

គួររំលឹកថាពាក្យចរចាមអារ៉ាមដែលបានចោទលោក សាកូស៊ី ថាបានទទួលបា្រក់ពីលោក ហ្គាដាហ្វី បានផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១១ ជាឆ្នាំដែលអតីតរដ្ឋាភិបាលរបស់លោក សាកូស៊ី ផ្ទាល់រួមទំាង សហរដ្ឋអាមេរិក និង អង់គ្លេស បញ្ជូនកងកម្លាំងដូពិសេសចូលរួមនៅក្នុងការធ្វើរដ្ឋប្រហារយោធាទម្លាក់ លោក ហ្គាដាហ្វី ពីអំណាច។

បន្ថែមពីនេះទៅទៀតបើតាមកូនប្រុសលោក ហ្គាដាហ្វី គឺលោក កាដាហ្វី សៃអាល់អ៊ីស្លាម (Kadhafi Seil al-Islam) បានអះអាងថាលោក សាកូស៊ី ធ្លាប់បានទទួលប្រាក់ពីគ្រួសារ របស់លោកដល់ទៅ ៥០លានអឺរ៉ូ ប៉ុន្តែរហូតដល់ខែមីនា ឆ្នាំ២០១២ ទើបសារព័ត៌មានបារាំង​Mediapart​ បានចុះផ្សាយនូវឯកសារមួយទទួល​ស្គាល់ពីចំនួនទឹកប្រាក់នេះក្នុងបរិបទដែលលោក សាកូស៊ី បានបដិសេធ​មកទល់​នឹងពេលបច្ចុប្បន្ន។​

ប្រសិនបើរឿងរ៉ាវទាំងប៉ុន្មានត្រូវបានបកអាក្រាតថាវាជារឿងពិតមែននោះ វានឹងក្លាយជាឧបសគ្គធំណាស់​សម្រាប់លោក សាកូស៊ី ក្នុងការវិលត្រឡប់មកប្រឡូកចូលឆាកនយោបាយ និងត្រៀមធ្វើការបោះឆ្នោត​ប្រកួតប្រជែងយកតំណែងប្រធានាធិបតីបារាំងឡើងវិញ នាអាណត្តិក្រោយនេះក្នុងឆ្នាំ២០១៧៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US China Hong Kong Pentagon Int news Hot news