ចិន ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស chinadaily ដែលទើបតែបាន
ចេញផ្សាយអត្ថបទរបស់ខ្លួនអោយដឹងថា ចំនួនជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត
ក្រោយជួបឧបទ្ទេវហេតុ បាក់រលំអាគារកាលពីថ្ងៃអង្គារម្សិលមិញនេះ បានកើនឡើងដល់
១១ នាក់ហើយ។
មនុស្ស ២០ នាក់ ត្រូវបានកប់ក្រោមគំនរបាក់បែក នៃសំណង់អាគារបាក់រលំកំពស់បីជាន់
មួយនេះ ដែលបានកើតឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ នាវេលាម៉ោងប្រមាណជាង
៧ និង ២៦ នាទីព្រឹក ក្នុងក្រុង Suzhou បន្ទាប់ពីមានការផ្ទុះនៅឯជាន់ទីមួយ ដែលផ្តើម
ចេញពីអាហារដ្ឋានតូច (canteen) ។ ប្រភពសារព័ត៌មានដដែលបន្ថែមថា មនុស្ស ១១
នាក់បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ខណៈពេលដែល ៩ នាក់ផ្សេងទៀត ក៏កំពុង
សម្រាកព្យាបាលនៅមន្ទីរពេទ្យពីរផ្សេងគ្នា។
គួរបញ្ជាក់ផងដែរថា សំណង់អាគារកំពស់ ៣ ជាន់មួយនេះ គឺជាកម្មសិទ្ធក្រុមហ៊ុនហ្គាស
Suzhou Gas Group Co Ltd ។ យ៉ាងណាមិញ បើយោងតាមការតាមដានស៊ើបអង្កេត
ជំហានដំបូងអោយដឹង មូលហេតុដែលនាំអោយ មានការផ្ទុះចេញពីអាហារដ្ឋាននាជាន់
ទីមួយនេះ គឺបណ្តាលមកពី ការលេចធ្លាយហ្គាស ដែលជាហេតុធ្វើអោយសំណង់អាគារ
កំពស់ ៣ ជាន់នេះ ដួលរលំ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily