ព័ត៌មានអន្តរជាតិ ៖ ក្រុមមន្រ្តីប៉ូលីស កំពុងតែធ្វើការតាមដាន និង ស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ពាក់ព័ន្ធនឹងការគម្រាមគំហែងសម្លាប់ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ ប្រទេសជប៉ុន លោកស្រី Caroline Kennedy និង សមាជិកការទូតឯទៀត ។
របាយការណ៍ ពីទំព័រប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា ស្ថានទូត អាមេរិក ប្រចាំទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីអំឡុងខែកន្លងទៅនេះ បានទទួលទូរស័ព្ទ អនាមិក និយាយជាភាសាអង់គ្លេស ស្តីពីការគម្រាម សម្លាប់ខាងលើ ។ ដោយឡែក អគ្គកុងស៊ូលអាមេរិក Alfred Magleby ដែលមានវត្តមាននៅលើដីកោះ Okinawa នោះ ក៏ត្រូវបានរងការគម្រាមគំហែងសម្លាប់ដូចគ្នាដែរ ។
គួរបញ្ជាក់ថា លោកស្រី Caroline Kennedy គឺជាកូនស្រីអតីតប្រធានាធិបតី សហរដ្ឋអាមេរិក John F. Kennedy ខណៈលោកស្រី បានក្លាយជា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុនចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣ ។
សារព័ត៌មានជប៉ុនចេញផ្សាយអោយដឹងថា ទូរស័ព្ទអនាមិក និយាយ ជាភាសាអង់គ្លេស មានជាការ គម្រាមសម្លាប់នោះ ត្រូវបានធ្វើឡើងកាលពីអំឡុងខែកន្លងទៅ ខណៈ ចេតនា ទូរស័ព្ទអនាមិកនោះ ពុំ ទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ។ ដោយឡែក ទាំងមន្រ្តីស្ថានទូត ក៏ដូចជា មន្រ្តីប៉ូលីសពាក់ព័ន្ធ នៅក្នុងទីក្រុង តូក្យូ បានបដិសេធក្នុងការស្រាយបំភ្លឺ ។
គួររំឮកថា ស្ថាន កុងស៊ូល អាមេរិក មាន មូលដ្ឋាន នៅ លើដីកោះ Okinawa ជាការិយាល័យ លោក Magleby នោះ ទីនោះក៏ជាមូលដ្ឋានទ័ពដែលមានកងទ័ពអាមេរិក ប្រមាណ ២៥,០០០ នាក់ ។ សេចក្តី រាយការណ៍បញ្ជាក់បន្ថែមអោយដឹងថា ជំទាវទីមួយ របស់អាមេរិក លោកស្រី Michelle Obama នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការ រយៈពេលច្រើនថ្ងៃ ទៅកាន់ប្រទេសជប៉ុន និង ប្រទេសកម្ពុជា ។
គួររំឮកថា កាលពីដើមខែនេះ ផ្ទាល់ តែម្តង ឯក អគ្គរដ្ឋ ទូតអាមេរិក ប្រចាំកូរ៉េខាងត្បូង លោក Mark Lippert បានទទួលរងនូវការវាយប្រហារ ដោយកាំបិទ ពីសំណាក់បុរសម្នាក់ ដោយតម្រូវអោយអង្គទូត រូបនេះ សម្រាកនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីដេរ អស់ជាង ៨០ ថ្នេរនៅលើផ្ទៃមុខ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី