យានយន្ដ៖ ក្រុមហ៊ុន Honda កន្លងមកតែងតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ទេ ពីគុណភាព បរិមាណ និង ស៊េរីឆ្នាំទាន់សម័យ គ្រប់បណ្ដាជំនាន់នីមួយៗ មិនថា ម៉ូតូខា្នតធំ មធ្យម និង តូច សុទ្ធតែទទួលបានការពេញចិត្ដ ពេញថ្លើមពីអ្នកប្រើប្រាស់។ ស្របនិងកំណើនមានការជឿជាក់ខ្ពស់ដូច្នោះ ក្រុមហ៊ុនក៏ខិតខំប្រឹងប្រែងកែឆ្នៃ រួបរាង និងលក្ខណៈសម្បត្ដិ ឲ្យកាន់តែមានភាពទំនើប ទាក់ទាញ តាមស្រទាប់វណ្ណៈ យ៉ាងណាមិញចូលពិនិត្យមើលជាមួយនឹងម៉ូដែលថ្មី មួយប្រភេទទៀត ដែលមានឈ្មោះថា 2015 Honda CB500X ប្រើសមាសភាពលក្ខណៈស្រដៀងគ្នាទៅនឹង ម៉ូដែល CBR ឆ្នាំទំនើបដូច្នោះដែរ។
Honda CB500X គឺជាប្រភេទម៉ូតូដែលប្រើរយៈចំងាយឆ្ងាយដល់កម្រិតកំពូលនៃការធ្វើដំណើរ ដោយអាចផ្ដល់ឲ្យនូវស្មារតីទំនុកចិត្ដជាខ្លាំង ដល់អ្នកបើកបរ ។ ស្របនឹងលក្ខណៈសម្បត្ដិដូច្នោះផងដែរ Honda CB500X ត្រូវបានបំពាក់មកជាមួយនូវ រួបរាងស្រស់សង្ហា ហាប់រឹងមាំ ជាមួយនឹងកម្លាំងម៉ាស៊ីន ៤៧១ cc ផ្ដុំឡើងដោយសមាសភាព ២ ម៉ាស៊ីន រត់ក្នុងស៊ឺម៉ាំង ១ និង កម្រិតល្បឿនលេខ មាន ៦ លេខ ដែលបង្កឲ្យមានល្បឿនលឿនបំផុតដល់ទៅ ២០០ គ.ម ក្នុងមួយម៉ោង។
Honda CB500X មានទម្ងន់ពិត ២១៥ គីឡូក្រាម គឺជាទម្ងន់ធ្ងន់ជម្រុញឲ្យរាល់ការធ្វើដំណើរមានសភាពនឹង បើទោះបីជាស្ថិតក្នុង ដំណាក់កាលល្បឿនលឿនយ៉ាងណានោះទេ ។ ហើយប្រើហ្រ្វាំង ប្រេងមុខក្រោយ ដែលមានភាពងាយស្រួលដល់ការបើកបរ ខណៈពេលចង់បញ្ឈប់ការធ្វើដំណើរ។ សម្រាប់តម្លៃវិញ គឺក្រុមហ៊ុនមិនបានដាក់បង្ហាញលើគេហទំព័រពាណិជ្ជកម្មនៅឡើយទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed