(ភ្នំពេញ)៖ យោងតាម Facebook សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា សំបុត្រចំនួន ៥០,០០០សន្លឹក សម្រាប់ចូលទស្សនាការប្រកួតជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមចិនតៃប៉ិ នៅលើទីលានពហុកីឡដ្ឋានជាតិ នាយប់ស្អែកនេះ ត្រូវបានលក់អស់ហើយ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនាម្សិលមិញ ពោលគឺប្រើពេលលក់តែ ២ថ្ងៃប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា កាលពីជើងទី១ នៃជំនួបវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 កន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតស្មើក្រុមចិនតៃប៉ិ ដោយលទ្ធផល ២-២ ក្រៅទឹកដី ។ ចំណែកជំនួបជើងទី២ នឹងធ្វើឡើងនៅវេលាម៉ោង ៧យប់ថ្ងៃទី០៧ ខែមិថុនាស្អែកនេះ ដោយកម្ពុជា ត្រូវការត្រឹមលទ្ធផលស្មើគ្នា ០-០ ឬ ១-១ ប៉ុណ្ណោះ ដើម្បីទម្លាក់ក្រុមចិនតៃប៉ិ ។
ប៉ុន្ដែប្រសិនបើការប្រកួតលើកនេះ ក្រុមទាំងពីរបន្ដប្រកួតស្មើគ្នា ២-២ ទៀត ការប្រកួតនឹងត្រូវបន្ថែម៉ោង ១៥នាទី ២ដង ដើម្បីទាត់កាត់សេចក្ដី ។
តែក្នុងករណីកម្ពុជា ចាញ់ក្រុមចិនតៃប៉ិវិញ គឺកម្ពុជា ក៏មិនទាន់អស់ឱកាសប្រជែងយកកៅអីវគ្គបន្ដដែរ ពោលគឺកម្ពុជា ត្រូវជួបជាមួយក្រុមចាញ់ៗ ដូចគ្នាក្នុងតំបន់ ដើម្បីប្រជែងយកកៅអីវគ្គជម្រុះចុងក្រោយ ។ នេះបើយោងតាមរូបមន្ដ ប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ។
យ៉ាងណាមិញលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លើកឡើងថា លោកនឹងព្យាយាមមិនធ្វើអ្នកគាំទ្រអស់សង្ឃឹមឡើយ គឺលោកនឹងជំរុញកូនក្រុមខ្លួន ព្យាយាមស្វែងរកគ្រាប់បាល់ជ័យជម្នះ ស្របពេលឱកាសសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក៏មានច្រើនជាង ព្រោះកម្ពុជាត្រូវការត្រឹមស្មើ ០-០ ឬ ១-១ ក៏ឡើងដែរ ។ ប៉ុន្ដែយ៉ាងណាលោកក៏មិនអាចមើលងាយ គូប្រជែងនេះដែរ ព្រោះក្រុមទាំងពីរ ត្រូវការកៅអីវគ្គបន្ដនៃពានរង្វាន់ AFC Asian Cup 2019 នេះដូចគ្នា៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង