ព័ត៌មានអន្តរជាតិ ៖ វិនាទីមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង កូឡា ឡាំពួរ ប្រទេស ម៉ាឡេស៊ី ពោរពេញទៅដោយភាពសោកសៅ និងសោកសង្រេងជាទីបំផុត នៅពេលដែល ក្រុមគ្រួសារ ម៉ាឡេស៊ី មួយគ្រួសារ បានធ្វើមាតុភូមិនិវត្តន៍វិញ ជាមួយនឹងវត្តមាន សាកសពកូនស្រី របស់ខ្លួន ដែល បានស្លាប់ កាលពីកន្លងទៅ នៅក្នុងទីក្រុង សៀងហៃ ប្រទេស ចិន ក្នុងហេតុការណ៍ គ្រោះថ្នាក់ រត់ ជាន់គ្នាស្លាប់ នារាត្រី ថ្ងៃឆ្លងឆ្នាំសកល ។
សេចក្តីរាយការណ៍ ពីប្រភព អាស៊ីវ័ន អោយដឹងថា ក្រុមគ្រួសារជនរងគ្រោះមួយគ្រួសារនេះបានមកដល់ មាតុប្រទេសវិញ នាល្ងាចម្សិលមិញ ម៉ោងប្រមាណ ៥ និង ៣០ នាទី ល្ងាច ខណៈ មានការអមដណើរជា ពិសេសពីសំណាក់លោក ឪពុកជនរងគ្រោះ លោក Tan Chin Hin និងម្តាយ លោកស្រី Lee Siew Yan
ខណៈបានមកដល់ទឹកដីកំណើតវិញ និងបានឃើញ បណ្តាមិត្តភក្កិកូន ស្រី ខ្លួន រង់ចាំ តាំងពីម៉ោង ២ រសៀល បុរសជាឪពុក លោក Tan ក្តុកក្តួលខ្លាំង សម្រក់ទឹកភ្នែក ស្រែកទ្រហ៊ោយំតែម្តង ។ ដោយឡែក របាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះ ដឹកក្រុមគ្រួសារ ជនរងគ្រោះម្នាក់នេះគ្រោងនឹងចុះចតនៅ ម៉ោង ៣ និង ៣០ នាទី រសៀល ក៏ប៉ុន្តែ ដោយសារតែបញ្ហាអាកាសធាតុ មិនអំណោយផល ក្នុងការហោះ ហើរ យន្តហោះ បានសម្រេចចិត្ត ពន្យាពេលហោះហើេរ ២ ម៉ោង ក្រោយ ។
សមាជិកគ្រួសារ ក៏ដូចជា បណ្តាមិត្តភក្កិជនរងគ្រោះ ប្រមាណជាង ២០ នាក់ ក្រោយទទួលបានសពជន រងគ្រោះ នាងTan Wei ពីយន្តហោះ MASkargo ហើយនោះ ពួកគេបាន នាំ វត្តមាន សាកសព នារីវ័យ ក្មេងម្នាក់នេះ ទៅឈាបនដ្ឋាន Dong Zhong ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
បុរសជាឪពុក លោក Tan បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារ សារព័ត៌មានអោយដឹងថា ៖ រូបលោក បានប្រញាប់ ធ្វើដំណើរទៅកាន់ទីក្រុង សៀងហៃ ប្រទេសចិន ក្រោយពីទទួល បាន ទូរស័ព្ទពីភរិយា ថា អាចនឹងមានរឿងគ្រោះអកុសល កើតលើកូនស្រីរបស់ខ្លួន ។ ទាំងពីរនាក់ម្តាយកូន បាននាំគ្នា ទៅលេង ក្រុងសៀងហៃ សម្រាប់ថ្ងៃសម្រាកលំហែរ ។
ប្រសើរបន្តិច ខណៈមិនមានឈ្មោះ កូនស្រីខ្លួន នៅក្នុងបញ្ជីអ្នករងគ្រោះ ក៏ ប៉ុន្តែ ភ្លាមៗ នៅតែមិនអាច ទាក់ទងកូនស្រី បាននៅឡើយទេ ថាតើ នាងនៅទីណាអោយពិតប្រាកដ ដូច្នេះ ពីរនាក់ ប្រពន្ធប្តី ក៏បាន សម្រេចចិត្ត ដើររកនាង ពីមន្ទីរពេទ្យមួយ ទៅមន្ទីរពេទ្យមួយ ចុងបញ្ជាប់ បានរកឃើញ វត្តមានកូនស្រី របស់ខ្លួន នៅក្នុងបន្ទប់បង្កក រក្សាទុកសាកសពបាត់ទៅហើយ ពោល នាងបានស្លាប់បាត់ទៅហើយ និង រក្សាទុកនៅក្នុង កញ្ជប់ទុកសាកសព ។ គួររំឮកថា នាង Tan Wei គឺជានិស្សិតមួយរូប ពុំទាន់បានបញ្ចប់ ការសិក្សារបស់ខ្លួននៅឡើយទេ នាសកលវិទ្យាល័យ Hangzhou ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន