ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីក្រុមអ្នកអង្កេតការណ៍ អោយដឹងថា ក្រុម ឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS បានសម្លាប់ក្រុមបុរស ២០ នាក់ នៅឯ រោងភាពយន្តបុរាណ ដែលទីនោះផ្ទាល់ត្រូវ បានចាត់ចូលជាបេតិកភណ្ឌពិភពលោក ដែលមានវត្តមាននៅទីក្រុង បុរាណ Palmyra ភាគកណ្តាល ប្រទេសស៊ីរី ។
អង្គការសិទ្ធិមនុស្ស Syrian Observatory for Human Rights បាន និយាយថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានចូលកាន់កាប់កន្លែងដែលមានអាយុ ២ ពាន់ឆ្នាំ ហើយ ដែលអង្គការ UNESCO ចាត់ទុកជាកន្លែងកេរ្ត៍ដំណែលពិភពលោកកាលពីល្ងាចថ្ងៃពុធកន្លងទៅនេះ ខណៈ សេចក្តីរាយការណ៍ បាន លើកឡើងអោយដឹងថា បន្ទាប់ពីចូលគ្រប់គ្រង ក៏ដូចជា កាន់កាប់ បាន ក្រុម ISIS បានបាញ់សម្លាប់ ក្រុមបុរសមួយចំនួន ដោយបង្ខំអោយប្រជាជន នៅក្នុងទីក្រុងបុរាណមួយនេះ មើលទាំងបង្ខំចិត្ត ។
របាយការណ៍ បញ្ជាក់អោយដឹងថា មនុស្ស ប្រមាណ ២៤០ នាក់ ភាគ ច្រើនជាង កងទ័ព ត្រូវបាន សម្លាប់ចោល ដោយស្នាដៃ ក្រុម ISIS ចាប់ ពី ក្រុមឧទ្ទាមសាហាវមួយនេះ ដណ្តើមគ្រប់គ្រងទីក្រុង បាន កាលពីសប្តាហ៍មុន ។ មានការ ព្រួយបារម្ភជាខ្លាំង ថាក្រុម ISIS អាចនឹងបំផ្លាញចោល សម្បត្តិ បេតិកភណ្ឌពិភពលោក នៅក្នុង ទីក្រុង បុរាណមួយនេះ ដែលមាន អាយុកាល ២ ពាន់ឆ្នាំ ពីសម័យ Roman ។
គួររំឮកថា ក្រុមឧទ្ទាម ISIS ធ្លាប់បំផ្លាញរួចទៅហើយ បណ្តា ទី តាំងបុរាណ នៅក្នុងប្រទេស អ៊ីរ៉ាក់ តួ យ៉ាង ការបំផ្លាញចុងក្រោយបំផុតរបស់ពួកគេ គឺធ្វើឡើងនៅក្នុងទីក្រុងបុរាណ Nimrud ជាទីក្រុងមួយ នៅក្នុងប្រទេស អ៊ីរ៉ាក់ ដែលសំបូរទៅដោយរតនសម្បត្តិពីសម័យបុរាណច្រើនជាងគេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី