ភ្នំពេញ៖ ក្រោយពេលផ្អាកដំណើរការ សាងសង់អស់រយៈពេល ជាច្រើនឆ្នាំ Gold Tower 42 (អគារ ៤២ជាន់) នឹងចាប់ផ្តើមពន្លក សាងសង់បន្តឡើងវិញ នៅក្នុងខែមិថុនា ឆ្នាំ២០១៥ខាងមុខ ខណៈដែលសំណង់អគារប៊ូយុង ដែលគេដឹងថា បានចាយទុនវិនិយោគជាង ១ពាន់លានដុល្លារនោះ នឹងចាប់ផ្តើមសាងសង់ នៅអំឡុងខែមិនា ឆ្នាំ២០១៥។
នៅក្នុងកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយឯកសារគតិយុត្តិពាក់ព័ន្ធវិស័យសំណង់ និងការគ្រប់គ្រងសុវត្ថិភាពសំណង់ នៅរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ នាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោក ទិត្យ ខេមរា ប្រធាននាយកដ្ឋានសំណង់ បានមានប្រសាសន៍ថា កន្លងមកអគ្គនាយកដ្ឋានសំណង់ បានកោះហៅខាងភាគីម្ចាស់អគារ ៤២ជាន់ ដែលមានទីតាំងនៅក្បែរនឹងស្តុបបូកគោ ក្នុងខណ្ឌចំការមន មកធ្វើការសាកសួរពីដំណើរការសាងសង់បន្តរបស់អគារនេះ ហើយខាងភាគីខាងនោះ បានសន្យាថា នឹងចាប់ផ្តើមសង់ឡើងវិញ នៅក្នុងខែមិថុនា។
លោកថា “គាត់បានសន្យានៅចំពោះមុខអគ្គនាយកដ្ឋានសំណង់ថា នឹងចាប់ផ្តើមនៅខែ៦ ខែមិថុនាហ្នឹង ដូច្នេះសូមឲ្យប្រធានភូមិបាលធ្វើតាមដាន និងធ្វើរបាយការណ៍មកមន្ទីរ និងក្រសួងផង (ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) ត្រូវសួរថា តើគាត់ចាប់ផ្តើមសាងសង់នៅខែមិថុនាហ្នឹង ហើយបញ្ចប់ការសាងសង់នៅពេលណា?”។
ដោយឡែកសំណង់អគារប៊ូយុង ដែលមានទីតាំងនៅជិតស្ពានអាកាស ៧មករា ក្នុងខណ្ឌសែនសុខឯណោះវិញ ត្រូវបានលោក ទិត្យ ខេមរា បានបញ្ជាក់ថា ខាងភាគីសំណង់អគារប៊ូយុង បានឲ្យដឹងថា មុននឹងសាងសង់អគារ ក្រុមហ៊ុនមានកម្មវិធីកាយដីក្នុងបរិវេណសំណង់ចំនួន ៣ដំណាក់កាល ដែលសព្វថ្ងៃនេះ ជាដំណាក់កាលទី៣ហើយ ហើយនៅក្នុងខែមិនានេះ គាត់ចាប់ផ្តើមសាងសង់អគារចំនួន ៧អគារ អគារស្នាក់នៅរួម ដែលអគារនេះ សង់ចុះទៅក្រោមដីចំនួន ៤ជាន់ និងឡើងទៅលើចំនួន ១៨ជាន់។ “សូមឲ្យខាងភូមិបាលខណ្ឌសែនសុខ ធ្វើការសាកសួរគាត់ ថានឹងចាប់ផ្តើមនៅថ្ងៃណា ព្រោះគាត់បានសន្យាថា នឹងបញ្ចប់ការសាងសង់អគារទាំង៧នេះ នៅមុនការបោះឆ្នោតសកល ឆ្នាំ២០១៨”។
សូមបញ្ជាក់ថា អគារ Gold Tower 42 ចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០០៨ ដែលមានម្ចាស់ជាជនជាតិកូរ៉េខាងត្បូង។ ចំណែកសំណង់អគារប៊ូយុង បានចាប់ផ្តើមសម្ពោធឲ្យសាងសង់នៅក្នុងឆ្នាំ២០១៣ ហើយក៏មានម្ចាស់ជាជនជាតិកូរ៉េខាងត្បូងដូចគ្នាដែរ ដោយអ្នកវិនិយោគកូរ៉េនោះ បានបោះទុនចំនួនជាង ១ពាន់លានដុល្លារ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល