CamNews

យល់ដឹង 

មានជនខិលខូច​បន្លំ​ឈ្មោះ​ Facebook ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត

ភ្នំពេញ៖ សហភាពសព័ន្ធយុវជនកម្ពុជា បានបញ្ចេញ ប្រតិកម្មចំពោះ ជនខិលខូចមួយចំនួន ដែលបានបន្លំ ប្រើប្រាស់ឈ្មោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook ដើម្បីផលប្រយោជន៍ របស់ខ្លួន។

សេចក្តីជូនដំណឹង របស់សហភាពសហព័ន្ធ យុវជនកម្ពុជា ដែល LookingTODAY ទទួលបាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា ទន្ទឹមនឹងការសាទរពីគ្រប់មជ្ឈដ្ឋាននូវភាពជោគជ័យជាបន្តបន្ទាប់នៃព្រឹត្តិការណ៍ អង្គរសង្ក្រាន្តរួចមក មាននូវជនមួយក្រុមតូច បាន និងកំពុងឆ្លៀតឱកាស ក្នុងគោលបំណងកេងចំណេញនូវប្រជាប្រិយភាពពីព្រឹត្តិការណ៍អង្គរសង្រាន្ត តាមគ្រប់រូបភាព ដែលក្នុងនោះ ក៏រួមមានផងដែរ នូវការប្រើប្រាស់បណ្តាញសង្គម Facebook ដែលមានលក្ខណៈប្រហាក់ប្រហែល ដើម្បីបំភ័ន្តមតិជាតិ និងអន្តរជាតិស្តីពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

លិខិតដដែលបញ្ជាក់ថា «ដើម្បីជៀសវាងនូវការភ័ន្តច្រឡំណាមួយជាយថាហេតុ សហភាពសហព័ន្ធយុវជនកម្ពុជា សូមធ្វើការបញ្ជាក់ថា បណ្តាញសង្គម Facebook ផ្លូវការរបស់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មានតែមួយគត់ និងមានអាសយដ្ឋានដូចខាងក្រោម៖

https://www.facebook.com/AngkorSankranta ឬ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត - Angkor Sankranta។ សហភាពសហព័ន្ធយុវជនកម្ពុជា សូមលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់ មេត្តាជួយសហការ និងផ្តល់ព័ត៌មានឲ្យបានទាន់ពេលវេលានូវភាពមិនប្រក្រតីណាមួយ ដែលនាំអោយប៉ះពាល់ដល់កិត្តិនាមព្រឹត្តិ-ការណ៍នេះដោយក្តីអនុគ្រោះ»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មី នឹងត្រូវរៀបចំឡើយនៅថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០១៥ជាមួយនឹងវិសាលភាពកាន់តែធំ និងកម្មវិធីពិសេសៗ ថ្មីៗមួយចំនួន ដែលមិនធ្លាប់មានពីមុន អង្គរសង្រ្កាន្ត ២០១៥ រំពឹងថា ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិប្រមាណជាង ៥០ ម៉ឺននាក់ នឹងមកចូលរួមទស្សនាព្រឹត្តិការណ៍នៅឆ្នាំនេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh