ព័ត៌មានអន្តរជាតិ ៖ តុលាការកំពូល របស់ ប្រទេសចិន មកពីតំបន់ Xinjiang បានសម្រេចធ្វើការកាត់ ទោសប្រហារជីវិត ជនដៃដល់ ១២ នាក់ ក្រោយពីមានករណីវាយប្រហារ សម្លាប់មនុស្ស ជិត ១០០ នាក់ កាលពីអំឡុងខែ កក្កដា កន្លងទៅ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយពីគេហទំព័រសារ ព័ត៌មានបរទេស ប៊ីប៊ីស៊ី ។
គួរបញ្ជាក់ថា ក្រុមមនុស្ស ដែលជាពលរដ្ឋស្លូតត្រង់ រាប់ សិបនាក់ បាន ស្លាប់ បាត់បង់ជីវិត ខណៈមាន ការវាយប្រហារដោយក្រុមជនដៃដល់ មានគ្នាលើសពី ៥០ នាក់ ដៃប្រដាប់ដោយកាំបិទគ្រប់ដៃ ធ្វើការ វាយប្រហារទៅលើ ស្ថានីយ៍ប៉ូលីស និង ការិយាល័យរដ្ឋាភិបាល ។ សេចក្តី រាយការណ៍ បញ្ជាក់ អោយ ដឹងថា អំឡុងឆ្នាំនេះ គេឃើញមានការវាយប្រហារជាច្រើនលើក ច្រើនសា និង ជា ញឹកញាប់ នៅទូទាំង ប្រទេសចិន ខណៈមានការថ្កោលទោស ថាជាការវាយប្រហារ របស់ក្រុម បំបែកខ្លួន Uighur ដោយនៅ ក្នុងនោះ ចំណាត់ការរដ្ឋាភិបាលប្រទេសចិន បានចេញយុទ្ធនាការ ប្រឆាំងអំពើភារវកម្ម ដោយបានចាប់ ឃាត់ខ្លួនបាន នូវបេក្ខភាព ភារវករ ជាបន្តបន្ទាប់ និង ធ្វើការកាត់ទោស ដាក់គុក មួយ ជីវិត ក៏ដូចជា ប្រ ហារជីវិតជាដើម ។ កាសែត Tianshan News បានគូសបញ្ជាក់អោយដឹងថា មនុស្ស ១២ នាក់ ត្រូវបាន អាជ្ញាធរ សម្រេចកាត់ទោស ប្រហារជីវិត ចំពោះសកម្មភាព វាយប្រហារ របស់ ពួកគេ កាលពីកន្លងទៅ នៅឯ Yarkant ឬ Shache រយៈពេល ២ ខែកន្លងទៅនេះ ។
បន្ថែមពីលើនេះ ក្រៅពីមានការកាត់ទោស ប្រហារជីវិតមនុស្ស ១២ នាក់ ក្នុងនោះ ជន ដៃដល់ ១៥ នាក់ ផ្សេងទៀត ត្រូវបានកាត់ទោស ព្យួរទម្ងន់ទោស នៃការប្រហារជីវិត ខណៈ ៩ នាក់ទៀត ជាប់គុកមួយជី វិត និង ២០ នាក់ផ្សេងៗទៀត កាត់ទោស ជាប់គុក ចន្លោះពី ៤ ទៅ ២០ ឆ្នាំ ។ របាយការណ៍ គូសបញ្ជាក់ អោយដឹងថា ពួកគេត្រូវបានកាត់ទោស ពីបទ "ដឹកនាំ និងរៀបចំ បទឧក្រិដ្ឋ ភារវកម្ម មនុស្សឃាត ការ ផលិតឡើងនូវគ្រឿងបំផ្ទុះខុសច្បាប់ ដុត ចាប់ជម្រិត ក៏ដូចជា បំផ្លាញសុវត្ថិភាព សាធារណៈជាដើម" ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី