CamNews

ជីវិតរស់នៅ 

ទារិកាទី១​កើត​ចេញពី​បច្ចេកទេស​ បង្ក​កំណើត​ក្នុង​កែវ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ សម្រាល​ពី​ផ្ទៃម្តាយ

ព្រះសីហនុ៖ ឡាបូបង្កកំណើតក្នុងកែវដំបូងគេនៅកម្ពុជា ដែលបានទទួលការគាំទ្រ និងជឿជាក់ពីសំណាក់ ប្រជាជនក្នុងស្រុក និងភ្ញៀវបរទេស សម្រាប់អ្នកលំបាកមានកូនបានទទួលលទ្ធផលហើយ។ គូស្វាមីភរិយាដំបូងគេ១គូ បានបង្ហាញនូវអារម្មណ៍ រំភើបឥតឧប្បមា នៅពេលដែលពួកគាត់មានកូនដូចបំណង តាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយនៅកម្ពុជា គឺការបង្កកំណើតកូនក្នុងកែវ ពួកគាត់ទើបសម្រាលបានកូនស្រីគួរឲ្យស្រឡាញ់ម្នាក់ ដោយជោគជ័យ កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៥។ គូស្វាមីភរិយា ដែលទើបទទួលកូនលើកដំបូងតាមរយៈបច្ចេកវិទ្យា បង្កកំណើតក្រៅស្បូននោះ គឺ លោក ញ៉ុក ម៉េត អាយុ៤៦ឆ្នាំ ជាមន្រ្តីនៃមន្ទីរសុខាភិបាល ខេត្តកំពង់សោម ផ្នែកជំងឺឆ្លងដែលមានភរិយាឈ្មោះ បេង ចាន់រី អាយុ៣៣ឆ្នាំរស់នៅ ក្រុម៣ ភូមិព្រះសីហនុ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយទារិការជាទីស្រលាញ់នោះឈ្មោះថា ង៉ែត មាសមុន្នីរ័ត្ន មានឈ្មោះហៅក្រៅថា Natalie ដែលទើបនឹងកើតជាង១សប្តាហ៍ ប្រកបដោយសុខភាពល្អ។

ជាមួយនឹងទឹកមុខរីករាយ អ្នកស្រី បេង ចាន់រី ដែលទើបទទួលបានកូនបានរំលឹកថា គាត់បានរៀបការ៦ឆ្នាំហើយតែអត់មានកូន ទោះជាព្យាយាមគ្រប់មធ្យោបាយក៏ដោយ ហើយគាត់ធ្លាប់ទៅប្រទេសវៀតណាម ចំនួន៥ដង និងស្វែងរកការព្យាបាល ក្នុងស្រុកដោយចំណាយលុយអស់ជាច្រើន តែមិនបានជោគជ័យ។ ប៉ុន្តែនៅចុងឆ្នាំ២០១៤ គាត់និងស្វាមីបានមកពិនិត្យ និងប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសខាងលំបាកមានកូន នៅមន្ទីរសម្រាកព្យាបាលកម្ពុជា ហើយសំរេចចិត្តទទួលយកជម្រើសការបង្កកំណើតក្នុងកែវ នៅខែកញ្ញា ឆ្នាំ២០១៤។ ទីបំផុតតាមរយៈបច្ចេកវិទ្យាទំនើប តែមួយគត់នៅកម្ពុជា ឥឡូនេះពួកគាត់ទទួលបានកូនស្រី គួរជាទីស្រឡាញ់ និងមានសុខភាពល្អ។

អ្នកស្រីបញ្ជាក់ទៀតថា «ខ្ញុំពិតជាមានសេចក្តីរីករាយឥតឧប្បមា និងគ្មានអ្វីប្រៀបផ្ទឹមបាឡើយ នៅពេលដែលទទួលកូនដូចបំណង ហើយសម្រាលប្រកបដោយជោគជ័យបែបនេះ។ រូបគេ (កូនទើបនឹងកើត) ជាក្តីសង្ឃឹម ដែលជាក្តីស្រមៃរបស់ពួកខ្ញុំអស់ជាច្រើនឆ្នាំមកហើយ »។ គួររំលឹកដែរថា ទារកដំបូងគេរបស់ពិភពលោក ដែលកើតចេញពីការបង្ករកំណើតក្នុងកែវ ឈ្មោះ Louise Brown កើតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ១៩៧៨ នៅប្រទេសអង់គ្លេស។

ដោយឡែកលោក ញ៉ុក ម៉េត ដែលជាឳពុកក៏មានអារម្មណ៍មិនខុសពីភរិយារបស់ខ្លួនប៉ុន្មានឡើយ ដោយលោកថ្លែងថា «ខ្ញុំពិតជាមានចិត្តសប្បាយរីករាយមែនទែននៅពេលប្រទេសកម្ពុជាយើងមានបច្ចេកទេសបង្កកំណើតក្នុងកែវដំបូងគេនេះ ដែលស្មើនឹងប្រទេសគេជឿនលឿននៅប៉ែកអ៊ឺរ៉ុប ហើយពិសេសនោះ គឺជោគជ័យនៅលើគ្រួសាររបស់ខ្ញុំតែម្តង ដែលកូនស្រីខ្ញុំជាកូនដំបូងគេបង្អស់របស់កម្ពុជា »។

មន្ត្រីរបស់មន្ទីរសុខាភិបាលរូបនេះបានបន្តទៀតថា «តម្លៃនៃការព្យាបាលនៅមន្ទីរសម្រាកព្យាបាលកម្ពុជាមិនត្រឹមតែមានតម្លៃសមរម្យជាងបរទេសប៉ុណ្ណោះទេ គឺចំណេញទាំងពេលវេលា និងមានភាពងាយស្រួលទៀតផង ដោយយើងមិនចាំបាច់ចេញទៅបរទេស នាំតែហត់ទេ គឺកម្ពុជាមានបច្ចេកវិទ្យាដូចបរទេសអីចឹង។ បើគូភរិយាស្វាមី ដែលមានលទ្ធភាពហើយចង់បានកូនដូចបំណងនោះ គួរអញ្ជើញទៅពិគ្រោះនៅមន្ទីរសម្រាកកម្ពុជា ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យយ៉ាងជាក់លាក់ និងទទួលបានជម្រើសនៃការព្យាបាលត្រឹមត្រូវ ហើយចំពោះខ្ញុំ ខ្ញុំជឿជាក់លើបច្ចេកវិទ្យានេះ ហើយកូនស្រីទើបកើតនេះពិតជាកូនរបស់ខ្ញុំពិតប្រាកដ»។

ស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅ មន្ទីរសម្រាកព្យាបាលកម្ពុជា លោក ហោ សំណាង ដែលបានអញ្ជើញទៅសាកសួរសុខទុក្ខគូស្វាមីដំបូងគេដែលទើបសម្រាល និងទទួលបានកូនដូចបំណងនោះ បានមានប្រសាសន៍ថា រូបលោក ក៏ដូចជាលោកស្រីវេជ្ជបណ្ឌិត សុខ ទៀង និងបុគ្គលិកបម្រើការងារក្នុងមន្ទីរសម្រាកព្យាបាលកម្ពុជា មានក្តីរំភើបសប្បាយរីករាយនៅពេលដែលឃើញគូស្វាមីភរិយាដំបូងគេ ដែលសម្រាលបានកូនដ៏ស្រស់ស្អាត មានសុខភាពល្អ និងពិសេសនោះឃើញស្នាមញញឹមរបស់គូស្វាមីភរិយាទាំង២ និងក្រុមគ្រួសារ។ ហើយលោកបានបន្តឱ្យដឹងថា ចាប់ពីពេលនេះទៅ ទារកដែលកើតពីបច្ចេកវិទ្យាបង្កកំណើតក្នុងកែវ និងប្រសូត្រជាបន្តបន្ទាប់ នេះជាក្តីរីករាយសម្រាប់គ្រួសារដែលបានជួបបញ្ហាលំបាកមានកូន និងសង្គមកម្ពុជាទាំងមូល៕

លោក ហោ សំណាង បានឱ្យដឹងថាបច្ចេកវិទ្យា បង្កកំណើតក្នុងកែវ ឬបង្កកំណើតក្រៅស្បូននេះគឺ សម្រាប់ជួយអ្នកដែលជួបការលំបាកធ្ងន់ធ្ងរមិនអាចមានបុត្រតាមធម្មជាតិ ដូចជាស្ត្រីអត់ដៃស្បូនទាំងសងខាង ដៃស្បូនទាំងសងខាងស្ទះ បុរសមានមេជីវិតខ្សោយខ្លាំង។
ទាក់ទងនឹង បច្ចេកទេស និងការព្យាបាលនោះ លោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង និងលោកបណ្ឌិត Neil R. Stoddard បានឱ្យដឹងថា អ្នកដែលជួបការលំបាកធ្ងន់ធ្ងរ មិនអាចមានកូនតាមធម្មជាតិ តម្រូវឱ្យបូមពងញី ចេញមកក្រៅយកទៅ បង្កាត់ជាមួយមេជីវិតរបស់ប្តី បានជាកោសិកាកូន ទើបយកទៅដាក់ក្នុងស្បូនម្តាយវិញ។

ចំណែកអ្នកមិនមានកូនតែការលំបាកតិចតួច ឬស្រាលដូចជា មេជីវិតឈ្មោលខ្សោយ មធ្យម គេគ្រាន់តែរែងមេជីវិតរួចបាញ់បញ្ចូលក្នុងស្បូន គឺអាចមានកូនតាមធម្មជាតិ រីឯស្ត្រីខ្លះរដូវមិនទៀង ឬមានកើតរោគស្ត្រីមួយចំនួន គ្រាន់តែព្យាបាលឱ្យរដូវទៀងវិញ នឹងអាចមានលទ្ធភាពមានកូនតាមលក្ខណៈធម្មជាតិហើយ។ ជម្រើសនៃការព្យាបាល គឺអាស្រ័យតាមមូលហេតុ នៃការលំបាក។ តាមលក្ខណៈបច្ចេកទេស គឺត្រូវរកមូលហេតុឱ្យ បានច្បាស់មុននឹងកំណត់ជម្រើសព្យាបាល។ សូមគូសបញ្ជាក់ថាការលំបាកមានកូនគ្រប់ កម្រិតទាំងអស់គឺមានដំណោះស្រាយហើយនៅពេលនេះ។
មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាប់របងខាងជើងសាលាបឋមសិក្សាដូនពេញ) មានអ្នកវជំនាញកម្ពុជាដែលបញ្ចប់ការសិក្សាពីបរទេស និងអ្នកឯកទេសបង្កកំណើតជាបរទេស។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh