ព័ត៌មានកីឡា៖ ក្រោយពីទើបតែទទួលបានជ័យជំនះ ប៉ុន្មានប្រកួតចុងក្រោយជាប់ៗគ្នាមក Man United បានប្រែប្រួលទឹកមុខយ៉ាងស្រស់ថ្លាត្រៀមខ្លួនចូលទីលានប្រយុទ្ធ ប៉ះជាមួយនឹងម្ចាស់តារាង Premier League គឺក្រុម Chelsea ដែលកំពុងតែឡើងកូត ពុំទាន់មានក្រុមណា អាចបង្ក្រាបបាននៅទ្បើយ។
Chelsea នឹងរង់ចាំបើកទ្វារទទួលស្វាគមន៍យ៉ាងរីករាយសម្រាប់ការចូលមកកាន់ របស់ក្រុមភ្ញៀវ Man United នាចុងសប្ដាហ៍នេះ ខណៈដែលក្រុមទាំងពីរ ពីមុនមកធ្លាប់មានប្រវត្ដិតាមផ្ចាញ់គ្នាមិនចប់មិនចេះហើយ រហូតថ្ងៃជួបគ្នាលើកក្រោយ ក្រុមទាំងពីរទទួលបានលទ្ធផលស្មើរ គឺ ១-១ ក្នុងទឹកដី Old Trafford កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៤ ក្នុងព្រឹត្ដិការណ៍រដូវកាលប្រកួត Premier League ។
ងាកមកមើលការជួបគ្នាម្ដងនេះវិញ ថាតើនឹងមានរឿងអ្វីកើតឡើង រវាងក្រុមទាំងពីរ ខណៈមានការប្រែប្រួលដោយ Chelsea ត្រូវផ្លាស់ប្ដូរខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុម ឈ្មោះថា Deigo Costa ដែលជាកីឡាករមួយរូបអាចរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងក្រុម នារដូវកាលនេះ ហើយត្រូវជំនួសមកវិញនូវ កីឡាករវ័យចំណាស់គឺ Didier Drogba វិញ។ ថ្វីត្បិតតែ Deigo Costa ត្រូវក្រុមផ្អាកការចូលប្រកួតមួយរយៈព្រោះមិនទាន់ជាសះស្បើយ ពីរបួស ក៏ពិតមែន ប៉ុន្ដែក្រុមនៅបន្ដមានកីឡាករវ័យក្មេងខ្លាំងម្នាក់ទៀត គឺ Eden Hazard ដែលមានសមត្ថភាព អាចស្វែងរកពិន្ទុបានស្មើទៅនឹង Wayne Rooney ក្នុងរដូវកាលនេះ មានចំនួនដល់ទៅ១២ គ្រាប់។ តែទោះបីជាយ៉ាងណាក៏ដោយ បាត់បង់ Deigo Costa ម្នាក់ Chelsea នៅតែស្ថិតក្នុងភាពគម្រាមកំហែងដដែល បើសម្លឹងមើលទៅ Man United នៅពេលនេះ ទម្រង់លេងមានការប្រែប្រួលច្រើន តួយ៉ាងក្រុមទើបតែ បំបាក់ Man City ថ្មីៗនេះយ៉ាងអាម៉ាសនៅលើទឹកដីរបស់ ខ្លួន ត្រឹមពិន្ទុ ៤-២ ដូច្នេះវាជារឿងមួយខុសស្រឡះបើប្រៀបធៀបគ្នាកាលពីដើមរដូវកាល ។ ដូច្នេះវាមិនមែនជារឿងមួយងាយស្រួលសម្រាប់ Chelsea ទេម្ដងនេះ ដើម្បីផ្ដួលក្រុមភ្ញៀវម្នាក់នេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ eplindex